ទីក្រុងប៉េកាំង៖ លោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាឆ្នាំក្រោយ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅល្ងាចថ្ងៃព្រហស្បតិ៍ក្រោយកិច្ចជំនួបកំពូលរវាងថ្នាក់ដឹកនាំប្រទេសទាំង២នៅកូរ៉េខាងត្បូងដែលឈានទៅដល់ការយល់ព្រមបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម។ ប្រទេសចិនយល់ព្រមអនុញ្ញាតឱ្យនាំចេញរ៉ែកម្រដូចធម្មតាឡើងវិញ។
ជាកិច្ចឆ្លើយតប លោកត្រាំយល់ព្រមបញ្ចុះអត្រាពន្ធគយទៅលើទំនិញរបស់ចិន។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្ដីប្រកាសជាផ្លូវការថាលោកត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលណាពិតប្រាកដទេ។ ប៉ុន្តែកាលពីពេលកន្លងមក លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។
ការជួបគ្នាផ្ទាល់ជាលើកដំបូងនៅទីក្រុងពូសាន (Busan) ប្រទេសកូរ៉េខាងត្បូង រវាងលោកត្រាំ និងលោកស៊ីជីនពីងចាប់តាំងពីលោកត្រាំឡើងកាន់អំណាចនៅអាណត្តិទី២នេះត្រូវគេមើលឃើញថាជាព្រឹត្តិការណ៍សំខាន់មួយ និងជាការបិទបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកត្រាំមកកាន់ទ្វីបអាស៊ី។ ក្នុងនោះ លោកក៏បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនដូចជាជាមួយកូរ៉េខាងត្បូង ជប៉ុន និងបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។
លោកត្រាំបញ្ជាក់អំពីមូលហេតុដែលលោកយល់ព្រមបញ្ចុះអត្រាពន្ធគយទៅលើទំនិញចិនដែលកាលពីមុននេះលោកយកពន្ធ៥៧% ប៉ុន្តែថ្ងៃនេះលោកបញ្ចុះមកនៅ៤៧%ដោយសារមូលហេតុសំខាន់ៗមួយចំនួនដែលមានជាអាទិ៍ប្រទេសចិនយល់ព្រមសហការគ្នាដើម្បីបង្ក្រាបការរត់ពន្ធគ្រឿងញៀនចូលប្រទេសអាមេរិក ហើយប្រទេសចិនយល់ព្រមទិញសណ្ដែកសៀងពីអាមេរិក។
កាលពីព្រឹកមិញ ប្រទេសចិនយល់ព្រមព្យួរទុកនូវការហាមនាំចេញរ៉ែកម្ររបស់ខ្លួន។ មានន័យថាអនុញ្ញាតឱ្យនាំចេញដូចធម្មតាឡើងវិញជាបណ្ដោះអាសន្ន។ រ៉ែកម្រជាលោហធាតុដ៏សំខាន់សម្រាប់ផលិតរថយន្ត យន្តហោះ និងអាវុធ។ ជាពិសេសបរិក្ខារយោធាដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបត្រូវការរ៉ែកម្រជាចាំបាច់។ អ្នកវិភាគយល់ថារ៉ែកម្រដែលសព្វថ្ងៃនេះប្រទេសចិនគ្រប់គ្រងជាង៩០%នៅលើពិភពលោកបានក្លាយជាសន្លឹកបៀរសំខាន់សម្រាប់ចិនយកទៅលេងជាមួយអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម៕
ចែករំលែកព័តមាននេះ