រាជធានីភ្នំពេញ ៖ ភូមិគ្រឹះលោកឧត្តមសេនីយ៍យោធាម្នាក់ ត្រូវចោរលួចកាត់ចម្រឹងទ្វារដែក ចូលរើកកាយក្នុងផ្ទះ ប្រមូលយកទ្រព្យសម្បត្តិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបគិតជាទឹកប្រាក់ប្រមាណជិត៣ម៉ឺនដុល្លារ ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៨ មេសា ស្ថិតក្នុងក្រុម៣ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈម្ចាស់ផ្ទះមិននៅ រវល់ទៅធ្វើការ និងប្រកបរបររកសុី ។
មន្ត្រីមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ភូមិគ្រឹះខាងលើនេះ គឺលោកឧត្តមសេនីយ៍ឯក ព្រុំ សនទុំ ជាមន្ត្រីបម្រើការងារនៅអយ្យការយោធាក្រសួងការពារជាតិ ។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ត្រូវបានប្រាប់ថា មានចិញ្ចៀនពេជ្រ៤វង់ ខ្សែដៃមាស៣ខ្សែ ខ្សែ.ក៣ខ្សែ បន្តោងដាំពេជ្រ១ ប្រាក់ដុល្លារជាង២.៦០០ដុល្លារ ប្រាក់ខ្មែរ២០ម៉ឺនរៀល ។ ជាមួយនេះ ចោរបានយកកាំភ្លើងមួយដើម ម៉ាក CF ដែលសរុបគិតជាទឹកប្រាក់គឺអស់ប្រមាណជិត៣ម៉ឺនដុល្លារ ។
នៅព្រឹកថ្ងៃទី២៩ មេសា គេឃើញមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ ហើយបើតាមប្រភពព័ត៌មានពីក្រុមគ្រួសារ ឱ្យដឹងថា រៀងរាល់ម៉ោង៦ព្រឹក លោកឧត្តមសេនីយ៍ តែងចេញពីផ្ទះទៅធ្វើការ រួមជាមួយក្រុមគ្រួសារ ហើយជាទម្លាប់នៅវេលាម៉ោង៧យប់ ទើបត្រឡប់មកដល់ផ្ទះវិញ ។ ប៉ុន្តែនៅយប់កើតហេតុ នៅពេលម្ចាស់ផ្ទះត្រឡប់មកវិញ ស្រាប់តែអីវ៉ាន់នៅក្នុងផ្ទះ និងក្នុងបន្ទប់ រួមទាំងទូដែក ត្រូវបានចោរគាស់រើកកាយគ្មានសល់ មានន័យថា ពួកចោររុះរើតាមចិត្ត ។ ចំណែកប្រភពព័ត៌មានពីមន្ត្រីនគរបាលចុះត្រួតពិនិត្យភូមិគ្រឹះខាងលើ បានបង្ហាញថា ក្រុមចោរបានឡើងតាមរបងផ្ទះ រួចចូលទៅកាត់ចម្រឹងទ្វារបន្ទប់ចូលទៅក្នុងផ្ទះតែម្តង ។ ចំពោះចោរនេះ អាចធ្វើសកម្មភាពទាំងថ្ងៃ ដោយសារម្ចាស់មិននៅ ។
សូមបញ្ជាក់ថា ក្រុមចោរលួចគាស់ផ្ទះអ្នកភូមិនៅក្នុងសង្កាត់ភ្នំពេញថ្មី ហាក់ដូចជាមានសកម្មភាពស្ទើររាល់យប់ រហូតពេលថ្ងៃក៏មាន ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម ធ្វើឱ្យអ្នកភូមិរស់នៅទាំងភ័យខ្លាច និងមិនហ៊ានដើរចោលផ្ទះឡើយ ៕
ចែករំលែកព័តមាននេះ