រាជធានីភ្នំពេញ ៖ ប្រមាណជាកន្លះឆ្នាំមុន កីឡាករជើងខ្លាំងជ័យ កុសល មកពីក្លិបសិង្ហកីឡា បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅប៉ុន្មានប្រកួតចុងក្រោយរបស់គេ ។ ប៉ុន្ដែបើក្រឡេកមកមើលបច្ចុប្បន្នភាពរបស់គេវិញ គេបែរជាគេចផុតយ៉ាងស្រួលនៅគ្រប់ទម្រង់ដែលធ្លាប់ពេបជ្រាយទាំងនោះ ។
ការរិះគន់ដែលគេបានឮនាពេលកន្លងមកនោះ មិនមែនហេតុផលជ័យ កុសល លក់ខ្លួន ឬលក់ឧត្ដមគតិក្នុងពេលប្រកួតនោះទេ ប៉ុន្ដែបញ្ហាទាំងនោះ វាចេញពីការធ្លាក់ដៃរបស់គេ ដែលបណ្ដាលមកពីវ័យក៏ជ្រេ កម្លាំងក៏ខ្សោយ និងខ្វះការបំប៉នក្នុងពេលហ្វឹកហាត់នោះតែម្ដង ។
មនុស្សភាគច្រើនបានគាំទ្រយ៉ាងខ្លាំងពេលកីឡាកររូបនេះឡើងរេញម្ដងៗ ប៉ុន្ដែម្នាក់ៗបានសម្ដែងអារម្មណ៍ខកចិត្ដ នៅពេលដែលគេឃើញកីឡាកររូបនេះវាយឈ្នះកីឡាករជើងថ្មីទាំងលំបាក និងអាក្រក់បំផុតគឺចាញ់កីឡាករស្រករក្រោយ ផ្ទុយពីការចង់បានរបស់អ្នកគាំទ្រ ។ ទោះជាយ៉ាងណា ជ័យ កុសល ក៏ត្រូវគេកត់សម្គាល់ថា បានដើរចេញពីការប្រដាល់ក្នុងពេលដែលខ្លួនមានឈ្មោះបោះសំឡេង ផ្ទុយស្រឡះពីកីឡាករជើងចាស់ខ្លះ ដែលឡើងរេញ១០ដង ស្ទើរតែចាញ់គូប្រកួតទាំង១០ដងទៅហើយ ក៏នៅតែឆ្លៀតឡើងរេញម្ដងម្កាល ឱ្យគេមើលឃើញពីចំណុចខ្សោយទៀត ។ ជ័យ កុសល ធ្លាប់ប្រាប់ថា លោកមិនសប្បាយចិត្ដឡើយគ្រប់ការរិះគន់ថា លោកធ្លាក់ ដៃ និងប្រកួតលែងកើតជាដើមនាពេលកន្លងមក។
អីុចឹងហើយ ទើបលោកសម្រេចចិត្ដបោះបង់ការប្រដាល់ដោយឥតស្ដាយស្រណោះ ហើយចូលប្រឡូកក្នុងអាជីពអាជ្ញាកណ្ដាល និងជាអ្នកផ្ដល់ពិន្ទុជំនួសវិញ ។ លោកបានចាប់អាជីពនេះ កាលពីមុនចូលឆ្នាំខ្មែរ គឺអំឡុងដើមឆ្នាំ២០១៤ ដោយបានបង្ហាញមុខក្នុងអាជីពថ្មី នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានទាំងឱកាសឡើងធ្វើជាអាជ្ញាកណ្ដាលចាប់គូភ្លាមៗតែម្ដងផ្ទុយស្រឡះពីអាជ្ញាកណ្ដាលខ្លះដែលប្រឡូកដល់យូរឆ្នាំទើបគេបណ្ដោយឱ្យចាប់គូ ។ក្នុងវេទិកាប្រដាល់អន្ដរជាតិ ម្នាក់ៗសុទ្ធតែឃើញថា លោកជ័យ កុសល បានផ្លាស់ប្ដូរមកកាន់ការងារថ្មី ដែលមានន័យថា លោកបញ្ចប់អាជីពឡើងប្រដាល់ទាំងស្រុង ស្របគ្នានឹងមួយរយៈមុន មានការរិះគន់កាន់តែច្រើនថាលោកធ្លាក់ដៃ និងទ្រមកម្លាំងលែងស៊ូបានជាមួយកីឡាករក្មេងៗ។
ជ័យ កុសល ប្រាប់ថា ខ្លួនទើបតែមានឱកាសចេញធ្វើការងារថ្មីនេះប៉ុណ្ណោះ ហើយក្នុងពេលខាងមុខ លោកនឹងធ្វើជាអ្នកផ្ដល់ពិន្ទុ និងធ្វើអាជ្ញាកណ្ដាលនៅលើរេញទូរទស្សន៍អាស៊ីអាគ្នេយ៍ ជារៀងរាល់សប្ដាហ៍តែម្ដង ដោយសារតែស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងបើកការប្រដាល់បន្ថែមរៀងរាល់ថ្ងៃអាទិត្យពីលើការប្រដាល់អន្ដរជាតិមួយខែម្ដងដែលមានស្រាប់ ។ នៅលើសកម្មភាពជាក់ស្ដែង កីឡាករជ័យ កុសល ត្រូវគេឃើញបំពេញភារកិច្ចចាប់គូក្នុងពេលប្រកួតបានល្អមិនចាញ់អាជ្ញាកណ្ដាលជើងចាស់ប៉ុន្មានឡើយ បើទោះជាក្នុងវេទិកាការប្រកួតជាអន្ដរជាតិនៅលើរេញទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលលោកបង្ហាញខ្លួន នៅមិនទាន់ឃើញលោកមានសំណាងបានចាប់គូអន្ដរជាតិ ។ ទោះបីយ៉ាងណា លោកត្រូវគេកត់សម្គាល់ថា លេចធ្លោដោយសារតែទើបចូលប្រឡូកភ្លាម ក៏មានមុខនៅលើរេញធំ ហើយបានឡើងរេញចាប់គូ ដើម្បីស្ដែងឱ្យគេឃើញពីការវិវឌ្ឍថ្មីរបស់លោក ។ ហេតុផលដែលរុញឱ្យលោកសម្រេចចិត្ដបោះបង់ការប្រដាល់គឺបណ្ដាលមកពីលោកមើលឃើញថា ខ្លួនឯងធ្លាក់ដៃមិនដូចមុន និងមិនចង់បន្ដឡើងប្រកួត ព្រមជាមួយនឹងលទ្ធផលហេងស៊យ ឬអាចនិយាយបានថា ប្រទះរឿងចាញ់ច្រើនជាងឈ្នះ ។
អាជីពថ្មីរបស់លោកកំពុងធ្វើឱ្យលោកបាត់ឱកាសឡើងប្រកួតយកប្រាក់ និងបាត់ឱកាសសងសឹកដើម្បីស្ដារមុខមាត់ដែលធ្លាប់ត្រូវក្មេងៗបំបាក់បានកាលពីពេលកន្លងទៅ ។ ប៉ុន្ដែក៏ជួយឱ្យលោកគេចផុតពីការរិះគន់ដែលធ្លាប់កើតឡើងនោះផងដែរ ។ គាប់ជួនជាលោកមមាញឹកនឹងការបង្វឹកសិស្សនៅក្នុងសាលាគុនកុសលកីឡានោះផង ទើបលោកអះអាងថា ការសម្រេចចិត្ដបញ្ចប់អាជីពប្រដាល់ គឺជារឿងត្រឹមត្រូវរបស់លោកសម្រាប់ពេលនេះ ។ អ្វីដែលសំខាន់ក្នុងពេលនេះ លោកកំពុងទទួលបាននូវភាពរឹងមាំក្នុងការងារមួយដែលក្រៅពីចៀសផុតរឿងឈឺខ្លួន និងឈប់ភ័យរឿងបាក់មុខ គឺបានទទួលតែមុខមាត់ និងភាពរឹងមាំក្នុងការងារថ្មីនោះទៀតផង ៕
ចែករំលែកព័តមាននេះ