លោកស្រី T បានសួរថា «តើខ្ញុំត្រូវធ្វើដូចម្ដេច ?» នៅពេលគាត់អង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំ ទាំងទឹកភ្នែកហូររហាម។
លោកស្រី T គឺជាស្ដ្រីជនជាតិចិន អាយុ៤០ឆ្នាំប្លាយម្នាក់ ដែលមានមាឌធំល្មម និងមានឫកពាររមទម។ គាត់ទើបតែត្រូវបានធ្វើរោគវិនិច្ឆយរកឃើញជំងឺមហារីកសុដន់ខាងឆ្វេង។ ប្រឈមមុខនឹងអនាគតគួរឱ្យតក់ស្លុតដែលត្រូវប្រយុទ្ធតទល់នឹងពាក្យមហារីកដ៏គួរឱ្យភ័យខ្លាចនេះ គាត់មានអារម្មណ៍អស់សង្ឃឹមទាំងស្រុង។
ករណីរបស់លោកស្រី T មិនមែនមានតែមួយនោះទេ។
ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកកើតឡើងច្រើនបំផុត ដែលមកទល់ពេលនេះ ប៉ះពាល់ដល់ស្ដ្រីនៅគ្រប់ប្រទេស ក្នុងពិភពប្រទេសអភិវឌ្ឍន៍។ មានស្ដ្រីជាងមួយពាន់នាក់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានធ្វើរោគវិនិច្ឆយរកឃើញជំងឺ មហារីកសុដន់ជារៀងរាល់ឆ្នាំ។
ប្រសិនបើត្រូវបានពិនិត្យឃើញឆាប់រហ័ស ជំងឺមហារីកសុដន់មិនមែនជាការកាត់ទោសប្រហារជីវិតនោះទេ។ ស្ដ្រីភាគ ច្រើនដែលត្រូវបានធ្វើរោគវិនិច្ឆយរកឃើញជំងឺមហារីកសុដន់នៅក្នុងប្រទេសអភិវឌ្ឍន៍ ត្រូវបានព្យាបាលឱ្យជាសះ ស្បើយពីជំងឺរបស់ពួកគេ។
នៅក្នុងការព្យាបាលជំងឺមហារីកសុដន់ ការពិនិត្យឃើញទាន់ពេលវេលាមានសារៈសំខាន់ណាស់។ ទោះបីជាមានភាព ចម្រូងចម្រាសកាលពីពេលថ្មីៗនេះ អំពីថា តើភាពប្រសើរឡើងនៃការរស់រានពីជំងឺមហារីកសុដន់ ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍កន្លងទៅ គឺជាលទ្ធផលនៃការពិនិត្យឃើញជំងឺមហារីកសុដន់ទាន់ពេលវេលា តាមរយៈការប្រើប្រាស់ការ ថតកាំរស្មីអ៊ិចសុដន់ជាទៀងទាត់ ឬជាលទ្ធផលនៃភាពប្រសើរឡើងនៃការព្យាបាលជំងឺមហារីកសុដន់ដែរឬ យ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា ការថតកាំរស្មីអ៊ិចសុដន់ជាទៀងទាត់នៅតែជាការផ្សងដែលប្រាកដជាងគេ នាពេលបច្ចុប្បន្ន ក្នុងការធ្វើរោគវិនិច្ឆយជំងឺមហារីកសុដន់ នៅក្នុងដំណាក់កាលមួយដែលលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយនៅ តែមានកម្រិតខ្ពស់។ នៅពេលដែលស្ដ្រីឈានដល់អាយុជាក់លាក់មួយ ហានិភ័យនៃជំងឺមហារីកសុដន់កើនឡើងយ៉ាងខ្លាំង។ ការកើនឡើងយ៉ាងគំហុកនេះ បានកើតឡើងចំពោះនារីអាស៊ីលឿនជាងនារីបស្ចិមប្រទេសមួយទសវត្សរ៍។ ដោយសារមូលហេតុនេះ នារីអាស៊ីភាគច្រើនគួរពិចារណាអំពីការពិនិត្យជំងឺមហារីកសុដន់ប្រចាំឆ្នាំ ដោយចាប់ផ្ដើមពីអាយុ៤០ឆ្នាំ ជាជាងពន្យារពេលការពិនិត្យទាំងនេះ រហូតដល់អាយុ៥០ ដែលជាទម្លាប់អនុវត្ដន៍ទូទៅនៅបស្ចិមប្រទេស។
អត្ថប្រយោជន៍នៃការថតកាំរស្មីអ៊ិចសុដន់ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយកម្រិតនៃការយល់ដឹង គឺខ្ពស់ ខ្លាំងនៅក្នុងប្រទេសភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក៏មានកិច្ចការបន្ថែមទៀត អាចត្រូវបានធ្វើឡើង ដើម្បី បញ្ចុះបញ្ចូលស្ដ្រីឱ្យបោះបង់ឥរិយាបថព្រងើយកន្ដើយដែលថា ការមិនដឹង គឺជាសុភមង្គល និងឱ្យពួកគេមកទទួលការ ពិនិត្យមហារីកសុដន់ជាទៀងទាត់។
ម្យ៉ាងទៀត ជម្រើសនៃការបង្ការជំងឺមហារីកសុដន់ត្រូវបានផ្សព្វផ្សាយតិចជាងឆ្ងាយ ហើយមានស្ដ្រីមិនច្រើនទេដឹងថា ពីរករណីក្នុងចំណោមបីករណីនៃជំងឺមហារីសុដន់អាចចៀសវាងបាន។
មូលហេតុដែលបង្កជំងឺមហារីក ពាក់ព័ន្ធនឹងអន្ដរអំពើស្មុគស្មាញនៃកត្ដាជាច្រើន និងមិនអាចធ្វើឱ្យសាមញ្ញ ដែលត្រូវ បានធ្វើឱ្យកាន់តែស្មុគស្មាញថែមទៀត ដោយការដែលថា មូលហេតុជាច្រើនមិនទាន់ត្រូវបានពន្យល់។ ទោះជាយ៉ាង ណាក៏ដោយ កត្ដាមួយលេចធ្លោជាងគេនៅក្នុងមូលហេតុដែលបង្កជំងឺមហារីកសុដន់ ៖ តួនាទីនៃអ័រម៉ូនញី នៅក្នុង រាងកាយ។ អ័រម៉ូនញីមាននិន្នាការជំរុញការលូតលាស់នៃជំងឺមហារីកសុដន់។ ទំនាក់ទំនងនៃហេតុ និងផលនេះផ្ដល់ នូវឱកាស ដើម្បីធ្វើអន្ដរាគមន៍នៅក្នុងដំណើរការតាមបែបធម្មជាតិនៃការកកើតជំងឺមហារីកសុដន់។
កោសិកាមហារីកសុដន់ ត្រូវបានបំលែងពីកោសិកាធម្មតានៅក្នុងសុដន់។ កោសិកាមហារីក គឺជាកោសិកាដែលមិន អាចគ្រប់គ្រងបាន។ ទំនាក់ទំនងរវាងកោសិកាធម្មតា និងកោសិកាមហារីកនៃរាងកាយ គឺដូចគ្នាបំផុតទៅនឹងទំនាក់ ទំនងរវាងមនុស្សដែលគោរពច្បាប់ធម្មតា និងភេរវករ។ នៅពេលមនុស្សធម្មតាក្លាយជាមិនអាចគ្រប់គ្រងបាន ពួកគេក្លាយជាភេរវករ និងបង្កគ្រោះថ្នាក់ដល់មនុស្សផ្សេងទៀតនៅក្នុងសង្គម។ នៅពេលកោសិកាធម្មតានៅក្នុងសុដន់ ក្លាយជាមិនអាចគ្រប់គ្រងបាន កោសិកាទាំងនេះក្លាយជាកោសិកាមហារីកភេរវកម្ម និងបង្កគ្រោះថ្នាក់ដល់កោសិកាផ្សេងទៀតនៃរាងកាយ។
កត្ដាមួយក្នុងចំណោមកត្ដាដែលអាចបង្កឱ្យមានដំណើរការនៃការបំលែងនេះ គឺការភ្ជាប់អ័រម៉ូនញីទៅនឹងក្រុមម៉ូលេគុល ភ្ជាប់អ័រម៉ូននៅលើផ្ទៃនៃកោសិកា។ ក្រុមម៉ូលេគុលភ្ជាប់អ័រម៉ូន គឺប្រៀបដូចជាកុងតាក់លូតលាស់នៅលើផ្ទៃកោសិកា។ អ័រម៉ូនញីចុចកុងតាក់ទាំងនេះ ទៅទីតាំង «បើក» ដែលអនុញ្ញាតឱ្យមានការលូតលាស់ឆាប់រហ័ស និងការបំបែកខ្លួននៃកោសិកា ដែលជាដំណើរការចាំបាច់មួយនៅក្នុងការកកើតជំងឺមហារីក។ ឱសថនានា ដូចជា tamoxifen និង raloxifene កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ដោយរាំងខ្ទប់កុងតាក់លូតលាស់ទាំងនេះកុំឱ្យបើក។ ឱសថទាំងនេះ ត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវហានិភ័យនៃមហារីកសុដន់ ចំពោះស្ដ្រីបាន៥០ភាគរយ។ កាលពីពេលថ្មីៗនេះ នៅក្នុងឆ្នាំកន្លងទៅ ឬប្រហាក់ប្រហែលនេះ ឱសថថ្មីមួយឈ្មោះ exemestane បានបង្ហាញនូវសមត្ថភាពបង្ការករណីជំងឺមហារីកសុដន់ជាសក្ដានុពលពីរករណី ក្នុងចំណោមបីកុំឱ្យវិវដ្តនៅពេលត្រូវបានប្រើប្រាស់ ចំពោះស្ដ្រីក្រោយពេលអស់រដូវ។ សម្រាប់ស្ដ្រីក្រោយពេលអស់រដូវ ទោះបីជាអូវែរបានឈប់ផលិតអ័រម៉ូនញីក៏ដោយ សរីរាង្គចំនួនពីរដែលហៅថា ក្រពេញអាឌ្រីណល ដែលស្ថិតនៅលើ តម្រងនោម នៅបន្ដបញ្ចេញអ័រម៉ូនញី។ Exemestane បញ្ឈប់ក្រពេញអាឌ្រីណលមិនឱ្យបញ្ចេកអ័រម៉ូនញី ដូច្នោះហើយទើបកម្ចាត់ការខ្ញូចជាសក្ដានុពលសម្រាប់ការកកើតជំងឺមហារីកសុដន់។
តើស្ថានភាពរបស់អ្នកជំងឺដូចលោកស្រី T មានលក្ខណៈដូចម្ដេច ? ឱកាសសម្រាប់ការបង្ការជំងឺមហារីកត្រូវបានបិទ។ គាត់ត្រូវតែតស៊ូជាមួយនឹងហានិភ័យនៃការបាត់បង់ជីវិតរបស់គាត់ ដោយសារជំងឺមហារីក។ គាត់ក៏ត្រូវតស៊ូ ជាមួយនឹងការប៉ះទង្គិចអារម្មណ៍នៃការវះកាត់អវយវៈចេញពីរាងកាយ ដែលនាំទៅរកការបាត់បង់សុដន់ផងដែរ ដោយសារជំងឺមហារីកបានលូតលាស់ធំពេក ដែលមិនអាចកាត់ចេញដោយការវះកាត់ដែលមិនលះបង់សុដន់បានឡើយ។
ខ្ញុំមានគោលបំណងជំនះឧបសគ្គទ្វេគ្រោះរបស់គាត់ ៖ កម្ចាត់ជំងឺមហារីក ដើម្បីការពារជីវិតរបស់គាត់ និងធ្វើដូច្នោះ ដោយមិនឱ្យបាត់បង់សុដន់របស់គាត់។ ខ្ញុំបានពន្យល់ ខណៈពេលដែលលោកស្រី T ស្ដាប់យ៉ាងយកចិត្ដទុកដាក់ «ជាដំបូង យើងចាំបាច់ត្រូវតែបង្រួញជំងឺមហារីក» ។
ជាជាងវះកាត់ឱ្យលោកស្រី T ជាមុន ដើម្បីកម្ចាត់ជំងឺមហារីក ដែលត្រូវបានធ្វើជាទូទៅ ខ្ញុំបានជ្រើសរើសចាប់ផ្ដើម ការព្យាបាលដោយគីមី មុនពេលពិចារណាអំពីការវះកាត់។ ការព្យាបាលដោយគីមីសំដៅដល់ការព្យាបាលដោយប្រើ ឱសថ ដែលមានសមត្ថភាពបំផ្លាញកោសិកាមហារីក។ ទម្លាប់អនុវត្ដន៍ទូទៅ គឺការគ្រប់គ្រងការព្យាបាលដោយគីមី ក្រោយការវះកាត់ ដើម្បីកម្ចាត់កោសិកាមហារីកដែលនៅរសាត់អណ្ដែតនៅក្នុងរាងកាយ ដូច្នេះហើយអាចបង្ការជំងឺ មហារីកសុដន់មិនឱ្យលាប់នៅផ្នែកផ្សេងទៀតនៃរាងកាយ។ តាមរយៈការអនុវត្ដបញ្ច្រាស និងចាប់ផ្ដើមជាមួយនឹង ការព្យាបាលដោយគីមី ខ្ញុំសង្ឃឹមថា ព្រួញមួយបាញ់បានសត្វពីរ ៖ បង្រួញជំងឺមហារីកនៅក្នុងសុដន់ឱ្យមានទំហំតូច ដើម្បីអនុញ្ញាតឱ្យមានការវះកាត់ជំងឺមហារីកដោយជោគជ័យ ដោយក្នុងពេលជាមួយគ្នានោះដែរ អាចរក្សាសុដន់ និងកម្ចាត់កោសិកាមហារីកដែលរសាត់អណ្ដែតនៅក្នុងរាងកាយ។
ក្រោយពីការព្យាបាលដោយគីមីអស់រយៈពេលប្រាំមួយខែ ជំងឺមហារីកសុដន់បានរួញពីទំហំដើម ដែលជិតប៉ុនទំហំ កណ្ដាប់ដៃ ឱ្យក្លាយជាដុំមួយដែលមានទំហំប៉ុនផ្លែទំពាំងបាយជូរ។ ទំហំដែលរួញតូចនៃជំងឺមហារីកបានអនុញ្ញាតឱ្យ មានការយកចេញដោយជោគជ័យតាមរយៈការវះកាត់ ដោយមិនមានការខូចទ្រង់ទ្រាយដែលអាចកត់សម្គាល់ឃើញ ចំពោះរូបរាងនៃសុដន់។
ក្នុងនាមជាគ្រូពេទ្យមហារីកដែលព្យាបាលជំងឺមហារីកសុដន់រៀងរាល់ថ្ងៃ នេះគឺជាគំនិតប្រចាំថ្ងៃរបស់ខ្ញុំ ៖ បង្ការ ជំងឺមហារីក ប្រសិនបើអាចធ្វើបាន ធ្វើរោគវិនិច្ឆ័យជំងឺមហារីកឱ្យបានឆាប់ ប្រសិនបើវាកើតឡើង កម្ចាត់វាដោយការពារសុខុមាលភាពផ្លូវកាយ និងអារម្មណ៍របស់អ្នកជំងឺ។
អត្ថបទនេះជាស្នាដៃរបស់ ៖ វេជ្ជបណ្ឌិត វ៉ង សេងវ៉ែង (Wong Seng Weng) នាយក និងអ្នកពិគ្រោះជំងឺឯកទេស ផ្នែកជំងឺមហារីកនៃមជ្ឈមណ្ឌលជំងឺមហារីក អេសអឹមជី (SMG – Singapore Medical Group Limited)។
អំពីវេជ្ជបណ្ឌិត វ៉ង សេងវ៉ែង (Wong Seng Weng)
វេជ្ជបណ្ឌិត វ៉ង សេងវ៉ែង (Wong Seng Weng) អតីតនិស្សិតអាហារូបករណ៍ Lim Boon Keng និង Tan Siak Kew នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បច្ចុប្បន្នគឺជានាយកវេជ្ជសាស្ដ្រ និងគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីកនៃមជ្ឈមណ្ឌលជំងឺមហារីកនៅ Paragon Medical Centre និង Mount Elizabeth Novena Specialist Centre។ ក្នុងពេលជាមួយគ្នានេះដែរ គាត់កាន់មុខតំណែងជាជំនួយការអ្នកវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ នៅទីភ្នាក់ងារវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងការស្រាវជ្រាវ (A*STAR) ។
អំពីអេសអឹមជី – SMG (ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group)
អេសអឹមជី – SMG គឺជាអ្នកផ្ដល់ការថែទាំសុខភាព ឯកទេសឯកជនមួយដែលមានបណ្ដាញគ្រួពេទ្យឯកទេសចំនួន ២២ ។ ក្រុមការងារនេះ ប្ដេជ្ញាចិត្ដបំពេញការសន្យារបស់ខ្លួនក្នុងការផ្ដល់ការថែទាំ និងបទពិសោធន៍ផ្នែកវេជ្ជសាស្ដ្រដោយផ្ដោតលើអ្នកជំងឺដល់បុគ្គលគ្រប់រូប។
បច្ចុប្បន្នក្រុមការងារនេះ មានគ្លីនិកសរុបចំនួន១៤កន្លែង ដែលមានទីតាំងយុទ្ធសាស្ដ្រនៅក្នុងមជ្ឈមណ្ឌលឯកទេស Paragon មជ្ឈមណ្ឌលឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Novena និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Gleneagles ដែលមានបណ្ដាញគ្លីនិក SMGAssociates កាន់តែច្រើនឡើងៗ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង២៤ម៉ោង ៖ +៦៥ ៩៨៤២ ៣៥៦០
អីុម៉េល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេសអឹមជី -SMG ប្រចាំនៅកម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg
ចែករំលែកព័តមាននេះ