ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីសាណាអិ តាកាអ៊ីឈិ (Sanae Takaichi) អាចនឹងសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកត្រាំនៅយប់នេះ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលជប៉ុនដែលស្នើសុំមិនបញ្ចេញឈ្មោះ។ លោកស្រីតាកាអ៊ីឈិថ្ឡែងថាលោកស្រីកំពុងពិនិត្យមើលលទ្ធភាពបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីពិភាក្សាគ្នាជាមួយលោកត្រាំនាដើមឆ្នាំ២០២៦។

តាមមើលទៅ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះទំនងជាចង់ផ្ដោះប្ដូរយោបល់គ្នាជាមួយលោកត្រាំពាក់ព័ន្ធនឹងប្រទេសចិនមុនពេលលោកត្រាំជួបគ្នាកម្រិតកំពូលជាមួយប្រធានាធិបតីចិននាខែមេសាខាងមុខនេះ។ គេរំពឹងថាលោកស្រីតាកាអ៊ីឈិដែលធ្លាប់ជួបលោកត្រាំដំបូងកាលពីខែតុលា ឆ្នាំ២០២៥ នឹងព្យាយាមបញ្ជាក់ប្រាប់លោកត្រាំអំពីគោលជំហររបស់លោកស្រីចំពោះប្រទេសចិននៅក្នុងកាលៈទេសៈដែលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នាដោយសារលោកស្រីតាកាអ៊ីឈិថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ ប្រទេសចិនទាមទារឱ្យលោកស្រីដកពាក្យសម្ដីនោះត្រឡប់មកវិញ។ ប៉ុន្តែលោកស្រីបដិសេធ។

តៃវ៉ាន់គឺជាបញ្ហារសើបខ្លាំងដែលប្រទេសចិនមិនសប្បាយចិត្តទេនៅពេលប្រទេសដទៃលូកដៃកកូរកកាយនៅក្នុងដែនកោះដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន។ ក្រោយការថ្លែងសុន្ទរកថានោះ ប្រទេសចិនអំពាវនាវឱ្យប្រជាជនរបស់ខ្លួនផ្អាកធ្វើដំណើរទៅជប៉ុន។ បញ្ហានេះធ្វើឱ្យចំនួនអ្នកទេសចរចិនដែលធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនចាប់ផ្ដើមថយចុះខ្លាំង។ វិស័យដទៃទៀតដែលទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍នៅជប៉ុនក៏ទទួលរងផលប៉ះពាល់ផងដែរ។

សូមរំលឹកថានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីខែវិច្ឆិកា លោកត្រាំបានស្នើឱ្យលោកស្រីតាកាអ៊ីឈិកុំបង្កភាពតានតឹងជាមួយប្រទេសចិនក្នុងនាមចិនជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាមេរិក។ ប្រភពពីរដ្ឋាភិបាលជប៉ុនឱ្យដឹងថាលោកត្រាំបានស្នើឱ្យលោកស្រីតាកាអ៊ីឈិគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២ (ចិន និងជប៉ុន) ដោយមិនចាំបាច់ដកពាក្យសម្ដីដែលធ្លាប់និយាយពាក់ព័ន្ធនឹងតៃវ៉ាន់នោះត្រឡប់មកវិញទេ។ នេះបើយោងតាមការផ្សាយរបស់ក្យូដូ (Kyodo) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ