រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ មេសា ថា ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងស្ថិតក្នុងអន្តរកាលរវាងរដូវប្រាំងនិងរដូវវស្សា និងស្ថិតក្នុងចន្លោះសម្ពាធទាប និងជ្រលងសម្ពាធខ្ពស់ ។ លក្ខណៈបែបនេះនឹងធ្វើឱ្យស្ថានភាពអាកាសធាតុចាប់ពីចុងខែមេសា រហូតដល់ដើមខែឧសភា ខាងមុខ មានសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្ស សត្វ និងផ្ទះសម្បែង ដោយសារមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ បោកបក់ខ្លាំង និងរន្ទះ ។
បើតាមលោក ចាន់ យុត្ថា បាតុភូតធម្មជាតិខាងលើនេះនឹងអាចកើតមានចាប់ពីរសៀលរហូតដល់ពេលយប់និងមានរយៈពេលប្រមាណមួយសប្ដាហ៍ ។
យោងតាមរបាយការណ៍ស្ដីពីអាកាសធាតុបានឱ្យដឹងថា កម្រិតសម្ពាធទាបនៅតែបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាដែលលក្ខណៈបែបនេះធ្វើឱ្យអាកាសធាតុនៅថ្ងៃទី២៩ មេសា សម្រាប់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧ 0C និងអតិបរមាពី៣៥-៣៧0C ។ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនពី២ទៅ៤ម៉ែត្រក្នុង១វិនាទី និងអាចមានភ្លៀង ផ្គរ រន្ទះ កក់ខែជាមួយនឹងខ្យលកន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី២៤-២៦0C និងអតិបរមាពី៣៦ទៅ៣៨0C ។ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនពី២ទៅ៤ម៉ែត្រក្នុង១វិនាទី និងអាចមានមានភ្លៀង ផ្គរ រន្ទះ កក់ខែជាមួយនឹងខ្យល់កន្ត្រាក់នៅផ្នែកមួយចំនួននៃខេត្តក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ។ រីឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥0C និងអតិបរមាពី៣៤ទៅ៣៦0C ។ ផ្ទៃមេឃមានពពកតិចទៅមធ្យម ខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនពី៣ទៅ៥ម៉ែត្រក្នុង១វិនាទី និងអាចមានភ្លៀង ផ្គរ រន្ទះ កក់ខែជាមួយនឹងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ រលកសមុទ្រមានកម្ពស់ពី០,៥ម៉ែត្រ ទៅ១ម៉ែត្រ ៕
ចែករំលែកព័តមាននេះ