រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំវិធានការក្តៅ ដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់ការជួបជុំ ឬតវ៉ាណាមួយរបស់គណបក្សនយោបាយ តាមទីសាធារណៈនានានៅរាជធានីភ្នំពេញ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ខាងមុខ និងការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ។
វិធានការក្តៅនេះ ត្រូវបានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈបញ្ជាការឯកភាពនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មេសា ដោយមានការចូលរួមពីអភិបាលខណ្ឌគ្រប់ខណ្ឌ សមត្ថកិច្ចគ្រប់ផ្នែក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ឧសភា តទៅ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រមូលផ្តុំណាមួយនៅតាមដងផ្លូវ ឬទីសាធារណៈក្នុងរាជធានីភ្នំពេញទេ លើកលែងតែនៅតាមទីស្នាក់ការ និងទីតាំងឯកជននានា ។ លោកព្រមានថា អាជ្ញាធរនឹងមានវិធានការក្តៅ ឬក៏បង្ក្រាបភ្លាមៗ គឺមិនបណ្តែតបណ្តោយឱ្យជនប៉ុន្មាននាក់នោះ បង្កការអុកឡុកធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសន្តិសុខដល់ប្រជាពលរដ្ឋរាប់លាននាក់ទេ ។
លោក ប៉ា សុជាតិវង្ស បានលើកហេតុផលថា ដោយសារអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌនៅភ្នំពេញ មានតែ៨១០នាក់ប៉ុណ្ណោះ សុទ្ធសឹងតែជាសមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែងស្រាប់ ហើយក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន៥៧០នាក់ និងមកពីគណបក្ស សម រង្សុី មានចំនួន២៤០នាក់ ដូច្នេះការបើកយុទ្ធនាការឃោសនាក្នុងទ្រង់ទ្រាយធំ វាហាក់ដូចជាមិនសមស្របតែម្តង ។ យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៩ មេសា បានប្រកាសថា គណបក្សនេះនឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅថ្ងៃទី២ ឧសភា វេលាម៉ោង២រសៀល នៅទីលានប្រជាធិបតេយ្យ ។ សេចក្តីជូនដំណឹងនេះ ហាក់ដូចជាមានការផ្តោតទៅលើក្រុមយុវជន យុវតី ។
ការប្រកាសធ្វើយុទ្ធនាការនេះ ក៏បានឱ្យដឹងថា ដឹកនាំដោយលោក សម រង្សុី និងលោក កឹម សុខា ។ មិនដឹងថា តើការប៉ុនប៉ងជួបជុំរបស់គណបក្សសង្គ្រោះជាតិ អាចទៅរួច ឬក៏អត់ ? លោក ប៉ា សុជាតិវង្ស បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមច្រកចេញចូលរាជធានីភ្នំពេញ និងធ្វើការត្រួតពិនិត្យរដ្ឋបាលឱ្យបានជាប់ជាប្រចាំ ចាប់ពីថ្ងៃទី៣០ មេសា តទៅ និងត្រៀមកម្លាំងសណ្តាប់ធ្នាប់៥០០នាក់ ក្នុង១ខណ្ឌ ដើម្បីចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងខណ្ឌ ដោយយកកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាកម្លាំងស្នូល ។ គ្រប់មន្ទីរជំនាញទាំងអស់ ត្រូវតែមានតួនាទីក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលរបស់រាជធានី ខណ្ឌ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលត្រូវកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់បំផុត ។ ពិសេសក្នុងឱកាសឃោសនាបោះឆ្នោតនេះ ពីព្រោះថា កន្លងមកមានគណបក្សនយោបាយមួយចំនួន បានប្រើរូបភាពផ្ទុយពីការឃោសនារកសំឡេងឆ្នោត តាមគោលការណ៍ច្បាប់បានកំណត់ និងបែរជាមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ឬចលាចលដល់សង្គមជាតិទាំងមូលទៅវិញ ។ ដូច្នេះសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ជួបជុំ ឬដង្ហែក្បួននៅតាមទីសាធារណៈឡើយ ។ គួរបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស មានវិធានការក្តៅខាងលើនេះ ដោយលោកសំអាងទៅលើលិខិតមួយច្បាប់ចុះថ្ងៃទី២៣ មេសា ដែលសាលារាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ មានចំនួន៣ចំណុចគឺ ៖
១-មិនគប្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើការប្រមូលផ្តុំ និងដង្ហែក្បួនឃោសនាតាមទីតាំង និងដងផ្លូវសាធារណៈ តែអាចរៀបចំការជួបជុំនៅតាមទីស្នាក់ការ និងទីតាំងឯកជននានាវិញ ដោយសារអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ មានចំនួនតែ៨១០នាក់ប៉ុណ្ណោះ សុទ្ធសឹងជាសមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែងស្រាប់ ។ ម៉្យាងវិញទៀត ការឃោសនាបោះឆ្នោត មានគោលបំណងបង្កលក្ខណៈឱ្យបេក្ខជន និងគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ដល់អ្នកបោះឆ្នោត ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ២-ចំពោះការបិទផ្សាយខិត្តប័ណ្ណ ប័ណ្ណប្រកាស ឯកសារគ្រប់ប្រភេទ ផ្ទាំងរូបភាពផ្សេងៗ និងការលើកស្លាកនៅតាមទីសាធារណៈ សម្រាប់បម្រើឱ្យខ្លឹមសារឃោសនាបោះឆ្នោតគ្រប់រូបភាព របស់គណបក្សនយោបាយនានា ចាំបាច់ត្រូវសុំការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យស្របតាមខ្លឹមសារលិខិតណែនាំលេខ៩៣០ ស.ជ.ណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ។
៣-អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការបញ្ឈប់រាល់ការឃោសនាទាំងឡាយណារបស់គណបក្សនយោបាយ បេក្ខជន ឬតំណាងដែលប្រាសចាកពីច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ។ ក្នុងករណីរឹងរូស ឬប្រើអំពើហិង្សា ជេរប្រមាថ មកលើភ្នាក់ងារមានសមត្ថកិច្ចនោះ ត្រូវចាត់វិធានការឃាត់ខ្លួនជនដៃដល់ និងអ្នកទទួលខុសត្រូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ សូមបញ្ជាក់ថា លិខិតដែលសាលារាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ នោះក្តី ក្រសួងមហាផ្ទៃ បានឯកភាពទាំងស្រុង និងណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពទៀតផង ៕
ចែករំលែកព័តមាននេះ