រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ មេសា នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំពិធីបើកយុទ្ធនាការហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិឆ្នាំ២០១៤ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអូឡាំពិកយុវជន លើកទី២នៅទីក្រុងណានជីង ប្រទេសចិន ,ការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៧ នៅទីក្រុងអីុនឈន ប្រទេសកូរ៉េ ,ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៧ នៅប្រទេសឥណ្ឌូណេស៊ី និងដំណើរឈានឆ្ពោះទៅស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី៦ដល់១៧ មិថុនា ឆ្នាំ២០១៥ខាងមុខនេះ ។
ពិធីនោះបានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាព្រមទាំងប្រធាន-អនុប្រធាននាយកដ្ឋាន គ្រូបង្វឹក គ្រូជំនួយ អនុរក្ស និងកីឡាករ-កីឡាការិនីយ៉ាងច្រើនកុះករ ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឡើងអានរបាយការណ៍ថា ផ្អែកតាមស្មារតីអង្គប្រជុំ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតជាគោលការណ៍ឱ្យមានការប្រមូលផ្ដុំហ្វឹកហ្វឺនរយៈពេល៧ខែ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៤ លើប្រភេទកីឡាចំនួន២១ដែលមានគ្រូបង្វឹក គ្រូជំនួយ ៥៨នាក់ អនុរក្ស២២នាក់ កីឡាករ-កីឡាការិនី២៧១នាក់ សរុប៣៥១នាក់ ។ សម្រាប់ប្រភេទកីឡាទាំង២១ប្រភេទនោះរួមមាន ៖ កីឡាចំបាប់ ,វ៉ូវីណាម ,ប៉េតង់ ,តេក្វាន់ដូ (WTF & ITF) ,សូរីនហ្សិកាំប៉ូ ,យូដូ ,ប្រដាល់ ,វាយកូនគោល ,វ៉ូស៊ូ ,បាល់ទះ (ឆ្នេរខ្សាច់ និងក្នុងសាល) ,អត្ដពលកម្ម ,កាយសម្ព័ន្ធ ,ហែលទឹក ,បាល់បោះ ,វាយកូនឃ្លីលើតុ ,វាយសី ,ប្រណាំងទោចក្រយាន ,សីប៉ាក់តាក្រ ,ទ្រីយ៉ាត្លុង ,គុនដាវ និងប្រណាំងទូកប្រពៃណី ។
លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ខាងលើ ធ្វើឱ្យយើងសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ការងារគ្រប់គ្រង ការងារដឹកនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាន់តែមានការវិវត្ដរីកចម្រើនតាមគោលការណ៍អភិបាលកិច្ចល្អ ដោយមានការចូលរួមពីមជ្ឈដ្ឋានពាក់ព័ន្ធ មានតម្លាភាព មានគណនេយ្យភាព មានភាពទន់ភ្លន់ក្នុងការដឹកនាំ និងមានកិច្ចសហប្រតិបត្ដិការបានល្អប្រសើរ ។ លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ដើម្បីធ្វើឱ្យការហាត់ហ្វឹកហ្វឺនរបស់យើងប្រព្រឹត្ដទៅប្រកបដោយភាពរលូនថែមទៀតនោះ លោកមានសារមួយចំនួនដើម្បីឱ្យកីឡាករ-កីឡាការិនីយើងអនុវត្ដតាមគឺ មន្ដ្រីគ្រប់គ្រង មន្ដ្រីបច្ចេកទេសទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវមានស្មារតីទទួលខុសត្រូវ មានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ ។ ត្រូវយកចិត្ដទុកដាក់ដល់ការងារតាមមុខជំនាញរបស់ខ្លួន ដើម្បីដើរឱ្យទាន់ការរីកចម្រើនរបស់សាកលលោក ។
សូមបញ្ជាក់ថា សម្រាប់កីឡាករ-កីឡាការិនីដែលបានចូលរួមហាត់ហ្វឹកហ្វឺននេះម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ២៥០.០០០រៀលក្នុង១ខែ ,គ្រូបង្វឹកបាន ៣០០.០០០រៀលក្នុង១ខែ និងអនុរក្សបាន ១៥០.០០០រៀលក្នុង១ខែ ។ ក្រៅពីនោះ នឹងទទួលបានប្រាក់សម្រាប់អាហារូបត្ថម្ភម្នាក់២៣.០០០រៀលក្នុងមួយថ្ងៃផងដែរ ៕
ចែករំលែកព័តមាននេះ