រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា បានដឹកនំាបើកកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ និងបេក្ខភាពជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា ។
យ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ថា តើកិច្ចប្រជុំដោយបិទទ្វារនេះ មេដឹកនំាទំាងពីរ នឹងលើកយករបៀបវារៈសំខាន់អ្វីខ្លះមកជជែកពិភាក្សាគ្នានោះទេ ? ប៉ុន្តែយុទ្ឋសាស្រ្តក្នុងការឃោសនា និង ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ និង បញ្ហាជំនួបកំពូលរវាងមេដឹកនំាគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ អាចជារបៀបវារៈដ៏សំខាន់មួយដែលក្រុមអ្នកវិភាគមើលឃើញថា លោក សម រង្ស៊ី និង លោក កឹម សុខា អាចនឹងយកមកពិភាក្សានិងយល់ព្រមឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ។
ដោយឡែក ប្រភពក៏បានបង្ហើបឲ្យដឹងដែរថា បន្ទាប់ពីកិច្ចប្រជុំខាងលើនេះចប់ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងជួបជាមួយលោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិ នៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិមនុស្សប្រចំាកម្ពុជា នៅល្ងាចថ្ងៃពុធនេះ ៕
ចែករំលែកព័តមាននេះ