ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង ត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សមភាគីកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៤-៧ ខែមករាដើម្បីពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវិស័យដទៃទៀត។ គួរកត់សម្គាល់ថាគម្រោងទស្សនកិច្ចនេះធ្វើឡើងចំពេលដែលប្រទេសចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា។ ម៉្យាងទៀត គម្រោងទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន។ អ្នកវិភាគយល់ថានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល និងជំរុញសម្ទុះសេដ្ឋកិច្ច និងទេសចរណ៍។

ទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុនធ្លាក់ចុះខ្លាំងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ (Takaichi) ថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាថាប្រទេសជប៉ុនអាចនឹងចេញមុខធ្វើអន្តរាគមន៍យោធាបើសិនប្រទេសចិនវាយប្រហារតៃវ៉ាន់។ ដូច្នេះ អ្នកវិភាគយល់ថាការដែលលោកស៊ីជីនពីងអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោកលីជេម្យុង ទៅទីក្រុងប៉េកាំងលើកនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការព្យាយាមពង្រឹងទំនាក់ទំនងស្អិតរមួតរវាងចិន និងកូរ៉េខាងត្បូងមុនពេលលោកលីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខ។

លោកកាងជុនយុង (Kang Jun-young) ជាគ្រូបង្រៀននៅសាកលវិទ្យាល័យហានកុក (Hankok) ថ្លែងថាចិនចង់សង្កត់ធ្ងន់ថាកូរ៉េខាងត្បូងឥឡូវនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ប្រទេសចិនរៀបចំកាលៈទេសៈធ្វើម៉េចឱ្យការបំពេញទស្សនកិច្ចរបស់លោកលីទៅចិនមុនពេលលោកទៅជប៉ុន។ លោកវីស៊ុងឡាក់ (Wi Sung-lac) ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកលី។ លោកថ្លែងថាគម្រោងជួបគ្នាកម្រិតកំពូលលើកនេះជាការបើកទំព័រសករាជថ្មីនៃទំនាក់ទំនងទ្វេភាគី។

លោកថ្លែងបន្តទៀតថាប្រទេសទាំង២ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាងដប់ដែលផ្ដោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ច ធុរកិច្ច និងអាកាសធាតុ។ រដ្ឋាភិបាលរបស់លោកលីធ្លាប់ថ្លែងតាំងពីមុននេះថាខ្លួនចង់ពង្រឹងទំនាក់ទំនងចិន និងកូរ៉េខាងត្បូងក្នុងនាមប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។ នេះជារបត់នយោបាយថ្មីផ្ទុយពីជំហររបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល (Yoon Suk Yeol) ដែលមានទំនោរទៅរកអាមេរិក និងជប៉ុន និងរិះគន់នយោបាយរបស់ចិននៅក្នុងបញ្ហាតៃវ៉ាន់។

នៅក្នុងសករាជដឹកនាំរបស់លោកលី លោកចង់បង្ហាញថាកូរ៉េខាងត្បូងប្រកាន់ជំហរកណ្ដាលនៅក្នុងជម្លោះចិន-ជប៉ុន។ លោកធ្លាប់មានប្រសាសន៍កាលពីខែធ្នូថាលោកនឹងមិនកាន់ជើងភាគីណាមួយទេ។ ប៉ុន្តែបើគេសម្លឹងមើលជាក់ស្ដែង យ៉ាងហោចណាស់ លោកខិតទៅរកប្រទេសចិនជាង។ មូលហេតុដោយសារផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ