ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីចំណាស់០៣នាក់របួសធ្ងន់ និងជាច្រើននាក់ទៀតរបួសស្រាល ក្នុងឧបទ្ទវហេតុមួយបានកើតឡើងកាលបីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ មេសា នៅចំណុចត្រើយម្ខាងទន្លេផ្សារក្រោម ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះទាំងអស់ដែលជាភ្ញៀវទៅចូលរួមក្នុងពិធីបុណ្យសពបុរសម្នាក់ ហើយបាក់ផ្ទះដែលកំពុងប្រារព្ធពិធីបុណ្យ ។
មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង ប្រាប់ឱ្យដឹងថា ពិធីបុណ្យសពនេះបានធ្វើឡើងនៅផ្ទះបុរសឈ្មោះឈឹម ផុន អាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺ ហើយប្រពន្ឋឈ្មោះ ហុក ហ៊ាន អាយុ៥៧ឆ្នាំ រួមជាមួយកូនប្រុសស្រី០៦នាក់ បាននិងកំពុងរៀបចំបុណ្យសពឱ្យប្តី និងជាឪពុក នៅលំនៅឋានរបស់ខ្លួនស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថា នៅពេលដែលមានភ្ញៀវមកយ៉ាងច្រើនកុះករ និងកំពុងសូត្រធម៌ ដែលមានព្រះសង្ឃគង់នៅពីមុខក្តារមឈូសផងនោះ ស្រាប់តែបាក់ផ្ទះមួយកំណាត់ខាងមុខលាន់ប្រាវ បណ្តាលឱ្យអ្នកចូលរួមបុណ្យសពធ្លាក់មកដីដែលមានកំពស់៤ម៉ែត្រ ទង្គិចក្បាលគ្នា ខ្លះទៀតត្រូវទឹកតែដែលទើបដាំពុះកំពប់ស្រោចពីលើ រងរបួសធ្ងន់ស្រាលជាច្រើននាក់ ។
សូមបញ្ជាក់ផងដែរ ផ្ទះដែលបាក់នោះគឺបាក់មួយកំណាត់ខាងមុខ ចំណែកកា្តរមឈូស ព្រះសង្ឃ និងលោកតាៗ នៅកំណាត់ផ្ទះខាងក្រោយមិនបានបាក់ធ្លាក់នោះទេ ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់ ក្នុងនោះ អ្នករងរបួសធ្ងន់មានចំនួន៣នាក់ ១លោកយាយ ម៉ុក ឆេងគី អាយុ៦២ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង រងរបួសបាក់ជើងទាំងសងខាង ២លោកយាយ ឈឹម ផាន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង រងរបួសត្រូវក្បាល និងរលាកទឹកក្តៅ គាត់ត្រូវជាបងបង្កើតរបស់ សព ឈឹម ផុន និង៣ឈ្មោះអុំ ណាត អាយុ៧៦ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង រងរបួសត្រូវខ្លួន ក្បាល និងដៃជើងសន្លប់មិនដឹងខ្លួន ។ ចំណែកអ្នករងរបួសស្រាលជាច្រើននាក់មិនឃើញមកមន្ទីរពេទ្យខេត្តទេ តែគេប្រាប់ថាទៅពេទ្យឯកជន ។
ចែករំលែកព័តមាននេះ