ទីក្រុងប៉េកាំង៖ នៅមុនឆ្លងឆ្នាំសាកល ប្រធានាធិបតីចិន លោកស៊ីជីនពីង មានសារនយោបាយទៅកាន់ជនរួមជាតិ និងពិភពលោកថាផែនការបង្រួបបង្រួមទឹកដីរបស់ប្រទេសចិនជាមួយកោះតៃវ៉ាន់គ្មានអ្វីអាចរារាំងបានឡើយ។ លោកថ្លែងដូច្នេះ២ថ្ងៃបន្ទាប់ពីកងទ័ពចិនធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិត និងប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌទំនើបៗ។

លោកស៊ីថ្លែងថាប្រជាជនចិនដីគោក និងតៃវ៉ាន់ជាខ្សែលោហិតតែមួយយ៉ាងស្អិតរមួតរលាយចូលគ្នាខ្លាំងជាងទឹកទៅទៀត។ ការធ្វើសមយុទ្ធយោធាលើកនេះមានសភាពធំធេងជាងពេលណាៗទាំងអស់។ ហេតុនេះហើយបង្ខំឱ្យតៃវ៉ាន់លុបចោលជើងហោះហើរក្នុងស្រុករាប់សិបខ្សែ ព្រមទាំងចល័តយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងដើម្បីឃ្លាំមើលសភាពការណ៍។

គេឃើញទាហានជើងគោកតៃវ៉ាន់រត់យ៉ាងប្រសាចដើម្បីហ្វឹកហាត់ការបញ្ចេញប្រតិកម្មរហ័សនៅក្នុងគ្រាអាសន្ន។ ពួកគេក៏បានដាក់របាំងនៅតាមទីតាំងមួយចំនួនដើម្បីរៀបជើងព្រួលទុកជាមុនផងដែរ។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយត្រូវតែយកកោះនេះមកគ្រប់គ្រងឱ្យទាល់តែបាន។ មុនដំបូង ប្រទេសចិនព្យាយាមប្រើធម៌ត្រជាក់សិន។ បើសិនតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ពេលនោះចិនប្រកាសថាខ្លួននឹងប្រើកម្លាំងយោធា។

ទោះជាយ៉ាងណាក្ដី តៃវ៉ាន់មិនគាំទ្រគំនិតនេះទេ។ តៃវ៉ាន់ថ្លែងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង។ គួរកត់សម្គាល់ថានៅក្នុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ ស៊ីស៊ីធីវី (CCTV) លោកស៊ីជីនពីងក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ លោកអះអាងថាកំណើនជីឌីភីប្រចាំឆ្នាំរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥នេះគឺ៥%។

លោកថ្លែងថាទំហំជីឌីភីសរុបរបស់ប្រទេសចិនកំពុងធ្វើដំណើរឆ្ពោះទៅរកចំនួន១៤០ទ្រីលានយ័ន្ត ឬ២០ទ្រីលានដុល្លារ។ លោកថ្លែងថាប្រទេសចិនអាចសម្រេចគោលដៅជីឌីភីប្រចាំឆ្នាំរបស់ខ្លួន៥%ដូចការគ្រោងទុក ហើយចិននឹងបន្តអនុវត្តកម្មវិធីនយោបាយបុរេសកម្មនៅក្នុងឆ្នាំ២០២៦។ វាជាសញ្ញាបង្ហាញថារដ្ឋាភិបាលនឹងបន្តជំរុញសម្ទុះសេដ្ឋកិច្ចដូចការសន្យា។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ