រាជធានីភ្នំពេញ ៖ ការសម្លាប់ដ៏ឃោរឃៅលើស្ត្រីជនជាតិហូឡង់ និងកូនស្រីតូចរងរបួសធ្ងន់ គឺជាព័ត៌មានមួយធ្វើឱ្យមានការរន្ធត់ចិត្ត និងថ្កោលទោស ព្រោះតែបានធ្វើទៅលើជនបរទេស ។ ប្រភពព័ត៌មាននៅថ្ងៃទី២៩ មេសា បានឱ្យដឹងថា សពស្ត្រីជនជាតិហូឡង់ដែលត្រូវឃាតករមិនស្គាល់មុខចាក់សម្លាប់នៅក្នុងផ្ទះ ត្រូវបាននាំទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាំងពីវេលារសៀល ថ្ងៃទី២៨ មេសា ។
តាមប្រភពព័ត៌មានបន្តថា លោក Oele Joris ដែលជាប្តីស្ត្រីរងគ្រោះឈ្មោះ BEERD SANDA PHNA ជនជាតិហូឡង់ កាលពីយប់ថ្ងៃទី២៨ មេសា បានយកកូនស្រីចេញពីមន្ទីរពេទ្យគន្ធបុប្ផា ទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃបាត់ទៅហើយ ។ កូនស្រីអាយុ២ឆ្នាំ ដែលគេបានពិនិត្យឃើញ ថានៅមានជីវិត បានដេកដួលក្រោមជើងសពម្តាយ និងខ្លួនប្រាណប្រឡាក់ឈាម ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ។ ក្នុងការត្រួតពិនិត្យទីកន្លែងនិងសព សមត្ថកិច្ចបានរារាំងមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលក្នុងផ្ទះកើតហេតុទេ ។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវឃាតករចាក់នឹងដែកមុខស្រួចចំនួន៨កន្លែងនៅលើខ្លួន និងបានបោកក្បាលផ្ទប់ទៅនឹងជញ្ជាំង ។ សមត្ថកិច្ចក៏បានពិនិត្យឃើញសក់របស់ឃាតករដាច់ជ្រុះនៅទីនោះដែរ ដែលគេអាចសន្និដ្ឋានបានថា សក់ដែលជ្រុះនោះគឺពេលស្ត្រីរងគ្រោះចាប់បោចនៅពេលប្រវាយប្រតប់គ្នាជាមួយជនល្មើស ។ សក់ដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុនោះ មានពណ៌ក្រហមហើយវែង ដែលនោះជាតម្រុយមួយសម្រាប់សមត្ថកិច្ចធ្វើការស្រាវជ្រាវ។
កោះសន្តិភាពបានទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ មេសា ចង់ដឹងពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច ហើយត្រូវបានលោកតបមកវិញថា ពេលនេះលោកកំពុងជាប់ប្រជុំគណៈកម្មការស្រាវជ្រាវលើបទល្មើសនោះហើយ រួចលោកក៏បិទទូរស័ព្ទទៅ ៕
ចែករំលែកព័តមាននេះ