រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់វគ្គជម្រុះវិលជុំឈានទៅដណ្តើមខ្សែក្រវាត់ស្រាបៀរភ្នំពេញនៅលើសង្វៀនទូរទស្សន៍ CTN នាថ្ងៃព្រហស្បតិ៍ ទី១ ឧសភា កាន់តែខិតចូលដល់ទីបញ្ចប់ហើយ ។ កីឡាករអាន មុន្នី មកពីសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ នឹងជួបប្រកួតជាមួយកីឡាករខឹក សុខឃឿន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ខណៈកីឡាករហេង សត្រា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ជួបកីឡាករកែវ សុផានិត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ។
អាន មុន្នី ប្រកួតបាន៥លើករួចមកហើយ ក្នុងនោះឈ្នះ១ ចាញ់៤ និងនៅសល់តែ២ប្រកួតទៀតបុ៉ណ្ណោះនឹងបញ្ចប់អស់ហើយ ដូច្នេះគេមិនអាចគេចផុតពីធ្លាក់ក្នុងវគ្គជម្រុះនេះបានឡើយ ទោះបីគេឈ្នះលើកនេះក៏ដោយចុះ ។ ចំណែកឯ ខឹក សុខឃឿន វិញនោះ ក៏មានវាសនាមិនខុសពី អាន មុន្នី បុ៉ន្មានដែរ ព្រោះអីការប្រកួតទាំង៥លើករបស់គេនៅមិនទាន់ស្គាល់ឈ្នះម្តងណាឡើយ ដូច្នេះការជួបគ្នារវាងពួកគេទាំង២លើកនេះគឺធ្វើឡើងដើម្បីបង្គ្រប់កិច្ចបុ៉ណ្ណោះ ។ ដោយឡែក ការជួបគ្នារវាង ហេង សត្រា និងកែវ សុផានិត វិញនោះ គឺមិនដូចគ្នានោះឡើយ ។ ហេង សត្រា ប្រកួតបាន៥លើក ឈ្នះ៤ ចាញ់១ ដែលតាមរយៈលទ្ធផលនេះអាចនាំឱ្យរូបគេឡើងទៅកាន់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានហើយ ។ ចំណែក កែវ សុផានិត វិញនោះមើលទៅក៏ពិបាកសង្ឃឹមក្នុងការគេចឱ្យផុតពីធ្លាក់ក្នុងវគ្គនេះបានណាស់ ព្រោះតែការប្រកួតទាំង៥លើករបស់គេមកនេះឈ្នះ១ ចាញ់៤ ឯណោះ ដូច្នេះ២ប្រកួតចុងក្រោយ បើទោះជាឈ្នះក៏មិនអាចនាំឱ្យគេឡើងទៅកាន់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានដែរ ។ ម្យ៉ាងវិញទៀត ការមកប៉ះ ហេង សត្រា លើកនេះក៏មិនសូវជាមានសង្ឃឹមបុ៉ន្មានដែរព្រោះថា ទាំងកម្លាំងនិងល្បិចប្រកួតនៅលើសង្វៀនរបស់គេ គឺអន់ជាង ហេង សត្រា ឆ្ងាយណាស់ ។
រីឯគូប្រកួតជាលក្ខណៈមិត្តភាពវិញនោះមាន ផាវ ភឿត មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ជួបជាមួយសំអាង ឌុន មកពីក្លិបអេភូថងកីឡា ។ គឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបជាមួយ លាភ ហេង មកពីក្លិបពន្លឺណេអុង និងស៊ាន់ ស៊ីថា មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ជួបជាមួយ សុង កុង មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ