ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​កូដកម្មនិង​បាតុកម្មនៅ​ក្រុងបាវិត​និងកំពង់​ចាម

11 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ កូដ​កម្ម​និង​បាតុកម្ម​ដែល​អូស​បន្លាយ​ជាង​១​សប្ដាហ៍​ រហូត​ផ្ទុះ​ហិ.ង្សា​គប់​បំផ្លិច​បំផ្លាញ​រោង​ចក្រ​ បាក់​របង​ បែក​កញ្ចក់​ទ្វារ​ និង​កញ្ចក់​បង្អួច​រោង​ចក្រ​ស៊ីកូ​ និង​រោង​ចក្រ​ខេនឌី​ បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ​ និង​វាយ​បំផ្លាញ​រថយន្ដ​ថៅកែ​រោង​ចក្រ​អស់​២​គ្រឿង​នោះ​នៅ​តែ​រក​ដំណោះ​ស្រាយ​មិន​ឃើញ​ដ​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​ មេសា​ ។

ខេត្ដស្វាយរៀង ៖ កូដ​កម្ម​និង​បាតុកម្ម​ដែល​អូស​បន្លាយ​ជាង​១​សប្ដាហ៍​ រហូត​ផ្ទុះ​ហិង្សា​គប់​បំផ្លិច​បំផ្លាញ​រោង​ចក្រ​ បាក់​របង​ បែក​កញ្ចក់​ទ្វារ​ និង​កញ្ចក់​បង្អួច​រោង​ចក្រ​ស៊ីកូ​ និង​រោង​ចក្រ​ខេនឌី​ បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ​ និង​វាយ​បំផ្លាញ​រថយន្ដ​ថៅកែ​រោង​ចក្រ​អស់​២​គ្រឿង​នោះ​នៅ​តែ​រក​ដំណោះ​ស្រាយ​មិន​ឃើញ​ដ​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​ មេសា​ ។

ម្ចាស់​រោង​ចក្រ​ទាំង​៤០​ ក្នុង​នោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន​ ២២​រោង​ចក្រ​ តំបន់សេដ្ឋកិច្ច​ពិសេស​តាយសេង​​១៧រោងចក្រ​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានតុង​ ១រោង​ចក្រ​ បានបង្ខំ​ចិត្ដ​បិទ​ទ្វារ​ សម្រាក​ចាប់​ពី​ថ្ងៃ​ទី​២៩​ មេសា​ រហូត​ដល់​ថ្ងៃ​ទី​២​ ឧសភា​ ២០១៤​ ទើប​បើកទ្វារ​ឱ្យ​កម្មករ​-​កម្មការិនី​ចូលធ្វើ​ការ​វិញ​ តែ​សម្រាប់​ក្រុម​កម្មករ​ដែល​បាន​សាក​សួរ​និយាយ​ថា​ បើគ្មាន​ដំណោះ​ស្រាយ​ទេ​ ពួក​គេ​នឹង​បន្ដ​ការ​ទាម​ទារ​តទៅ​  ទៀត ។ ​
នៅ​ថ្ងៃ​ទី​២៩​ មេសា​ ក្នុង​ចេតនា​ទប់ស្កាត់​អំពើ​ហិង្សា​ថ្មីៗ​ទៀត​ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ស្ទាក់​តាម​ផ្លូវ​លំនានា​ទូទាំង​ខេត្ដ​ មិន​ឱ្យ​ក្រុម​កម្មករ​-កម្មការិនី​ធ្វើ​ដំណើរ​តាម​រថយន្ដ​ និង​ម៉ូតូ​ឡើង​មក​លើ​ផ្លូវ​ជាតិ​លេខ​១​ទៅ​កាន់​រោង​ចក្រ​នៅ​ក្រុង​បាវិត​ឡើយ​ ដោយ​តម្រូវ​ឱ្យ​អ្នក​បើក​បរ​រថយន្ដ​ដឹកកម្មករ​-កម្មការិនី​ត្រឡប់ទៅ​ផ្ទះ​វិញ​ និង​មិន​ឱ្យ​ទៅ​ធ្វើ​បាតុកម្ម​ទៀត​ទេ​ ។

វិធា​ន​ការ​នេះ​គឺ​ទុក​ពេល​ឱ្យ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​និង​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ព្រម​ទាំង​ថៅកែ​រោង​ចក្រ​រក​ដំណោះ​ស្រាយ​ និងពិនិត្យ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្ដិ​រោង​ចក្រ​ដែលក្រុម​កម្មករ​គប់ដុំ​ថ្ម​ និង​វាយ​បំផ្លាញ​ ។ អ្នក​សង្កេតការណ៍​របស់​អង្គការ​សង្គមស៊ីវិល​ និង​មហាជន​ កំពុង​តាម​ដាន​ហេតុ​ការណ៍​​នេះ​ថា​ តើ​ដំណោះ​ស្រាយ​យ៉ាង​ណា​ ហើយ​នៅ​ថ្ងៃ​ទី​២​ ឧសភា​ ខាង​មុខ កម្មករ​-កម្មការិនី​នឹង​ចូល​ធ្វើ​ការ​វិញ​​ ឬ​យ៉ាង​ណា​ ។ អង្គ​ការ​សង្គម​សីុវិល​បាន​អំពាវ​នាវ​ឱ្យ​កម្ម​ករ​និយោ​ជិត​ចូល​ធ្វើ​ការ​វិញ​ ហើយ​ឈប់​ធ្វើ​កូដ​កម្ម​ឬ​បាតុ​កម្ម​​ទៀត ។ ព្រឹត្ដិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ឯ​ក្រុង​បាវិត​នោះ សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ សូម​ឱ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ធានា​សន្ដិសុខ​ សុវត្ថិភាព​ដល់អ្នក​វិនិយោគ​និង​កម្មករ​-​កម្មការិនី​ដែល​មាន​បំណង​ចូល​ធ្វើ​ការ​ ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ GMAC ចុះ​ថ្ងៃ​ទី​២៨​ មេសា​ បាន​ប្រកាស​ថា​ សមាគម​បាន​អំពាវ​នាវ​យ៉ាង​ទទូច​ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចុះថ្ងៃ​ទី​២៥​ មេសា​ ឆ្នាំ​២០១៤ ឱ្យ​រាជ​រដ្ឋាភិបាល​ ស្ថាប័ន​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ដែនដី​ចាត់​វិធាន​ការ​ទប់​ស្កាត់​បាតុកម្ម​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​​ និង​មេន​ហាន​ធេន​ ក្រុង​បាវិត​ តែ​រហូត​មក​ដល់​ពេល​នេះ​ បាតុកម្មនៅ​តែ​បន្ដ​កើត​ឡើង​ដដែល​ និង​គ្មាន​ការ​ទប់ស្កាត់​ឡើយ​ ។​ សមាគម​​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ (GMAC) ចាត់ទុក​ថា​ ការ​មិន​អើពើ​ និ​ង​បណ្ដែត​បណ្ដោយ​ឱ្យ​សហព័ន្ធ​សហជីព​ ធ្វើអ្វី​តាម​តែ​អំពើ​ចិត្ដ​ គឺ​ជា​ការ​បំផ្លាញ​នូវ​ទំនុកចិត្ដ​របស់អ្នក​វិនិយោគ​ទៅ​លើ​រាជ​រដ្ឋា​ភិបាល​នៅក្នុង​ការ​ការពារ​សុវត្ថិភាព​ និងផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ពួក​គេ​ និង​ជា​ការ​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ខ​ិត​ខំ​កៀរគរ​អ្នកវិនិយោគ​ឱ្យមកធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ។​

ចំណែក​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​-កម្មការិនី​ជាង​៣.០០០​នាក់​ របស់​រោង​ចក្រ​ស្បែក​ជើង​ជូហួយ​ នៅ​ស្រុកជើង​ព្រៃ​ ខេត្ដ​កំពង់​ចាម​ វិញ​ តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៩​ មេសា​សមត្ថកិច្ច​គ្រប់​ផ្នែក​ក្នុង​នោះមាន​ដូចជា​ នគរ​បាល​អន្ដរាគមន៍​ខេត្ដ​ កងរាជ​អាវុធ​​ហត្ថ​ និង​ទាហាន​ ព្រម​ទាំង​កង​កម្លាំង​នៅ​មូលដ្ឋាន​ បាន​ត្រៀម​ជើង​ការ​ប្រដាប់​ដោយខែល​ រថយន្ដ​ពន្លត់​អគ្គិភ័យ​ ដើម្បីទប់ទល់​នឹង​ក្រុម​បាតុករ​ ប្រសិន​ណា​បើ​មាន​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៦​ ដូច​កាល​ពី​ថ្ងៃ​ទី​២៨​ មេសា​ ។​ នៅព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ លោក​ ខ្យង​ ស្រេង​ តំណាង​កម្មករ​-កម្មការិនី​ជាង​៣.០០០​​នាក់​ បាន​ប្រាប់តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា​ ដោយ​សារ​តែ​ការ​ទាម​ទារ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​ នៅព្រឹក​ថ្ងៃ​ទី​២៨​ មេសា​ មិន​បាន​សម្រេច​ ទើប​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ រូប​លោក​រួម​នឹង​កម្មករ​-កម្មការិនី​រាប់ពាន់នាក់​ បន្ដ​ការ​ទាម​ទារ​ទៀត​ ។​ លោក​​ ខ្យង​ ស្រេង​ បានប្រាប់​ថា​ លក្ខខណ្ឌ​៣​ចំណុច​ដែល​កម្មករ​តវ៉ា​នោះ​ ថៅកែ​រោង​ចក្រ​បាន​យល់​ព្រម​តែ​ចំណុចទី​៣​ ដែលលើក​ឡើង​ថា​ ឱ្យ​ក្រុម​ហ៊ុន​ជួយសម្រួល​ដល់​អ្នក​បើក​បរ​រថយន្ដ​ឱ្យ​មាន​កន្លែង​ចត​ត្រឹម​ត្រូវ​ ឬ​ជួយ​បង់​ប្រាក់សម្រាប់​ថ្លៃ​ផ្ញើ​រថយន្ដ​ប្រចាំ​ខែ​ចំនួន​៥​ដុល្លារ​ ក្នុង​១ខែ​ ដល់​អ្នក​បើក​បរ​រថយន្ដ​ទាំង​​អស់​ ។​

នៅព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ កម្មករ​-កម្មការិនី​ប្រហែល​ជាង​១.០០០​នាក់​ បាន​ចូល​ធ្វើ​ការ​ ចំណែក​២.០០០​នាក់​ទៀត​ មិន​ចូលធ្វើ​ការ​ទេ​ និង​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ ដោយ​សារ​តែ​មាន​ការ​ណែ​នាំ​ពី​លោកអភិបាល​រង​ខេត្ដ​ ក្នុង​នាម​តំណាង​កម្មករ​មិន​បាន​បិទ​ផ្លូវ​បន្ដ​ទៀត​ទេ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ ។​ ចំពោះ​កូដ​កម្ម​ ឬ​បាតុកម្ម​ក៏មិនធ្វើ​ទៀត​ដែរ​ ដោយ​គ្រាន់​តែ​នាំ​គ្នា​មិន​ចូលធ្វើ​ការ​ប៉ុណ្ណោះ​ ព្រោះ​នៅសល់​២​ចំណុច​ទៀត​ដែលមិនបាន​ដោះស្រាយ​ ។​
លោក​ ឆាយ​ វ៉ាន់​ស៊ី​ អភិបាលស្រុកជើង​ព្រៃ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ដោយ​សារ​តែ​មាន​ការ​ណែ​នាំ​ពី​ថ្នាក់​លើ​ នៅ​វេលា​ម៉ោង​៥​ភ្លឺ​ ថ្ងៃ​ទី​២៩​ មេសា​ រូប​លោកបាន​ដឹកនាំ​កង​កម្លាំង​គ្រប់​ផ្នែក​ចុះទៅ​ដល់​មុខ​រោង​ចក្រ​ជូហួយ​ ដែល​មាន​ទីតាំង​ស្ថិត​នៅឃុំ​ខ្នុរ​ដំបង​ ស្រុកជើង​ព្រៃ​ រួមទាំង​រថយន្ដ​ពន្លត់អគ្គិភ័យ​ផង​ ដើម្បី​ត្រៀម​ជើង​ការ​ទប់ទល់​នឹង​ក្រុម​បាតុករ​ ហើយ​ប្រសិន​បើ​មាន​ការ​បិទ​ផ្លូវ​ដូច​នៅ​ថ្ងៃ​ទី​២៨​ មេសា​ នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់​ ។​

លោកអភិបាល​ស្រុក​ជើង​ព្រៃ​ បាន​បញ្ជាក់​ថា​ ក្នុង​ពេល​ដែល​មាន​បញ្ហា​វិវាទ​កើត​ឡើង​នេះ​លោក ក្រួច​ សុផានី​ អគ្គលេខាធិការ​រង​ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​សម្រាប់ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ គ្រប់មុខ​សញ្ញា​ បាន​អញ្ជើញ​មក​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ​ជា​មួយ​នឹង​ថៅកែ​រោង​ចក្រ​ស្បែក​ជើង​ រហូត​ដល់​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ មេសា​ តែ​មិន​មាន​ការ​ជឿន​លឿន​ទៅមុខ​ទេ​ ៕