ប្រទេសតួកគី-ស៊ីរី ៖ តួកគីកាលពីថ្ងៃទី១៧តុលាព្រមទទួលយក ការផ្អាកវាយលុកនៅភាគឦសានស៊ីរីហើយនឹងបញ្ឈប់ជាស្ថាពរការវាយលុក ប្រសិនបើកងកម្លាំងឃើតព្រមដកថយអំឡុងពេល៥ថ្ងៃ។ កិច្ចព្រមព្រៀងនោះទទួលបានក្រោយការចរចាគ្នានៅទីក្រុងអង់ការ៉ា រវាងប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាននិងអនុប្រធានាធិបតីអាមេរិក លោកMIKE PENCE។
ក្រោយការចរចាគ្នាជាង៤ម៉ោងជាមួយប្រធានាធិបតីតួកគី លោកMIKE PENCEថ្លែងទៅកាន់សារព័ត៌មានថា ដើម្បីអាចឲ្យកងកម្លាំងឃើតដកថយក្នុងរយៈពេល១២០ម៉ោង រាល់ប្រតិបត្តិការយោធា ក្នុងក្របខណ្ឌនៃប្រតិបត្តិការរបស់តួកគីឈ្មោះប្រភពនៃសន្តិភាពនឹងត្រូវផ្អាក ហើយប្រតិបត្តិការនឹងបញ្ឈប់ទាំងស្រុង បើដរាបណាការដកថយនៃកងកម្លាំងឃើតត្រូវបានបង្ហើយ។
យោងតាមកិច្ចព្រមព្រៀងប្រកាសដោយលោកMIKE PENCE កងកម្លាំងឃើតនឹងត្រូវដកចេញពីតំបន់មួយមានជម្រៅ៣២គីឡូម៉ែត្រពីព្រំដែនតួកគី ដោយប្រែក្លាយតំបន់នោះទៅជាតំបន់សន្តិសុខ ដែលនោះជាបំណងរបស់តួកគីចាប់តាំងពីច្រើនខែមកហើយ។
កងកម្លាំងឃើតអះអាងថាត្រៀមខ្លួនគោរពបទឈប់បាញ់គ្នាជាមួយតួកគី។ ចំណែកតួកគីវិញសន្យាចំពោះអាមេរិកថា តំបន់សន្តិសុខនោះនឹងបណ្ដោះអាសន្នហើយនឹងមិនបង្កឲ្យមានការភៀសខ្លួនច្រើនរបស់ប្រជាជនឡើយ។ នេះជាការអះអាងកាលពីយប់ថ្ងៃទី១៧តុលា របស់តំណាងពិសេសអាមេរិកសម្រាប់ស៊ីរី លោកJAMES JEFFREYក្នុងយន្តហោះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMIKE POMPEO។
មានឈ្មោះថាប្រភពនៃសន្តិភាព ការវាយលុករបស់តួកគីប្រឆាំងកងកម្លាំងឃើតក្រុមYPG នៅភាគឦសានស៊ីរីដែលបើកធ្វើពីថ្ងៃទី៩តុលាមក នាំឲ្យមានការបរិហារយ៉ាងខ្លាំងរបស់អន្តរជាតិ មកពីតួនាទីសំខាន់របស់កងកម្លាំងឃើត ក្នុងការតស៊ូប្រឆាំងពួកជីហាដក្រុមរដ្ឋអ៊ិស្លាម។ ប៉ុន្តែក្រុងអង់ការ៉ាចាត់ទុកពួកនោះថាជាពួកភេរវករ មកពីពួកគេមានទំនាក់ទំនងជាមួយគណបក្សឃើតឌីស្ថានPKKតួកគី ដែលធ្វើសង្គ្រាមទ័ពព្រៃបង្ហូរឈាមនៅតួកគីចាប់តាំងពីឆ្នាំ១៩៨៤មក។
រដ្ឋមន្ត្រីការបរទេសតួកគីលោកMEVLUT CAVUSOGLUអះអាងថា កិច្ចព្រមព្រៀងនេះដែលជាកម្មវត្ថុនៃសេចក្ដីថ្លែងការណ៍រួមមួយ រវាងតូកគីនិងអាមេរិកស្ដីពីភាគឦសានស៊ីរីហើយត្រូវចេញផ្សាយនាពេលយប់។ លោកថាយើងផ្អាកប្រតិបត្តិការតែយើងមិនទាន់បញ្ឈប់វាទេ។ យើងអាចបញ្ឈប់ប្រតិបត្តិការតែនៅពេលកងកម្លាំងឃើតនឹងដកថយទាំងស្រុងពីតំបន់។ លោកបដិសេធមិននិយាយពីបទឈប់បាញ់គ្នាមួយឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ