ទីក្រុងវ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន បាននិយាយការពារចំណាត់ការរបស់រដ្ឋាភិបាលលោកពាក់ព័ន្ធនឹងគម្រោងធ្វើតេស្តអាវុធនុយក្លេអ៊ែរដូចដែលលោកត្រាំបានប្រកាសកាលពីម្សិលមិញ។ លោកវេនយល់ថាវិធានការនេះជាការចាំបាច់ដើម្បីការពារសន្តិសុខជាតិរបស់អាមេរិក។ គិតទៅ, រយៈពេល៣៣ឆ្នាំមកហើយដែលអាមេរិកធ្វើតេស្តនុយក្លេអ៊ែរលើកចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ១៩៩២។
លោកវេនថ្លែងថាវាជារឿងសំខាន់ដែលយើងត្រូវធ្វើឱ្យប្រាកដថាឃ្លាំងអាវុធរបស់យើងនៅតែដំណើរការជាប្រក្រតី។ បើនិយាយឱ្យច្បាស់ទៅ យើងដឹងថាឃ្លាំងអាវុធដំណើរការជាប្រក្រតីពិតមែនហើយ។ ប៉ុន្តែយើងត្រូវតែត្រួតពិនិត្យជាប់ជាប្រចាំ។ លោកត្រាំចង់ធ្វើឱ្យប្រាកដថាយើងធ្វើកិច្ចការនេះ។ អាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយ, រុស្ស៊ីក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយ, ចិនក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរធំទូលាយ។
លោកយល់ថាមិនគួរទុកនុយក្លេអ៊ែរនៅក្នុងឃ្លាំងរហូតដល់ច្រែះចាប់នោះទេ។ យើងត្រូវតែបញ្ចេញនុយក្លេអ៊ែរមកធ្វើតេស្តយូរៗម្ដងដើម្បីធានាថាវានៅតែដំណើរការជាធម្មតា។ ការថ្លែងដូច្នេះមួយថ្ងៃបន្ទាប់ពីលោកត្រាំប្រកាសតាមបណ្ដាញសង្គមថាលោកបានចេញបញ្ជាទៅក្រសួងការពារជាតិដើម្បីចាប់ផ្ដើមធ្វើតេស្តនុយក្លេអ៊ែរជាថ្មីបន្ទាប់ពីខកខានអស់រាប់សិបឆ្នាំ។
លោកត្រាំថាប្រទេសមហាអំណាចនុយក្លេអ៊ែរដទៃទៀតចាប់ផ្ដើមធ្វើតេស្តអាវុធនេះជាបណ្ដើរៗ ដូច្នេះយើងត្រូវតែធ្វើតេស្តឱ្យសមាមាត្រនឹងមហាអំណាចទាំងនោះ។ លោកជេឌីវេនកត់សម្គាល់ថាការធ្វើតេស្តនុយក្លេអ៊ែរលើកនេះមិនមែនមានន័យថាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែនេះជាផ្នែកមួយនៃការថែរក្សា និងការផ្ទៀងផ្ទាត់(ដើម្បីចង់ដឹងថាតើនុយក្លេអ៊ែរនៅតែដំណើរការជាធម្មតាដែរឬទេ) ដើម្បីគាំទ្រស្ថិរភាពជាយុទ្ធសាស្ត្រ (របស់អាមេរិក)។
វាជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិសុខជាតិរបស់អាមេរិកដើម្បីធ្វើឱ្យប្រាកដថាឃ្លាំងអាវុធរបស់ខ្លួនអាចដំណើរការដោយគ្មានបញ្ហា។ សូមរំលឹកថាបន្ទាប់ពីលោកត្រាំប្រកាសអំពីគម្រោងធ្វើតេស្តនុយក្លេអ៊ែរ ប្រទេសចិន និងរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបណ្ដើៗ។ ប្រទេសចិនសង្ឃឹមថាអាមេរិកនឹងគោរពទៅតាមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំងបញ្ចេញប្រតិកម្មដោយប្រយ័ត្នប្រយែង។ វិមានក្រឹមឡាំងថាបើអាមេរិកធ្វើតេស្តនុយក្លេអ៊ែរ រដ្ឋាភិបាលរបស់ខ្លួននឹងធ្វើតេស្តនុយក្លេអ៊ែរដែរ។ ចំពោះសំណួរថាតើនេះជាការរត់ប្រណាំងគ្រឿងសព្វាវុធជាថ្មីដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំងឆ្លើយតបថាមិនប្រាកដជាដូច្នេះទេ។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
                        
  
			         
				
ចែករំលែកព័តមាននេះ