ខេត្តសៀមរាប ៖ នៅទីបំផុត សុបិនអាក្រក់ក្នុងរាត្រីដ៏ងងឹតសូន្យសុងនៃការរបូតទីតាំងអតីតភូមិគ្រឹះស្តេចត្រាញ់ ដាប ឈួន ម្ជុលពេជ្រ ពីការគ្រប់គ្រងរបស់រដ្ឋ បានធ្លាក់ក្នុងកណ្តាប់ដៃបុគ្គលឯកជន ក៏វាបានក្លាយជាការពិត១០០ភាគរយហើយ ខណៈពេលគេបានឃើញអគារចំនួន៣ ដែលជាផ្នែកមួយនៃបរិវេណនោះ កំពុងត្រូវបានគេវាយកម្ទេចចោល ។
ទីតាំងផ្ទះ ដាប ឈួន ម្ជុលពេជ្រ ជាអតីតរបស់ស្តេចត្រាញ់ ដែលមានប្រវត្តិក្បត់ជាតិ កាលពីសម័យសង្គមរាស្ត្រនិយម ស្ថិតនៅតាមបណ្តោយវិថីសាលដឺហ្គោល (ផ្លូវទៅកាន់អង្គរវត្ត) ត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលសិល្បៈយុវជនខេត្ត ក្រោយថ្ងៃរំដោះ៧មករា ក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ។ ថ្មីៗត្រូវបានលក់ទៅឱ្យក្រុមហ៊ុនជី អែន អ (G&R) ដែលជាក្រុមហ៊ុនសាងសង់បុរីរដ្ឋបាលខេត្តសៀមរាប ដ៏ចម្រូងចម្រាស់កាលពីពេលកន្លងទៅ ក្រោមរូបភាពដោះដូរទីតាំងដូចអគារមន្ទីរអង្គភាពរដ្ឋប្រមាណជិត៣០មន្ទីរនៅក្នុងខេត្តនេះដែរ ប្រៀបដូចយកឆ្នាំងមាសដូរយកឆ្នាំងដី ។
ការបាត់បង់ទីតាំងប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យក្រុមបញ្ញវ័ន្ត រួមមានមគ្គុទ្ទេសក៍ទេសចរណ៍ សាស្ត្រាចារ្យ គ្រូបង្រៀន គ្រូសិល្បៈ និងក្រុមយុវជន រួមទាំងជនបរទេស បានសម្តែងក្តីសោកស្តាយជាពន់ពេក ខណៈការអំពាវនាវរបស់ពួកគេ ឱ្យទប់ស្កាត់ការលក់ទ្រព្យសម្បត្តិជាតិ ប្រកបដោយកង្វះតម្លាភាពនោះ បានជួបនូវការបរាជ័យទាំងផ្ទាំងៗ ។ អនុប្រធានការិយាល័យយុវជន លោក ថាវ ថាន ដែលបានគ្រប់គ្រងមជ្ឈមណ្ឌលយុវជននោះតាំងពីឆ្នាំ១៩៨៨ រហូតមក បានឱ្យដឹងថា ទីតាំងនេះលែងផ្តល់ឱកាសដល់យុវជនធ្វើសកម្មភាពដូចមុន ចាប់តាំងពីមុនចូលឆ្នាំខ្មែរមកម៉្លេះ ព្រោះថ្នាក់លើបានបញ្ចប់ការសម្របសម្រួលប្រគល់ទៅឱ្យក្រុមហ៊ុនសាងសង់សាលាខេត្តបាត់ទៅហើយ ។
លោកបានបន្ថែមទាំងក្តីក្តុកក្តួលថា ដូចឃើញស្រាប់ហើយ បច្ចុប្បន្នខាងម្ចាស់ថ្មីគេចូលមកគ្រប់គ្រងជំនួសហើយ លើផ្ទៃដីជាងមួយហិកតាកន្លះ ដោយបានចាប់ផ្តើមវាយកម្ទេចអគារសម្តែងសិល្បៈអស់ចំនួន៣រួចទៅហើយ គឺនៅសល់តែអគារផ្ទះ ដាប ឈួន ប៉ុណ្ណោះ ដែលនៅមិនទាន់វាយចោល ។
ជាមួយនឹងការវាយកម្ទេចចោលអគារសិល្បៈនោះដែរ ជនបរទេសម្នាក់ ដែលជាអ្នកបម្រើការផ្នែកសង្គមនៅក្នុងទឹកដីខេត្តសៀមរាប បានសម្តែងការភ្ញាក់ផ្អើល និងមានចម្ងល់តាមសារអេឡិចត្រូនិកថា «ខ្ញុំគ្រាន់តែបើករថយន្តនៅតាមវិថី Charles de Gaule ហើយក្រឡេកមើលទៅខាងឆ្វេងនៃអគារតន្ត្រី និងសិល្បៈ សាលាប្រពៃណី បែរជាឃើញមានការវាយកម្ទេចចោលបាត់អស់ ។ សាររបស់គាត់បានបន្តថា តាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា ទីនេះហាក់ដូចជាសាលារដ្ឋាភិបាល ដែលផ្តល់មូលនិធិដោយអង្គការក្រៅរដ្ឋាភិបាលអុីតាលី និងជាកន្លែងយុវជនធ្វើសកម្មភាពផងដែរ ។ ចុះបើគេវាយចោលយ៉ាងដូច្នេះ តើយុវជនខ្មែរទាំងនោះបានកន្លែងអ្វីបញ្ចេញសកម្មភាពសង្គមរបស់ពួកគេ ?
ឆ្លើយតបទៅនឹងចម្ងល់របស់ជនបរទេសរូបនោះ លោក ថាវ ថាន ឱ្យដឹងថា ក្រោយពីការបណ្តេញចេញមក ក្រុមលោកគ្រូ អ្នកគ្រូ ព្រមទាំងយុវជន នៅមិនទាន់មានទីតាំងថ្មីជំនួសទេ ខណៈទីតាំងដែលត្រូវផ្តល់ជូន ស្ថិតនៅក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងបុរីរដ្ឋបាលខេត្ត ដែលត្រូវបានគេរើចេញមកកាន់អគារអាជ្ញាធរអប្សរាវិញ ហើយពេលនេះយើងសម្រេចខ្ចីបរិវេណសាលាបឋមសិក្សាធ្លកអណ្តូង នៅត្រាំនាគ ជំនួសជាបណ្តោះអាសន្នយ៉ាងកម្សត់ ។ មានមាឌតូចល្អិត ស្លៀកខោជើងខ្លី ពាក់អាវយឺត អាយុប្រមាណជាង៥០ឆ្នាំ លោកថាន បានបង្ហាញពីអារម្មណ៍សោកស្តាយកន្លែងធ្វើការចាស់របស់គាត់យ៉ាងដូច្នេះថា «ខ្ញុំមានអនុស្សាវរីយ៍នៅទីនេះជាង២០ឆ្នាំហើយ ។ ខ្ញុំស្រឡាញ់ទីនោះណាស់ ព្រោះវាជាកន្លែងធ្វើការផង និងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រផង ។ នៅពេលនេះ ខ្ញុំបានឱ្យគេថត និងគូរអគារទាំងមូលទុកដើម្បីរំលឹកអនុស្សាវរីយ៍ ព្រោះនៅថ្ងៃណាមួយ អគារផ្ទះ ដាប ឈួន ម្ជុលពេជ្រ នឹងត្រូវកម្ទេចចោលដូចអគារចំនួន៣ផ្សេងទៀតដែរ» ។
លោក ថាវ ថាន បានរៀបរាប់បន្ថែមទៀតថា មជ្ឈមណ្ឌលយុវជនដែលបានរបូតពីដៃរដ្ឋហ្នឹង វាបានបម្រើឱ្យសកម្មភាពយុវជនខ្លាំងសម្បើមណាស់ ដោយសារតែវាស្ថិតនៅចំកណ្តាលបេះដូងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ សារព័ត៌មានកោះសន្តិភាព បានទទួលលិខិតចំហមួយច្បាប់ ចេញពីប្រភពបញ្ញវ័ន្តមួយក្រុម មានមគ្គុទេសក៍ទេសចរណ៍ សាស្ត្រាចារ្យ គ្រូបង្រៀន គ្រូសិល្បៈ និងក្រុមយុវជន ដែលមិនបានបញ្ចេញឈ្មោះ បានស្នើឱ្យជួយអន្តរាគមន៍ជាបន្ទាន់ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានរៀបរាប់យ៉ាងដូច្នេះថា ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំបទបញ្ជានាយករដ្ឋមន្ត្រី លក់ដីប្រវត្តិសាស្ត្រ «ដាប ឈួន» ដែលមានទីតាំងនៅផ្លូវទៅអង្គរវត្ត ឈ្មោះ «មជ្ឈមណ្ឌលយុវជនខេត្តសៀមរាប» ទៅឱ្យក្រុមហ៊ុន ជី អែន អ ។
នៅក្នុងលិខិតដដែលនោះ បានសរសេរថា ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំនាយករដ្ឋមន្ត្រី ដោះដូរដីមួយកន្លែង ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលយុវជនខេត្តសៀមរាប ហើយថ្មីៗនេះ ក្រុមឈ្មួញកំពុងរៀបចំលក់ដីនេះបន្តទៀតយ៉ាងស្ងៀមស្ងាត់បំផុត នៅពេលដែលអសកម្មភាពយុវជនសាលាសិល្បៈក៏ដូចទីតាំងអ្នកចាស់ ក្នុងដីនេះកំពុងដំណើរការ ។ លិខិតចំហដដែលនោះ បានសរសេរបន្ថែមថា បើយោងតាមឯកសារលក់ គឺបានបំភាន់នាយករដ្ឋមន្ត្រីថា «មានអគារចាស់ទ្រុឌទ្រោម មិនដំណើរការ» ដោយមិនបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថាជាដី និងអគារលោក ដាប ឈួន ម្ជុលពេជ្រឡើយ ។ តម្លៃដីប្រវត្តិសាស្ត្រទំហំ១៥.៣៣៤ម៉ែត្រការ៉េ លក់ឱ្យឈ្មួញក្នុងតម្លៃប្រហែល៥០ម៉ឺនដុល្លារ ចំណែកឈ្មួញលក់ចេញវិញ ១ម៉ែត្រការ៉ែ៥០០ដុល្លារ គឺជាង៧លានដុល្លារ គឺជារឿងចាញ់បោកធំណាស់ ។
លិខិតដដែលបានបន្តថា បើសិនជាសម្តេចជ្រាបដឹង យើងខ្ញុំយល់ថា សម្តេចមិនឯកភាពជាដាច់ខាត ហើយការលក់នេះ បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងណាស់ទៅដល់ ទីតាំងបោះជំរំយុវជនទូទាំងប្រទេស ប៉ះពាល់លើអង្គការអុីតាលី ជួយសង្គ្រោះកុមារដែលកំពុងរៀនសិល្បៈ សិស្សក្រីក្រ ក្មេងកំព្រា ក្មេងមិនចូលសាលា ។ល។ មិនតិចជាង៣០០នាក់ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៥ឆ្នាំ ក៏ដូចជាប៉ះពាល់ទីផ្សារលក់ផលិតផលខ្មែរ របស់ស្ត្រីក្រីក្រ និងជនពិការទៀតផង ។ បើចង់អភិវឌ្ឍន៍ ហេតុអ្វីមិនលើកគំ្រោងសុំសម្តេចតេជោ ឬរកម្ចាស់ជំនួយធ្វើអគារបន្ថែមក្នុងទីតាំងដីទំនេរដ៏ធំនេះ បែរជាយកដីប្រវត្តិសាស្ត្រទៅលក់ប្រហែលជា៥០ម៉ឺនដុល្លារទៅវិញ ។ លិខិតដដែលនោះ បានបញ្ជាក់ថា មគ្គុទេសក៍ យុវជនខ្មែរ គ្រូបង្រៀន គ្រូសិល្បៈ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តមួយចំនួនដែរ បានដឹងឮ មានការហួសចិត្ត សោកស្តាយ និងព្រួយបារម្ភណាស់ ចំពោះការកុហក់សម្តេចតេជោ ដើម្បីដីប្រវត្តិសាស្ត្រមួយកន្លែងនេះដែលនឹងធ្វើឱ្យបាត់ដានប្រវត្តិសាស្ត្រអតីតមេទ័ព ដាប ឈួន ក្នុងខេត្តសៀមរាប ដែលអ្នកណាក៏ចង់ដឹង និងចង់ស្គាល់គ្រប់ៗគ្នា «ប្រវត្តិសាស្ត្រជារបស់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់នោះទេ» ។
ទោះជាយ៉ាងនេះក្តីការប្រកាសលក់ទីតាំងប្រវត្តិសាស្ត្រផ្ទះ ដាប ឈួន ហៅម្ជុលពេជ្រ ដែលជាមេទ័ពមួយរូប ដែលបានក្បត់នឹងព្រះមហាក្សត្រខ្មែរនាសម័យសង្គមរាស្ត្រនិយម គឺសម្តេចព្រះនរោត្តម សីហនុ កាលពីទសវត្សទី៦០នោះ ត្រូវបានក្លាយទៅជាចរន្តមួយផ្ទុយពីបម្រាមរបស់នាយករដ្ឋមន្ត្រីខ្មែរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលពោរពេញទៅដោយគតិបណ្ឌិត ។ កាលពីថ្ងៃទី២១ កញ្ញា ២០០៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា កន្លងទៅនេះមានអ្នករត់ការសុំស្នើធ្វើការដោះដូរទីតាំងសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា ទាំងក្នុងរាជធានីភ្នំពេញ ទាំងតាមខេត្ត-ក្រុង មួយចំនួនទៀតផង ។
នៅក្នុងលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ទាំងពីរ រូបនោះបានបន្តថា ពិតណាស់ជាមួយនឹងការខិតខំប្រឹងប្រែងកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យអប់រំ សុខាភិបាល រដ្ឋយើងនៅត្រូវការកសាងសាលារៀន និងមន្ទីរពេទ្យច្រើនទេៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រជាពលរដ្ឋយើង ។ ទីតាំងសព្វថ្ងៃនេះរបស់សាលារៀន និងមន្ទីរពេទ្យនានា ត្រូវការជ្រើសរើសឱ្យស្របទៅនឹងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ងាយស្រួលក្នុងការធ្វើដំណើរទៅរៀនរបស់ក្មួយក៏ដូចជាក្នុងការទៅរកការសង្គ្រោះឬព្យាបាលជំងឺដែរ ។ ដោយហេតុនេះហើយ សូមលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ខិតខំរក្សាទីតាំងបច្ចុប្បន្នរបស់សាលារៀន មន្ទីរពេទ្យ រាប់ទាំងមត្តេយ្យសាលា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងស្ថាប័នឧត្តមសិក្សា ក៏ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យគ្រប់កម្រិត ក្នុងរាជធានីក្តី តាមខេត្ត-ក្រុងនានាក្តីឱ្យបានគង់វង្សល្អ ដោយពុំត្រូវឱ្យមានការដោះដូរទីតាំងទាំងនោះជាដាច់ខាត ។
ក្រៅពីព័ត៌មានទាក់ទិនទៅនិងការលក់ដីទីតាំងផ្ទះដាប ឈួន ម្ជុលពេជ្រ ដ៏មានតម្លៃមហាសាលនោះនៅខេត្តសៀមរាប គេក៏បានឮដែរថា សាលាមត្តេយ្យត្រីកោណ នៅជាប់ផ្សារចាស់ដែលជាកន្លែងប្រមូលផ្តុំដោយទេសចរណ៍ចម្រុះជាតិសាសន៍នោះដែរ ក៏ត្រូវបានគេឃុបឃិតគ្នាលក់ស្ងាត់បាត់អស់ហើយដែរ ចាំតែថ្ងៃបុគ្គលិកនៅទីនោះវេចសំពាយដើរចេញទេ ។
គួរបញ្ជាក់ថា អគារមន្ទីរបម្រើការរបស់អង្គភាពរដ្ឋចំនួន២៧ ដែលស្ថិតនៅកណ្តាលបេះដូងក្រុងទេសចរណ៍សៀមរាប ត្រូវបានគេធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់កាលពីអំឡុងឆ្នាំ២០១០ កន្លងទៅ សម័យអភិបាលខេត្តមុន ដោយតម្រូវឱ្យទៅកាន់ទីតាំងថ្មីមួយនៅវាលរហោស្ថាន «ប្រៀបដូចចិនដេញខ្មែរ ហើយខ្មែរដេញខ្មោច» មានឈ្មោះថា បុរីរដ្ឋបាល ប្រមូលផ្តុំមួយ ស្ថិតនៅជាយក្រុងប៉ែកខាងកើត ដែលមានចម្ងាយរហូតដល់ជាង២០គីឡូម៉ែត្រ ធ្វើឱ្យមន្ត្រីរាជការជាច្រើននាក់បានត្អូញត្អែពីការលំបាកយា៉ងខ្លាំងអំពីការចំណាយប្រចាំថ្ងៃ ។ ហើយពេលនេះមានសេចក្តីរាយការណ៍មកថា អង្គភាពរដ្ឋមួយចំនួនពុំសូវមានមន្ត្រីទៅបម្រើការជាប់លាប់ទេ ព្រោះឆ្ងាយពេក ។ ពេលមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត ក្នុងរឿង «យកឆ្នាំងមាស ដូរយកឆ្នាំងដី» ដ៏ចម្រូងចម្រាស់នេះ ៕
ចែករំលែកព័តមាននេះ