ទីក្រុងហ្សឺណែវ៖ មានហេតុការណ៍ភ្លើងឆេះបារមួយកន្លែងនៅតំបន់រមណីយដ្ឋាននៃប្រទេសស្វីសនៅយប់ថ្ងៃឆ្លងឆ្នាំសាកលបណ្ដាលឱ្យស្លាប់ និងរបួសមនុស្សមួយចំនួន។ នេះបើយោងតាមការប្រកាសរបស់នគរបាល។ នៅពេលមនុស្សកំពុងសប្បាយនឹងការឆ្លងឆ្នាំថ្មី នៅសុខៗស្រាប់តែមានភ្លើងឆាបឆេះដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។

នគរបាលចាត់ទុកថានេះជាហេតុការណ៍ដ៏ធ្ងន់ធ្ងរមួយដែលតម្រូវឱ្យអាជ្ញាធរប្រើប្រាស់វិធានការសរុបមានតាំងពីនគរបាល ភ្នាក់ងារអគ្គិភ័យ និងក្រុមជួយសង្គ្រោះចុះទៅកន្លែងកើតហេតុព្រមៗគ្នា។ សារព័ត៌មានក្នុងស្រុកបានដកស្រង់ពាក្យសម្ដីរបស់វេជ្ជបណ្ឌិតម្នាក់មកផ្សាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចនឹងកើនឡើងដល់រាប់សិបនាក់ឯណោះ។ ប្រភពខ្លះថាចំនួនអ្នកស្លាប់ប្រហែល៤០នាក់ និងរបួស១០០នាក់។

តាមរយៈរូបថតសន្លឹកដែលផ្សព្វផ្សាយដោយសារព័ត៌មានស្វីស គេឃើញអគារមួយឆេះយ៉ាងសន្ធោសន្ធៅ និងឃើញមនុស្សនៅក្នុងនោះស្រែកកងរំពង និងរត់ចេញពីអគារទាំងយប់ងងឹត។ ប្រព័ន្ធផ្សព្វផ្សាយស្វីសយល់ថាអគ្គិភ័យនេះទំនងជាផ្ដើមចេញពីការដាក់តាំងប្រព័ន្ធភ្លើងសម្រាប់តុបតែងលម្អនៅក្នុងពិធីឆ្លងឆ្នាំ។ នៅពេលនោះក៏មានកម្មវិធីប្រគំតន្ត្រីផងដែរ។ ទោះជាយ៉ាងណាក្ដី នគរបាលមិនទាន់ដឹងមូលហេតុពិតប្រាកដទេព្រោះកំពុងស្រាវជ្រាវ។

អ្នកនាំពាក្យនគរបាលប្រាប់ថាមុនពេលកើតមានអគ្គិភ័យនេះមានហេតុការណ៍ផ្ទុះមួយកើតឡើងនៅម៉ោងប្រហែល១:៣០រំលងអធ្រាត្រ។ កាលនោះ មនុស្សជាង១រយនាក់កំពុងជួបជុំគ្នាអបអរឆ្នាំថ្មី។ ប៉ុន្មានម៉ោងក្រោយហេតុការណ៍ផ្ទុះនោះ គេឃើញរថយន្តគិលានសង្គ្រោះចាប់ផ្ដើមបើកបន្តកន្ទុយគ្នាទៅដឹកសាកសព និងអ្នករបួស។ នគរបាលប្រាប់ថាពួកគេដាក់ខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុ។ នៅពីលើអាកាសក៏មិនអនុញ្ញាតឱ្យមានការហោះហើរនោះដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានឡឺម៉ុង (Le Monde) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ