Michal Kwiatkowski បានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីរូបគេបានយកឈ្នះដំណាក់បើកឆាកប្រណាំងកង់កម្មវិធី Tour de Romandie នៅទីក្រុង Ascona ប្រទេសស្វ៊ីសកាលពីថ្ងៃអង្គារ ទី២៩ មេសា ។ Kwiatkowski ជិះកង់ឱ្យក្រុម Omega Pharma បានបញ្ចប់ដំណាក់ដែលមានចម្ងាយផ្លូវ ៥,៥៧គីឡូម៉ែត្រជុំវិញទីក្រុង Ascona ដោយប្រើអស់ថិរវេលា៦នាទីនិង២៣វិនាទីនាំមុខកីឡាករអូស្ត្រាលី Rohan Dennis របស់ក្រុម Garmin Sharp និងកីឡាករអាល្លឺម៉ង់ Marcel Kittel ជិះឱ្យក្រុម Team Giant-Shimano ដែលទាំងពីរនាក់ប្រើថិរវេលាច្រើនជាង៤វិនាទីដូចគ្នា ។
ចំណែកកីឡាករអុីតាលី Giacomo Nizzolo ជិះឱ្យក្រុម Trek Factory Racing បញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤នាំ មុខកីឡាករជើងខ្លាំងរបស់អាល្លឺម៉ង់ Tony Martin ដែលបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លេខ៥។ដោយឡែក Christopher Froome ដែលជាកីឡាករការពារជើងឯកបានបញ្ចប់ការប្រណាំងក្នុងលំដាប់ទី១៣ បន្ទាប់ពីប្រើថិរវេលាច្រើនជាងកីឡាករ Kwiatkowski ដល់ទៅ៩វិនាទី ។
សម្រាប់កីឡាករវ័យក្មេង Kwiatkowski នេះជាលើកទី១ ហើយដែលរូបគេបានយកឈ្នះដំណាក់បើកឆាកព្រឹត្តិការណ៍ប្រណាំង Tour de Romandie ។ គេបានថ្លែងថា ៖ «ភ្ញាក់ផ្អើលខ្លាំងដែលបានឈ្នះការប្រណាំងលើកនេះ ។ ខ្ញុំមានសុខភាពពេញបរិបូរបន្ទាប់ពីការប្រណាំងក្នុងកម្មវិធី Ardennes Classics ។ ជ័យជម្នះលើកនេះពិតជាពិសេសខ្លាំងណាស់ ។ ខ្ញុំគិតថា ខ្ញុំស្គាល់ស្ថានភាពផ្លូវប្រណាំងក្នុងដំណាក់នេះច្បាស់»។
សូមបញ្ជាក់ថា Tour de Romandie ឆ្នាំ ២០១៤ នេះចែកចេញជា៦ដំណាក់លើចម្ងាយផ្លូវសរុប៧៤៧,៧៧គីឡូម៉ែត្រ ។ ដំណាក់ទី២ដែលជាដំណាក់បន្តចេញដំណើរពីទីក្រុង Ascona ឆ្ពោះទៅកាន់ទីក្រុង Sion លើចម្ងាយផ្លូវ២០៣គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ