ទីក្រុងវ៉ាស៊ីនតោន៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍យូណាយធីត អ៊ែឡាញ (United Airlines) របស់អាមេរិកជើងហោះហើរលេខ៨០៣ដែលត្រូវធ្វើដំណើរពីអាកាសយានដ្ឋានដាលេស (Dulles) នៃទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅប្រទេសជប៉ុនត្រូវបត់ក្បាលត្រឡប់ថយក្រោយជាបន្ទាន់ដោយសារម៉ាស៊ីនមួយចំហៀងលែងដំណើរការ និងបែកផ្កាភ្លើងបណ្ដាលឱ្យឆេះគុម្ពោតព្រៃនៅព្រលានយន្តហោះ។ នៅពេលនោះ យន្តហោះរត់នៅលើផ្លូវរៀបនឹងហោះចេញនៅម៉ោង១២:៣៥ថ្ងៃត្រង់។

នៅពេលបត់ក្បាលត្រឡប់ទៅវិញ យន្តហោះបានទម្លាក់សាំងអស់ជាច្រើនដើម្បីកុំឱ្យធ្ងន់ពេកនៅពេលចុះចត។ យន្តហោះបានចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង១:៣០រសៀល។ នៅក្នុងចំណោមអ្នកដំណើរ២៧៥នាក់ និងបុគ្គលិករបស់ក្រុមហ៊ុន១៥នាក់គ្មាននរណាម្នាក់រងរបួសទេ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍យូណាយធីត អ៊ែឡាញ។

អ្នកនាំពាក្យអាកាសចរសហព័ន្ធថ្លែងថាយន្តហោះនោះមានបញ្ហាម៉ាស៊ីនមិនដំណើរការនៅពេលកំពុងហោះឡើងពីអាកាសយានដ្ឋាន។ ទីភ្នាក់ងាររបស់ខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះហើយ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាយន្តហោះបូអ៊ីង៧៧៧នោះមានបញ្ហាម៉ាស៊ីនទាំងសងខាងបានកាត់ផ្ដាច់ពីគ្នា ជាហេតុធ្វើឱ្យមានផ្កាភ្លើងនៅលើផ្លូវដែលយន្តហោះកំពុងរត់ដើម្បីហោះឡើង។

នៅអាកាសយានដ្ឋានដាលេស គេឃើញផ្សែងហុយចេញពីកន្លែងឆេះព្រៃគុម្ពោតនៅពេលយន្តហោះចុះចត និងហោះឡើងពីអាកាសយានដ្ឋាននោះ។ អ្នកដំណើរម្នាក់ដែលអង្គុយនៅក្នុងយន្តហោះមួយគ្រឿងទៀតបាននិយាយរៀបរាប់អំពីដំណើរហេតុនោះឡើងវិញ។ គាត់ប្រាប់ថាគាត់ស្ដាប់ឮសំឡេងអាកាសយានិកចុចកណ្ដឹង និងប្រកាសប្រាប់អ្នកដំណើរថាយើងត្រូវឈប់មួយកន្លែងសិនព្រោះមានឧបទ្ទវហេតុនៅលើផ្លូវយន្តហោះឡើង-ចុះ។

នៅពេលគាត់ក្រឡេកមើលតាមកញ្ចក់យន្តហោះទៅផ្លូវហោះហើរ គាត់ឃើញផ្សែងដែលរំលេចឲ្យឃើញច្បាស់តាមរយៈភ្លើងហ្វារបស់រថយន្តសង្គ្រោះបន្ទាន់។ គាត់ក៏ដកទូរស័ព្ទមកថតមួយប៉ុស្តិ៍ ពីរប៉ុស្តិ៍ រួចហើយបង្ហោះនៅលើបណ្ដាញអ៊ិចដោយដាក់ខេបសិន (caption) ថា «សូមកុំឱ្យជួបនឹងហេតុការណ៍ធ្លាក់យន្តហោះឱ្យសោះ»។ ក្រុមហ៊ុនអាកាសចរណ៍យូណាយធីត អ៊ែឡាញប្រកាសថាខ្លួនសូមអរគុណបុគ្គលិក និងក្រុមការងារនៅអាកាសយានដ្ឋានដាលេសដែលចាត់វិធានការទាន់ពេលវេលា។ នេះបើយោងតាមការផ្សាយរបស់ស៊ីអឹនអឹន និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ