រាជធានីភ្នំពេញ ៖ លោក ធិន វិចិត្រ គ្រូបង្វឹកកីទ្បាចំបាប់ដ៏ឆ្នើម ដែលទើបដឹកនាំអត្តពលិកខ្លួនដណ្តើមបានមេដាយចំនួន១០គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធិ៤) ពីព្រឹត្តិការណ៍កីទ្បា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០១៣កន្លងទៅ បានសម្រេចចិត្តលាលែងតំណែងពីគ្រូបង្វឹកទៅធ្វើជាអគ្គលេខាធិការរបស់សហព័ន្ធកីទ្បាចំបាប់វិញម្តង ។
ទាក់ទងការសម្រេចចិត្តដកខ្លួនពីតំណែងគ្រូបង្វឹកខាងលើនេះ លោក ធិន វិចិត្រ បានថ្លែងឱ្យដឹងថា លោកគោរពតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីទ្បា ដែលបានកំណត់ថា អគ្គលេខាធិការ ឬអគ្គលេខាធិការរង មិនអាចធ្វើជាគ្រូបង្វឹកជម្រើសជាតិបានទ្បើយ ។ ទោះបីជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា លោកលាលែងតំណែងគ្រូបង្វឹកជម្រើសជាតិក៏ពិតមែន ប៉ុន្តែលោកនៅតែចំណាយពេលវេលាមកជួយបណ្តុះបណ្តាលកីទ្បាចំបាប់ និងប្រមូលផ្តុំយុវជនថ្នាលដែលមានសមត្ថភាពឱ្យបានច្រើនដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ និងការត្រៀមធ្វើជាម្ចាស់ផ្ទះកីទ្បា SEA Games លើកទី៣២ នាឆ្នាំ២០២៣ តែម្តង ។ ជាពិសេសលោកមានបំណងចង់ចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសដែលលោកមានទៅឱ្យយុវជនជំនាន់ក្រោយ ។ មិនត្រឹមតែប៉ុណ្ណោះ លោកមានមហិច្ឆតាចង់ដឹកនាំអត្តពលិកចំបាប់កម្ពុជា ទៅដណ្តើមយកមេដាយលើឆាកអន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀតផង ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកស្រទ្បាញ់វិស័យកីទ្បាចំបាប់នេះ សូមចូលរួមហ្វឹកហាត់ដោយមិនមានការបង់ប្រាក់នោះទេ គឺហ្វឹកហាត់ជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង១០ និងពេលរសៀលចាប់ពីម៉ោង៣ ដល់ម៉ោង៥ នៅពហុកីទ្បាដ្ឋានជាតិអូទ្បាំពិក ។ គួរបញ្ជាក់ថា នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០១៤ខាងមុខនេះ លោក ធិន វិចិត្រ នឹងដឹកនាំកីទ្បាករ-កីទ្បាការិនីចំបាប់កម្ពុជាចំនួន៤រូប (ស្រី២រូប) ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី នៅប្រទេសថៃ ដែលមានការចូលរួមពីប្រទេសនានាចំនួន៤០ ៕
ចែករំលែកព័តមាននេះ