យោងតាមអ្នករៀបចំការប្រកួតបានឱ្យដឹងថា ទឹកប្រាក់រង្វាន់សរុបព្រឹត្តិការណ៍វាយកូនបាល់ដ៏ធំលំដាប់ពិភពលោក Wimbledonសម្រាប់ឆ្នាំ២០១៤ នេះនឹងត្រូវបានបង្កើនចំនួន១០,៨ភាគរយបន្ថែមទៀត ។ ដោយឡែកទីលានប្រកួត Court No.1 ក៏នឹងត្រូវស្ថាបនាដំបូលប្រក់ផងដែរ ។
ប្រៀបធៀបនឹងឆ្នាំ២០១៣ ទឹកប្រាក់រង្វាន់ឆ្នាំនេះគឺកើន៧លាននិង៥៣៥ពាន់ដុល្លារអាមេរិក សរុបទាំងអស់គឺមានចំនួន៤២លានដុល្លារ។ ឯទឹកប្រាក់រង្វាន់សម្រាប់អ្នកដណ្តើមបានពានប្រកួតឯកត្តជនបុរស-នារីកើនលើសពីឆ្នាំទៅមិញប្រមាណជា១០ភាគរយ ដែលគិតជាសាច់ប្រាក់គឺកើន៤៦០ពាន់ដុល្លារ ។ ដូច្នេះទឹកប្រាក់រង្វាន់សរុបសម្រាប់អ្នកឈ្នះបុរស-នារីឆ្នាំនេះនឹងទទួលបានក្នុងម្នាក់ៗ ២លាន និង៩០០ពាន់ដុល្លារ ។
ដោយឡែកទឹកប្រាក់រង្វាន់សម្រាប់បណ្តាកីឡាករ-កីឡាការិនីដែលធ្លាក់ក្នុងជុំទី១-ទី២ និងទី៣ ក៏ត្រូវបានបង្កើន១២,៥ភាគរយលើសពីឆ្នាំទៅមិញផងដែរ ។ លោក Philip Brook ប្រធានក្របខ័ណ្ឌ Wimbledon បានថ្លែងថា ៖«ការដំឡើងទឹកប្រាក់ឆ្នាំនេះ គឺផ្តោតជាសំខាន់ទៅលើក្រុមកីឡាករ-កីឡាការិនីដែលត្រូវការជំនួយពីយើងខ្លាំងបំផុតនោះគឺជាក្រុមដែលបានធ្លាក់នៅជុំដំបូង»។
រយៈពេល៣ឆ្នាំមកនេះ អ្នកគ្រប់គ្រង Wimbledon បានដំឡើងប្រាក់រង្វាន់ច្រើនជាង១០០ភាគរយសម្រាប់បណ្តាកីឡាករ-កីឡាការិនីដែលធ្លាក់ក្នុង៣ជុំដំបូង ។ ដោយឡែកនៅឆ្នាំនេះ ការដំឡើងផ្តោតជាសំខាន់ទៅលើអ្នកធ្លាក់ក្នុងជុំដំបូង ។ ពួកគេនឹងទទួលបានក្នុងម្នាក់ៗ ៤ម៉ឺន៥ពាន់ និង៤៥០ដុល្លារ ធៀបនឹងឆ្នាំទៅមិញគឺកើនលើស១៤,៩ភាគរយ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត Wimbledon ឆ្នាំនេះនឹងចាប់ធ្វើពីថ្ងៃទី២៣ ខែមិថុនាដល់ថ្ងៃទី៦ខែ កក្កដាខាងមុខនៅប្រទេសអង់គ្លេស ៕
ចែករំលែកព័តមាននេះ