រាជធានីភ្នំពេញ ៖ អ្នកភូមិប្រុសស្រីប្រមាណ៤០០នាក់ នៅឃុំពញាឮ វេលាម៉ោង១១ព្រឹកថ្ងៃទី២៩ មេសា បានលើកគ្នាបិទផ្លូវជាតិលេខ៥ ប្រមាណជាង២ម៉ោងដោយប្រើប្រាស់មែកឈើ និងដុតកង់រថយន្តបិទការធ្វើចរាចរណ៍លើកំណាត់ផ្លូវក្នុងចេតនាប្រឆាំងតវ៉ាជាមួយក្រុមហ៊ុនផាន អីុមិុច ដែលនាំមន្ត្រីជំនាញចុះទៅវាស់ដីស្រែរបស់ពួកគាត់ដែលពួកគេបានអះអាងថា មិនបានលក់ទៅឱ្យក្រុមហ៊ុនណាមួយឡើយ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកពញាឮបានឱ្យដឹងថា នៅម៉ោង៨ព្រឹក ថ្ងៃទី២៩ មេសា មន្ត្រីភូមិបាលស្រុកបានចុះទៅវាស់ដីស្រែស្ថិតក្នុងភូមិអំពិលទឹក និងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ។ ពេលនោះក៏មានប្រតិកម្មពីប្រជា ពលរដ្ឋដែលកាន់កាប់ដីនោះ ទៅធ្វើការហាមឃាត់មិនឱ្យវាស់វែងទេ ។ ប្រជាពលរដ្ឋប្រាប់ថា ខាងភូមិបាលស្រុកទៅវាស់ដីនោះទំហំ៦០ហិកតា នៅក្នុងភូមិសាស្ត្រភូមិអំពិលទឹក និងភូមិពញាឮ ដើម្បីធ្វើប្លង់ ឬប័ណ្ណកាន់កាប់ដីឱ្យទៅក្រុមហ៊ុនផាន អីុមិុច ដែលទិញយូរឆ្នាំហើយ ។ ដោយសារតែខ្លាចបាត់បង់ដីស្រែដែលពួកគាត់កំពុងកាន់កាប់សព្វថ្ងៃ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាបិតចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥នៅក្នុងភូមិសាស្ត្រឃុំពញាឮតែម្ដង ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា ប្រជាពលរដ្ឋប្រមាណ៤០០នាក់បាននាំគ្នាមកដាក់មែកឈើកាត់ទទឹងផ្លូវជាតិ និងដុតកង់រថយន្តនៅកណ្ដាលផ្លូវជាតិលេខ៥ ដើម្បីធ្វើការតវ៉ាប្រឆាំងជាមួយក្រុមហ៊ុនដែលមានទំនាស់ដីធ្លីជាមួយពួកគេយូរហើយ ។ ការបិទផ្លូវជាតិលេខ៥នេះ អស់រយៈពេលជាង២ម៉ោងមិនអាចធ្វើចរាចរណ៍បានរហូតដលម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទើបមានដំណោះស្រាយត្រូវ ក៏ព្រមបើកផ្លូវវិញ ។ តាមប្រភពព័ត៌មានបានបន្ថែមឱ្យដឹងថា ដីមានទំនាស់ចំនួន៦០ហិកតានោះត្រូវបានអ្នកភូមិ២២០គ្រួសារ នៅភូមិអំពិលទឹក និងភូមិពញាឮ អះអាងថា ជាដីកម្មសិទ្ធិដែលពួកគាត់បានកាន់កាប់ស្របច្បាប់ និងមិនដែលបានលក់ឱ្យអ្នកណាឡើយ ។
ពួកគេនិយាយប្រាប់អ្នកកាសែតថា ស្រាប់តែមានអាជ្ញាធរ និងភូមិបាលស្រុកចុះមកវាស់ដីគាត់បំណងធ្វើប្លង់ ឬប័ណ្ណកម្មសិទ្ធិឱ្យក្រុមហ៊ុនផាន អីុមិុច ទើបពួកគាត់ធ្វើការតវ៉ា ។ សមត្ថកិច្ចនគរបាលដែលចុះទៅរៀបចំសណ្ដាប់ធ្នាប់ពេលបិទផ្លូវនោះបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកអស់រយៈពេលជាង២ម៉ោង ទើបពួកគេព្រមបើកផ្លូវឡើងវិញ ។អ្នកភូមិទាំងនោះបានសំណូមពរដល់អាជ្ញាធរឱ្យជួយចេញប័ណ្ណកាន់កាប់ដីធ្លីស្របច្បាប់ដល់ពួកគាត់ទាំង២២០គ្រួសារផង ដើម្បីមានទំនុកចិត្តចៀសផុតពីការរំលោភបំពានពីក្រុមហ៊ុន ។
ម្សិលមិញនេះកោះសន្ដិភាពមិនអាចស្វែងរកការបំភ្លឺបានពីមន្ត្រីភូមិបាល ក៏ដូចជាជាតំណាងក្រុមហ៊ុនបាននៅឡើយ នាថ្ងៃដដែលនេះ ព្រោះតាមទូរស័ព្ទមិនអាចទាក់ទងបាន ។ ការិយាល័យនិពន្ធជឿជាក់ថា ក្រុមហ៊ុនផាន អីុមិុច គួរតែបំភ្លឺដើម្បីឱ្យមហាជនបានយល់ពីដីទំនាស់នេះ តើភាគីណាជាអ្នករំលោភ? ចៀសវាងខូចឈ្មោះដោយសារអ្នករំលោភ ៕
ចែករំលែកព័តមាននេះ