អ្នកប្រកបរបររកស៊ីចិញ្ចឹមជីវិតតូចតាច ដែលភាសាផ្លូវការគេហៅថា អ្នករកស៊ីក្នុងក្របខណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចាប់អារម្មណ៍ចង់ចុះបញ្ជីគឺមានជាង២៤ម៉ឺនសំណើនៅក្នុងរយៈពេលជិតមួយឆ្នាំនេះ ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាង កាលពីថ្ងៃទី២០ ខែធ្នូ ថា ក្នុងរយៈពេល១ឆ្នាំ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលសំណើចុះឈ្មោះជាង២៤ម៉ឺនសំណើ ។
ប្រភពដដែលនេះបានអះអាងថា នេះជាជំហានសំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្ន ការការពារ និងឱកាសរីកចម្រើនសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
ក្រៅពីបុគ្គលស្វ័យនិយោជន ពោលគឺពលរដ្ឋដែលបង្កើតមុខរបរ និងរកស៊ីដោយខ្លួនឯង គឺនៅមាន កម្មករ និយោជិត និងសហគ្រាសធនតូចជាង៣ពាន់សំណើទៀតផងដែរ ។
ថ្នាលឌីជីថលនេះ ត្រូវបានសម្ពោធជាផ្លូវការនៅក្នុងខែធ្នូឆ្នាំមុន ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងរួមបញ្ចូលតួអង្គសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធផ្លូវការ ដោយផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានការការពារសង្គម សេវាហិរញ្ញវត្ថុ និងឱកាសអាជីវកម្មកាន់តែប្រសើរឡើង ។
ចែករំលែកព័តមាននេះ