រាជធានីភ្នំពេញ ៖ ខណៈដែលការចេញដំណើរទៅកាន់ប្រទេសថៃរបស់កីឡាករវ័យក្មេងអាយុក្រោម១៨ឆ្នាំផ្នែកចំបាប់ និងវូ៉វីណាមកាន់តែកៀកទៅហើយនោះ ពួកគេបែរជាជួបប្រទះនូវសម្ពាធបាក់ទឹកចិត្តទៅវិញ បន្ទាប់ពីទទួលដំណឹងថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡានៅក្នុងប្រទេសសិង្ហបុរីបានកំណត់ជាផ្លូវការ១០០% ថា វិញ្ញាសាទាំងពីរនេះត្រូវលុបចេញពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ។
បន្ថែមពីលើអារម្មណ៍ស្រងាកចិត្តរបស់កីឡាករ និងសហព័ន្ធកីឡាចំបាប់ទាំងមូល យ៉ាចហោចមហាជនច្រើនជាងពាក់កណ្តាលបានបញ្ចេញការសោកស្តាយក្រោយពីមានការប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡានៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ មេសា ។ វិញ្ញាសាសំខាន់ពីរគឺវូ៉វីណាម និងចំបាប់ ដែលកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយច្រើនបំផុតក្នុងការប្រកួតស៊ីហ្គេមកាលពីឆ្នាំមុន ត្រូវបានគេអនុម័តធីបចោលហើយ ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់តាមសារអេឡិចត្រូនិកមកពីប្រទេសសិង្ហបុរីភ្លាមៗក្រោយកិច្ចប្រជុំថា សំណើទាមទារឱ្យមានការប្រកួតផ្នែកចំបាប់សម្រាប់ឆ្នាំ២០១៥ មិនអាចធ្វើទៅបានទេ ក្នុងពេលដែលកិច្ចប្រជុំដ៏ចម្រូងចម្រាសមួយនេះជជែកវែកញែកចុងក្រោយ ហើយកំណត់លទ្ធផលដដែលថា មិនឱ្យមាន ។
កាលពីមុនមានការបញ្ជាក់បែបនេះក្រៅផ្លូវការម្តងហើយ បុ៉ន្តែដោយមើលឃើញថា អ្វីៗស្ថិតនៅលើការឆ្លងកិច្ចប្រជុំទៀតសិន ទើបវិញ្ញាសាវូ៉វីណាម និងចំបាប់នៅតែមានសង្ឃឹមក្នុងពេលដែលវិញ្ញាសានេះទទួលបានការពេញនិយមខ្លាំងពីសំណាក់បណ្តាប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ី ។ លោកវ៉ាត់ ចំរើន បញ្ជាក់ថា ភាគីម្ចាស់ផ្ទះ គឺសិង្ហបុរីថ្លែងពីការពិបាកក្នុងការរៀបចំកីឡាទាំងពីរ ដោយអះអាងថា ពួកគេមិនសូវមានជំនាញ និងខ្វះបច្ចេកទេសដោយខ្លួនឯង។ យ៉ាងណាមិញ គេដឹងយ៉ាងច្បាស់ថា នោះមកពីប្រទេសសិង្ហបុរីដឹងថា វិញ្ញាសាទាំងពីរ កីឡាករ កីឡាការិនីរបស់គេមិនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាល់តែសោះនាពេលកន្លងមក បើនិយាយយ៉ាងខ្លី គឺដូចរៀបធ្វើម្ចាស់ផ្ទះឱ្យគេដណ្តើមយកមេដាយ ។ ប្រទេសម្ចាស់ផ្ទះបានដាក់ចេញវិញ្ញាសាថ្មីៗជាច្រើនជំនួសឱ្យការដកចោលនូវវិញ្ញាសាមួយចំនួនដែលធ្លាប់មានមុខនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ ក្រោយការប្រកាសបុ៉ន្មានម៉ោង គេឃើញកីឡាករ កីឡាការិនីផ្នែកចំបាប់ និងវូ៉វីណាមនៅក្នុងប្រទេសកម្ពុជា ពិសេសអ្នកដែលធ្លាប់ក្តោបក្តាប់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅមីយ៉ាន់ម៉ាតែម្តងសម្តែងអារម្មណ៍ខកចិត្ត ។
លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងប្រាប់ថា វាគឺជារឿងខកចិត្តខ្លាំងណាស់ដែលប្រភេទកីឡាដ៏មានឥទ្ធិពលរបស់កម្ពុជា ត្រូវគេលុបចោលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេមចុងក្រោយ កាលពីថ្ងៃទី២៩ មេសា ។ លោកបានបន្ទោសថា នោះជាសិទ្ធិដែលក្រុមម្ចាស់ផ្ទះមើលឃើញភាពកំសោយរបស់ខ្លួន ហើយបិទចោលនូវប្រភេទកីឡាដែលពួកគេមើលឃើញថា ប្រកួតប្រជែងទៅមិនរួចជាមួយប្រទេសផ្សេងទៀត ។ ទោះយ៉ាងណា នោះមិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងមកបណ្តាប្រទេសម្ចាស់ផ្ទះផ្សេងទៀត ក៏ប្រើយុទ្ធសាស្ត្របែបនេះដូចគ្នាផងដែរ ដោយគ្រាន់តែការលុបចោលវិញ្ញាសាមួយចំនួនសម្រាប់លើកនេះ គឺប៉ះចំវិញ្ញាសាដែលកម្ពុជាដណ្តើមបានមេដាយមាសជូនជាតិនោះតែប៉ុណ្ណោះ ។ កីឡាការិនី នី សំណាង ដែលជាតួអង្គសំខាន់ជាងគេបានសម្តែងការខកចិត្តទន្ទឹមនឹងការចេញដំណើររបស់នាងទៅប្រកួតនៅក្នុងប្រទេសថៃ នាថ្ងៃទី៧ ឧសភាខាងមុខ ដើម្បីទៅប្រកួតចំបាប់ដណ្តើមពានជើងឯកតំបន់អាស៊ី និងប្រកួតជម្រុះផ្នែកយុវជនអូឡាំពិកកាន់តែកៀកមកដល់ ។ នាងគឺជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៧ នៅមីយ៉ាន់ម៉ា ដែលអ្នកណាក៏សង្ឃឹមទុកថា នឹងអាចជំនួសតំណែង ចូវ សុធារ៉ា ដែលជាម្ចាស់មេដាយមាស២ជំនាន់នៅស៊ីហ្គេម ដែលទើបសម្រេចចិត្តចូលនិវត្តន៍ ។
លទ្ធផលចុងក្រោយនៃកិច្ចប្រជុំកាលពីថ្ងៃទី២៩ មេសានោះកំពុងធ្វើឱ្យនាងបាត់ឱកាសបង្ហាញភាពលេចធ្លោ ខណៈដែលនាងគឺជាជើងខ្លាំងផ្នែកចំបាប់វ័យក្មេងជាងគេតែម្នាក់គត់ដែលត្រូវគេមើលឃើញថា នឹងកាន់តែល្បីឈ្មោះថែមទៀត បើមានឈ្មោះឡើងប្រកួតចំបាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៥ ។ កាលស៊ីហ្គេមឆ្នាំ២០១៣ កម្ពុជាទទួលបានមេដាយ៨ ក្នុងនោះមេដាយមាស៦ បានពីវិញ្ញាសាចំបាប់ និងវូ៉វីណាម អុីចឹងហើយទើបមានការចោទសួរថា តើស៊ីហ្គេម២០១៥ កម្ពុជានឹងបានមេដាយស្មើដើមឬយ៉ាងណា បើវិញ្ញាសាដែលមានសក្តានុពល២ ត្រូវគេធីបចោលបែបនេះ ?
ចែករំលែកព័តមាននេះ