ដំឡើង​ថ្លៃ​សំបុត្រ​មេត្រូ​ ផ្ទុះ​បាតុកម្ម​​ហិង្សា​យ៉ាង​ពុះកញ្ជ្រោល​


ប្រទេស​ស៊ី​លី ៖ ប្រធានាធិបតី​ស៊ី​លី​ លោក ​SEBASTIAN PINERA ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែ​​តុលា ឆ្នាំ​២០១៩ ​ពី​ការ​ផ្អាក​វិញ​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ជិះ​មេត្រូ នៅ​រដ្ឋធានី​សាន់​ត្យា​ហ្គោ​ ជា​ប្រភព​នៃ​បាតុកម្មហិង្សា​បំផុត​មួយ ប្រឆាំង​ការ​ដំឡើង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​សាធារណៈ​។

បាតុកម្មហិង្សា​ពុះកញ្ជ្រោល​នាំ​ឲ្យ​មានការ​ប្រកាស​បំរាម​គោចរ​ក្នុង​រដ្ឋធានី​។ ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​បាតុករ​និង​កងកម្លាំង​ប៉ូលិស បាន​ផ្ទុះ​ជា​ថ្មី​នា​ថ្ងៃ​ទី​១៩​តុលា​បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​សាន់​ត្យា​ហ្គោ ដែល​កក្រើក​ដោយ​ចលនា​តវ៉ា​ប្រឆាំង​ការ​ដំឡើង​តម្លៃ​ដឹក​ជញ្ជូន​សាធារណៈ​។

មនុស្ស​ច្រើន​ពាន់​នាក់​ប្រមូលផ្ដុំ​គ្នា​វាយ​ឆ្នាំង​កងរំពង ដែល​នោះ​ជា​វិធី​តវ៉ា​ដែល​កើត​មាន​ក្រោយ​រដ្ឋប្រហារ ដឹកនាំ​ដោយ​ឧត្ដមសេនីយ​អ៊ូ​ហ្គូ្គ​ស្តូ​ពី​ណូ​ជេ​កាលពី​ដំណាច់ឆ្នាំ​១៩៧៣​។ ប៉ុន្តែ​បាតុកម្ម​បាន​ប្រែក្លាយ​យ៉ាង​ឆាប់​ទៅ​ជា​ការ​ប៉ះទង្គិច​គ្នា រវាង​ពួក​មនុស្ស​ដែល​បិទមុខ​និង​កងកម្លាំង​ពិសេស​។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ជា​ពិសេស​នៅ​មហា​ទីលាន​អ៊ី​តា​លី ជា​ចំណុចកណ្ដាល​នៃ​ការ​តវ៉ា​និង​នៅ​ជិត​ទីស្នាក់ការ​រដ្ឋាភិបាល ព្រមទាំង​នៅ ​PUENTE ALTO​ ជាយក្រុង​ខាងត្បូង​នៃ​រដ្ឋធានី​។ បណ្ដា​អ្នកកាសែត​បានឃើញ​រថយន្ត​បឺស​៥​គ្រឿង​ត្រូវ​គេ​ដុត​នៅ​កណ្ដាល​ក្រុង ហើយ​អាជ្ញាធរ​បាន​សម្រេច​កាត់​ផ្ដាច់​ចរាចរណ៍​ទាំងស្រុង​នៅ​ទីនោះ​។

ប្រធានាធិបតី​ស៊ីលី​លោក​SEBASTIAN PINERA​បាន​ចេញ​នា​យប់​ថ្ងៃ​ទី​១៨​មក​១៩​តុលា នូវ​ការ​ប្រកាស​អាសន្ន​សម្រាប់​រយៈពេល​១៥​ថៃ្ង​នៅ​ទីក្រុង​សាន់​ត្យា​ហ្គោ​ហើយ​បាន​ប្រគល់​ភារៈ​ដល់​ឧត្ដមសេនីយ​JAVIER ITURRIAGA DEL CAMPO ទទួលខុសត្រូវ​ធានា​សន្តិសុខ​។

កង​យោធា​បាន​ល្បាត​នា​ថ្ងៃ​ទី​១៩​តុលា​ក្នុង​រដ្ឋធានី ជា​លើក​ដំបូង​ចាប់តាំងពី​ការ​វិល​ត្រឡប់​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នោះ​កាលពី​ឆ្នាំ​១៩៩០​មក​។ ទោះបី​យ៉ាងណា​មនុស្ស​ជា​ច្រើន​ពាន់​នាក់​នៅ​តែ​នាំ​គ្នា​ហែ​ក្បួន​បា​កម្ម នៅ​តាម​វិ​ថី​នានា​នៃ​រដ្ឋធានី​និង​ក្នុង​ទីក្រុង​ឯទៀត​ៗ​ដើម្បី​វាយ​ឆ្នាំង​។

ទោះបី​យ៉ាងណា​នា​ព្រឹក​ថ្ងៃ​ទី​២០​តុលា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ដុត​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​សាន់​ត្យា​ហ្គោ ដែល​ពួក​គេ​ជា​អ្នក​រង​គ្រោះ​ដំបូង​ដោយ​ការ​បះបោរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ