រាជធានីភ្នំពេញ ៖ ទីបំផុតទៅជនសង្ស័យដែលសម្លាប់ស្រ្តីជនជាតិហូឡង់បានសារភាពហើយ ថាខ្លួនគឺជាឃាតករ និងធ្វើសកម្មភាពគាស់ផ្ទះចូលលួចកង់តែម្នាក់ឯងគត់ ។ មកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមសួរដេញដោលនៅរសៀលនេះទៀត ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បាននៅក្នុងវត្តថាន់កាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី២៩ មេសា ២០១៤ ។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ភិន អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន និងជាមុខសញ្ញាចោរគាស់ផ្ទះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាននិយាយថា នៅយប់កើតហេតុថ្ងៃទី២៧ មេសា រូបគេបានចូលទៅគាស់ផ្ទះស្រ្តីជនជាតិហូឡង់ នៅពេលនោះស្រាប់តែជនរងគ្រោះឃើញទាន់ ក៏បានស្រែក ក៏ស្ទុះទៅប្រតាយប្រតប់ ហើយខ្លួនក៏ទាញទួនឺវីសចាក់សម្លាប់និងប្រមូលលុយព្រមទំាងយកកង់ជិះចេញតែម្តង ។ សេចក្តីរាយការណ៏ចុងក្រោយបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងទាក់ទងទៅប្តីស្រ្តីជនរងគ្រោះដែលកំពុងតែមើលថែកូនស្រីនៅក្រុងបាងកក ដើម្បីឲ្យមកចូលរួមស្តាប់ជាមួយតំណាងស្ថានទូតហូឡង់ដោយផ្ទាល់ ហើយនៅរសៀលនេះសមត្ថកិច្ចនឹងបន្តសួរដេញដោលបន្តទៀត ។
គួររំលឹកថា ស្ត្រីជនជាតិហូឡង់ម្នាក់ជាម្តាយបានស្លាប់ ក្នុងថ្លុកឈាម ចំណែកកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ ក្រោយហេតុការណ៏នោះសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្ម ដែលបានកើតឡើងនៅក្នុងផ្ទះលេខ១៧២Z2 ផ្លូវច្រកឌឿងហែម ក្រុមទី៣៧ ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ។
ស្ត្រីរងគ្រោះឈ្មោះ BEERD SANDA PHNA អាយុ៣១ឆ្នាំ និងកូនស្រីដែលរងរបួសឈ្មោះ ដាណា អាយុ២ឆ្នាំ ។ បុរសជាប្តីឈ្មោះ Oele Joris អាយុ៣៤ឆ្នាំ ជាជនជាតិហូឡង់ដូចគ្នា ។ ជនបរទេសមួយគ្រួសារនេះ បានមកជួលផ្ទះខាងលើស្នាក់នៅមានរយៈពេលទើបតែជាង៤ខែប៉ុណ្ណោះ ហើយនៅក្នុងលិខិតកុងត្រាជួលផ្ទះស្នាក់នៅ គឺធ្វើរយៈពេល៥ខែ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ