ទីក្រុងកៀវ៖ មុនចូលឆ្នាំថ្មីមួយថ្ងៃ រុស្ស៊ីវាយប្រហារទីក្រុងកំពង់ផែអូដេសា (Odesa) បណ្ដាលឱ្យរបួសមនុស្ស៦នាក់ រួមទាំងកុមារតូចៗមួយចំនួន។ ក្រៅពីទីក្រុងនេះ រុស្ស៊ីក៏វាយប្រហារតំបន់ដទៃទៀតផងដែរ។ យោធាអ៊ុយក្រែនអះអាងថាពួកគេបាញ់ទម្លាក់ដ្រូន១០១គ្រឿងនៅក្នុងចំណោមដ្រូនសរុប១២៧គ្រឿងដែលហោះទៅវាយប្រហារអ៊ុយក្រែន។

រុស្ស៊ីវាយប្រហារលើកនេះចំអគារស្នាក់នៅរបស់ប្រជាជន, ទីតាំងភស្តុភារ និងរោងចក្រផលិតថាមពល។ ក្រោយការវាយប្រហារនេះ គេឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅដែលបង្ខំឱ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់។ ភ្នាក់ងារអគ្គិភ័យជួយសង្គ្រោះមនុស្ស៨នាក់។ ក្នុងនោះមានកុមារម្នាក់។ សេវាជួយសង្គ្រោះ និងនគរបាលអ៊ុយក្រែនប្រចាំការនៅលើទីតាំងកើតហេតុដើម្បីរង់ចាំផ្ដល់ការគាំទ្រ។

អគ្គិភ័យក៏បានបង្កការខូចខាតអគារស្នាក់នៅរបស់ប្រជាជនមានច្រើនជាន់ និងខូចខាតរថយន្តជាច្រើនគ្រឿងដែលចតនៅក្បែរនោះ។ ដោយឡែក នៅតំបន់ដូញែត រុស្ស៊ីវាយប្រហារស្លាប់ជនស៊ីវិល៣នាក់ និងរបួស៤នាក់។ នេះបើយោងតាមអភិបាលតំបន់ដូញែត លោកវ៉ាឌីម ហ្វ៊ីឡាស់ស្គីន (Vadym Filashkin)។ ជនស៊ីវិលម្នាក់ស្លាប់ដោយសារការវាយប្រហារទៅលើតំបន់ខាគីវ (Kharkiv)។

ក្រឡេកទៅមើលតំបន់ហ្សាប៉ូរីហ្សៀឯណោះវិញ រុស្ស៊ីវាយប្រហារទីតាំងជនស៊ីវិលបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់។ នៅតំបន់ស៊ូមី រុស្ស៊ីវាយប្រហារស្លាប់មនុស្សម្នាក់។ ក្រៅពីនេះ មនុស្ស៩នាក់រងរបួសនៅក្នុងការវាយប្រហារជាច្រើនកន្លែងនៅប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំអឺរ៉ុប និងកាណាដាបានជួបគ្នាពិភាក្សាអំពីផែនការសន្តិភាព។

កិច្ចប្រជុំតាមប្រព័ន្ធវីឌីអូពីចម្ងាយនោះក៏ចូលរួមដោយអគ្គលេខាធិការអង្គការណាតូ និងប្រធានស្ថាប័នធំៗរបស់អឺរ៉ុបផងដែរ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ ទូស (Donald Tusk)។ លោកថ្លែងថាសន្តិភាពស្ថិតនៅលឹមៗឯជើងមេឃ។ ប៉ុន្តែយើងមិនទាន់ច្បាស់១០០%ថាសន្តិភាពនឹងកើតមាន (នៅអ៊ុយក្រែន) ឆាប់ៗនេះទេ។ នេះបើយោងតាមការផ្សាយរបស់យួរ៉ូញូស៍ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ