រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតពូក២អគារធំៗសង់ជាប់គ្នា កម្ពស់៤ជាន់និង៥ជាន់ ដែលត្រូវគ្រោះមហន្តរាយដោយអគ្គិភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់កាលពីជាង១ខែមុននោះ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ផ្ទៃអគារទាំង២ដែលខ្លោចត្រូវបានក្រុមមន្ត្រីជំនាញ បានធ្វើការវាយកម្ទេចធ្លាក់មកក្រោមរាបស្មើដល់ដីហើយ នៅសេសសល់តែការដឹកជញ្ចូនកាកសំណល់កម្ទេចកម្ទីថ្ម និងដែកតែបន្តិចបន្តួចទៀតប៉ុណ្ណោះ ។

មន្ត្រីជំនាញទទួលការវាយកម្ទេចអគារខាងលើបានប្រាប់កោះសន្តិភាពឱ្យដឹងថា ផ្ទៃអគារទាំងមូលនេះបានវាយទម្លាក់ចុះមកដល់ដីតាំងពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ដោយប្រើគ្រឿងចក្រខួងធំៗ ។ ក្រោយការវាយកម្ទេចហើយនោះ កម្លាំងជំនាញនៅបន្តកាយនិងវាយកម្ទេចជើងសសរខាងក្រោមអគារ រួមទាំងធ្វើការកាយយកដែកចេញផងដែរ ។ មន្ត្រីដដែលបន្តថា បច្ចុប្បន្ននេះ ការងាររបស់ពួកគាត់បានបញ្ចប់១០០ភាគរយហើយ នៅឡើយតែការដឹកជញ្ចូនគ្រឿងចក្រឆេះសល់តែដែកចាកចេញប៉ុណ្ណោះ ខណៈគ្រឿងចក្រនិងឧបករណ៍សម្ភារមួយចំនួនធំបានបញ្ចូនចេញអស់ស្ទើរតែ១០០ភាគរយផងដែរ ។

មន្ត្រីដដែលបន្ថែមថា បើគិតដល់ថ្ងៃទី២៣ ខែតុលាដដែលនេះ មានរយៈពេល២ខែហើយ អំពីដំណើរការនៃការវាយកម្ទេច រហូតដល់ការវាយកម្ទេចត្រូវបានបញ្ចប់ និងការដឹកជញ្ចូនសម្ភារចាកចេញពីទីតាំងខាងលើនេះ ។ បើតាមការអះអាងពីក្រុមមន្ត្រីជំនាញ បញ្ជាក់ថា ចំពោះកាកសំណល់ថ្ម និងដែក នៃផ្ទៃអា
គារ ក៏ដូចជាទីតាំងដែលបានឆាបឆេះ ក្រោយការវាយកម្ទេចហើយនោះ គឺទុកជូនម្ចាស់ទីតាំងវិញ ជាអ្នកសម្រេចដឹកជញ្ចូនចេញដោយខ្លួនឯង ឬយកទៅប្រើប្រាស់ទៅលើអ្វីផ្សេងៗនោះ វាជាកម្មសិទ្ធិរបស់ពួកគាត់ដែលជាម្ចាស់ទីតាំង ដោយក្រុមជំនាញមានសិទ្ធិត្រឹមធ្វើការវាយកម្ទេចតែប៉ុណ្ណោះ កុំឱ្យអ្នករស់នៅជិតខាងភ័យខ្លាចរលំលើ ។ ប៉ុន្តែ បើតាមទិដ្ឋភាពជាក់ស្តែងដែលភ្នាក់ងារកោះសន្តិភាព បានចុះទៅផ្តិតយករូបភាពនៅវេលារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ឃើញថា កាកសំណល់ដែក និងថ្មជាច្រើន ត្រូវបានដឹកជញ្ចូនចេញពីទីតាំងខាងលើ ស្ទើរតែ១០០ភាគរយទៅហើយដែរ ខណៈនៅសល់តែផ្ទៃដីមើលទៅឃើញល្វឹងល្វើយប៉ុណ្ណោះ ។

គួររំលឹកថា ទីតាំងសិប្បកម្មផលិតពូកដ៏ធំខាងលើនេះ ស្ថិតក្នុងភូមិចំរើនផលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវបានគ្រោះមហន្តរាយអគ្គិភ័យដ៏កំណាចបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង១២ និង៤៥ថ្ងៃត្រង់ទី២៣ ខែសីហា ឆ្នាំ២០១៩ ។ នៅក្នុងការឆាបឆេះនេះ អស់រយៈពេលជាង២០ម៉ោង ដោយបានបំផ្លាញសិប្បកម្មខាងលើទាំងស្រុងដែលមានអគារធំៗចំនួន២ មួយខ្នងកម្ពស់៤ជាន់ និងមួយខ្នងទៀតកម្ពស់៦ជាន់ រួមទាំងទីតាំងសង្វាក់ផលិតកម្ម ដោយបានបំផ្លាញឧបករណ៍ និងម៉ាស៊ីនផលិតទាំងស្រុង រួមទាំងផលិតផលសម្រេចរួចអស់ជាច្រើនផងដែរ ដែលសរុបជាទឹកប្រាក់ គឺអស់ជិត៤លានដុល្លារអាមេរិក ។

ចំណែកអគារដែលឆេះខ្លោចតម្រូវឱ្យកម្ទេចចោល ព្រោះអាចរលំបាក់សង្កត់ផ្ទះជិតខាង ទើបអាជ្ញាធរចាត់វិធានការកម្ទេច ដោយមានគ្រឿងចក្រវ៉ៃនិងខួងទម្លាក់រាបដល់ដី ។ ចំពោះរថយន្តពន្លត់អគ្គិភ័យ កម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តអស់សរុប៤៥គ្រឿងឡើងចុះ៣០៨លើក ពោលគឺប្រើអស់ទឹក៣០៨គ្រឿង មកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើន ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕






ចែករំលែកព័តមាននេះ