ខេត្តបន្ទាយមានជ័យ ៖ ខណៈដែលប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចពីសង្គ្រាមនោះ ស្រាប់តែនៅក្រុងប៉ោយប៉ែតែមានសំឡេងផ្ទុះ និងជះជាអណ្តាតភ្លើងឆេះអគារកាស៊ីណូនៅជាន់ទី២៥ តែត្រូវបានអាជ្ញាធរអះអាងថា នេះជាការផ្ទុះកាប៊ីនភ្លើងបង្កឱ្យឆាបឆេះ និងត្រូវបានពន្លត់បានទាន់ពេល ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ នៅក្បែរផ្សារដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ក្រោយពីមានសំឡេងផ្ទុះ ហើយឃើញមានអណ្តាតភ្លើងឆាបឆេះនៅជាន់ទី២៥ នៃបន្ទប់មួយក្នុងអគារកាស៊ីណូក្បែរផ្សារពុទ្រា ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យស្លន់ស្លោ ខ្លាចក្រែងជាគ្រាប់ផ្លោងដែលទាហានសៀមបាញ់ចូលកាស៊ីណូ ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនដោយនិយាយថា សូមបងប្អូនកុំមានការយល់ច្រឡំ ព្រោះនៅមុននេះបន្តិច មានអគ្គិភ័យឆេះបន្ទប់មួយក្នុងអគារកាស៊ីណូជាន់ទី២៥ ក្បែរផ្សារដើមពុទ្រា ហើយពេលនេះត្រូវពន្លត់រលត់ទាំងស្រុង ។

ក្រោយពេលទទួលដំណឹងនេះ ទើបគ្រប់គ្នាបានធូរទ្រូងឡើងវិញ ។ មូលហេតុដែលប្រជាពលរដ្ឋមានការភ័យខ្លាច ដោយសារនៅភូមិសាស្ត្រជាប់ព្រំដែន ទាហានឈ្លានពានសៀមបានបើកការបាញ់ប្រហារមកលើកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ជាមួយនេះ ឃើញយន្តហោះ F-១៦ តែងហោះឆ្លងកាត់ក្រុងប៉ោយប៉ែតរយៈពេល២ទៅ៣ថ្ងៃជាប់គ្នា ទៅទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រស្រុកស្វាយចេក ៕
ចែករំលែកព័តមាននេះ