ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ អ៊ីរ៉ង់រំលឹកខួប៦ឆ្នាំនៃព្រឹត្តិការណ៍បាញ់ប្រហារធ្វើឃាតមេបញ្ជាការឆ្មាំបដិវត្តរបស់ខ្លួន លោកកាសឹម សូឡេម៉ានី (Qassem Soleimani) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ការវាយប្រហារដ៏ផ្ដាច់ផ្ដិលជីវិតនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកដូណាល់ត្រាំ។ លោកសូឡេម៉ានីរងការបាញ់ប្រហារដោយមីស៊ីល២គ្រាប់ទៅលើឡានរបស់គាត់នៅពេលគាត់ធ្វើដំណើរដោយស្ងាត់ៗទៅប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ង់ប្រកាសថ្កោលទោសទង្វើនោះជាទម្ងន់ និងចាត់ទុកថាជាអំពើភេរវកម្មដែលប្រព្រឹត្តឡើងដោយរដ្ឋ។

ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្គាន (Masoud Pezeshkian) បានចូលរួមពិធីរំលឹកខួបនោះ និងថ្លែងសារនយោបាយបញ្ជាក់អំពីការប្ដេជ្ញាចិត្តការពារជាតិមាតុភូមិទល់នឹងការជ្រៀតជ្រែកពីប្រទេសដទៃ។ លោកថាអាមេរិក និងអ៊ីស្រាអែលទន្ទឹមនឹងការនិយាយដោយអំនួតថាខ្លួនមានអរិយធម៌ខ្ពង់ខ្ពស់ មានលទ្ធិប្រជាធិបតេយ្យ និងមានសេរីភាព ពួកគេចូលរួមនៅក្នុងអំពើភេរវកម្មដែលប្រព្រឹត្តឡើងដោយរដ្ឋ ហើយពួកគេប្រើប្រាស់ឥទ្ធិពលក្នុងនាមជាប្រទេសមហាអំណាចដើម្បីធ្វើឃាតមនុស្ស។
ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្គាន (Masoud Pezeshkian)ប្រធានាធិបតីអ៊ីរ៉ង់សង្កត់ធ្ងន់ថាជនដៃដល់ពិតប្រាកដគឺអាមេរិក និងអ៊ីស្រាអែលហ្នឹងតែម្ដង។ លោកថាអ៊ីរ៉ង់នឹងបន្តដើរតាមមាគ៌ានយោបាយរបស់ខ្លួនដោយឥតងាករេ, ប្រឆាំងដាច់ខាតការគាបសង្កត់ និងអំពើហិង្សា។ នៅក្នុងពិធីនោះ គេឃើញប្រជាជនអ៊ីរ៉ង់គ្រវីទង់ជាតិទៅលើអាកាស, កាន់រូបថតលោកសូឡេម៉ានី និងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ដទៃទៀត និងស្រែកជ័យឃោសប្រឆាំងអាមេរិក និងអ៊ីស្រាអែល។

គួរកត់សម្គាល់ថាការរំលឹកខួបនេះក៏ចំពេលដែលអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើមប្រឈមមុខគ្នាជាថ្មី។ លោកត្រាំទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុនថាអ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ លោកព្រមានថានឹងវាយប្រហារអ៊ីរ៉ង់ឱ្យដល់ឫសគល់បើសិនពួកគេហ៊ានធ្វើដូច្នេះ។ ចំណែកអ៊ីរ៉ង់ក៏បានសកសម្ដីទៅវិញថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតបើសិនខ្លួនរងការវាយប្រហារជាថ្មី។ នេះបើយោងតាមការផ្សាយរបស់ពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ