បណ្ដាញព័ត៌មានបរទេសផ្សាយថា ប្រទេសអីុរ៉ង់បានប្រកាសកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានលុបចោលកិច្ចសន្យាគិតជាទឹកប្រាក់២,៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនប្រេងរបស់ប្រទេសចិនយីហោCNPCដោយលើការខកខានបំពេញតាមកិច្ចសន្យារបស់ខ្លួន ។ ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងខាងជំនួញនេះគឺចំពោះក្រុមហ៊ុនCNPCរបស់ចិនធ្វើការខួងអណ្ដូងប្រេងចំនួន១៨៥កន្លែងនៅតំបន់ប្រេងAzadegan ភាគខាងត្បូងដែលជាព្រំប្រទល់រវាងប្រទេសអីុរ៉ាក់ និងអីុរ៉ង់ ។
ដោយឡែកក្រសួងបានលើកឡើងថា តាមរយៈកិច្ចសន្យាដែលបានចុះហត្ថលេខានៅចុងឆ្នាំ២០០៩កន្លងមកនេះ ក្រុមហ៊ុនCNPC របស់ចិនអនុវត្តបានត្រឹមតែ៧អណ្ដូងប្រេងតែប៉ុណ្ណោះ ។ គួររំលឹកថាប្រទេសចិនបានក្លាយជាដៃគូសហប្រតិបត្តិការធំជាងគេនៅក្នុងទីផ្សារប្រេងអីុរ៉ង់ចាប់តាំងពីរដ្ឋាភិបាលលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋធានីតេហរ៉ង់របស់ប្រទេសអីុរ៉ង់ចំពោះវិវាទនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
នៅក្នុងកិច្ចសន្យានោះក្រុមហ៊ុនCNPCរបស់ចិនបានកំណត់គោលដៅផលិតប្រេង៦០០.០០០បារ៉ែលក្នុងមួយថ្ងៃ ។ ចំណែកកិច្ចព្រមព្រៀងទឹកប្រាក់១,៧៦ពានលានដុល្លារដែលបានចុះហត្ថលេខានៅខែមករា ឆ្នាំ២០០៩ វិញគឺកំពុងអភិវឌ្ឍនៅតំបន់ប្រេងភាគខាងជើងAzadegan មានទិសដៅផលិត៧៥.០០០បារ៉ែលក្នុងមួយថ្ងៃ ។ ទោះជាយ៉ាងណាក៏ដោយAzadegan គឺជាតំបន់ផលិតប្រេងធំមួយក្នុងចំណោមទីតាំងផលិតប្រេងធំបំផុតលើពិភពលោកដែលមានប្រេងបម្រុងទុកប្រមាណជា៤២ពាន់លានបារ៉ែល ៕
ចែករំលែកព័តមាននេះ