ក្នុងការបោះឆ្នោតរបស់កងកម្លាំងសន្តិសុខអីុរា៉ក់ កាលពីថ្ងៃទី២៨ មេសា មានការវាយប្រហារមួយចំនួន បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ៥៧នាក់ នាំឱ្យគេគិតថា ការបោះឆ្នោតសភានៅប្រទេសនោះ នាថ្ងៃទី៣០ មេសា នឹងជាការបោះឆ្នោតពោរពេញដោយការបង្ហូរឈាម ។
ប៉ូលិស និងទាហនអីុរា៉ក់ត្រូវធ្វើការបោះឆ្នោតមុនគេ២ថ្ងៃ ដើម្បីអាចបំពេញបេសកកម្មថែរក្សាសន្តិសុខ ការបោះឆ្នោតជាតិលើកដំបូងបន្ទាប់ពីកងទ័ពអាមេរិកចាកចេញ កាលពីដំណាច់ឆ្នាំ២០១១ ។ ក្នុងឱកាសនៃការបោះឆ្នោតសភាលើកមុន កាលពីឆ្នាំ២០១០ ការវាយប្រហារនានាបណ្តាលឱ្យមនុស្សស្លាប់ជិត៤០នាក់ និងរបួសជាច្រើនសិបនាក់ ។ ចាប់តាំងពីពេលនោះមក ប្រទេសអីុរា៉ក់ធ្លាក់ក្នុងដំណាក់កាលថ្មីនៃអំពើហិង្សាបណ្តាលឱ្យមនុស្សស្លាប់ជិត៣.០០០នាក់ តាំងពីចាប់ផ្តើមឆ្នាំ២០១៤នេះមក ដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានសមាជិកកងកម្លាំងសន្តិសុខប្រមាណជា៦០០នាក់ ។
នាថ្ងៃទី២៨ មេសា មនុស្សយា៉ងតិច៥៧នាក់ ភាគច្រើនជាសមាជិកកងកម្លាំងសន្តិសុខ បានត្រូវស្លាប់ក្នុងការវាយប្រហារនានាដែល ក៏បណ្តាលឱ្យមនុស្សជាង១០០នាក់ត្រូវរបួសផងដែរ ។ ការវាយប្រហារភាគច្រើនធ្វើឡើងដោយពួកជនអត្តឃាតប្រឆាំងការិយាល័យបោះឆ្នោតទាំងឡាយ ព្រមទាំងក្បួនរថយន្តយោធា ហើយការប្រមូលផ្តុំមនុស្សឃោសនាបោះឆ្នោតមួយក៏រងការវាយប្រហារដែរ ។ ការវាយប្រហារយា៉ងបង្ហូរឈាមបំផុត គឺនៅភាគឦសានប្រទេសដែលនៅទីនោះជនអត្តឃាតម្នាក់បានសម្លាប់មនុស្សយា៉ងតិច៣០នាក់ក្នុងឱកាសប្រមូលផ្តុំមួយរបស់ពួកអ្នកគាំទ្រប្រធានាធិបតីអីុរា៉ក់ លោក ហ្សាឡាល់ តាឡាបានី ដែលទៅព្យាបាលជំងឺនៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១២ មក ។
នៅក្រុង គៀរគុក ភាគខាងជើងក្រុងបាដាដ ការវាយប្រហារអត្តឃាតប្រឆាំងការិយាល័យបោះឆ្នោតមួយសម្លាប់ប៉ូលិសយា៉ងតិច៨នាក់ ហើយ៩នាក់ទៀតត្រូវរបួស ។ ការិយាល័យបោះឆ្នោតមួយទៀតក្នុងទីក្រុងនេះ ក៏រងការវាយប្រហារអត្តឃាតដែរ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហើយគ្រាប់បែក១គ្រាប់ផ្ទុះត្រូវក្បួនរថយន្ត យោធាមួយបណ្តាលឱ្យទាហានម្នាក់ស្លាប់។
នៅក្រុងបាដាដ ជនអត្តឃាតម្នាក់ធ្វើឱ្យផ្ទុះក្នុងការិយាល័យបោះឆ្នោតមួយសម្លាប់ប៉ូលិស៧នាក់ ហើយ១៥នាក់ទៀតត្រូវរបួស ។ នៅក្រុងម៉ូសស៊ូល ក៏មានការវាយប្រហារជាច្រើនបណ្តាលឱ្យមនុស្ស៨នាក់ត្រូវរបួស ។ ចំណែកអ្នកកាសែតអីុរា៉ក់យា៉ងតិច៦នាក់ត្រូវរបួសក្នុងការវាយប្រហាររថយន្តបឺសមួយដែលដឹកពួកគេទៅកាន់ការិយាល័យបោះឆ្នោតមួយនៃទីក្រុងនោះ ៕
ចែករំលែកព័តមាននេះ