ខេត្តកណ្តាល ៖ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៧នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកម៉ូតូពីអ្នកដំណើរនាពេលរាត្រី ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៦ តុលា ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់ម៉ូតូពីប្រជាពលរដ្ឋកាលពីវេលាម៉ោង ០៣:៤៤នាទីទៀបភ្លឺ ថ្ងៃទី២៦ កក្កដា ២០២៥ នៅចំណុចភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ប្រឹម ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង។ សម្ភារដែលបាត់បង់ម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១AU-៦៣៤២ ។
ចំណែកជនសង្ស័យ២នាក់ ដែលឃាត់ខ្លួន ៖ ទី១.ឈ្មោះ ខន ណារ៉ូ ហៅហួរភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅខេត្តកំពង់ស្ពឺ ។ ទី២.ឈ្មោះសោ វីឡា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅខេត្តកំពង់ស្ពឺ ។ ចំពោះជនសង្ស័យ ៥នាក់ទៀត ដែលគេចខ្លួន សមត្ថកិច្ចកំណត់បានអត្តសញ្ញាទាំងអស់ហើយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការក្នុងរោងចក្រ (IK) ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យ ជិះតាមពីក្រោយ ហើយស្រែកថា “ហ្អែងឈប់ៗ!!” រួចក៏បានធាក់ម៉ូតូជនរងគ្រោះឲ្យដួល និងមានជនសង្ស័យម្នាក់ទៀតស្ទុះទៅកាប់ តែជនរងគ្រោះបានរត់រួច ហើយក្រុមជនសង្ស័យ ក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់។ ក្រោយទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី២៦ កក្កដា ២០២៥ លោកបានបញ្ជាកម្លាំងធ្វើការសហការស្រាវជ្រាវមុខសញ្ញារហូតឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យបាន ២នាក់ ជាមួយវត្ថុតាងចាប់យកមាន ទូរសព្ទ IPhone 11Pro ចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក NEX ពណ៌ទឹកប្រាក់ (គ្មានស្លាកលេខ) យកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ក្រុមរបស់ខ្លួនធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូចំនួន ២លើក ៖ លើកទី១ នៅថ្ងៃទី២៦ កក្កដា ២០២៥ បានធាក់ និងកាប់យកម៉ូតូពីជនរងគ្រោះពិតមែន, និងលើកទី២ កំឡុងខែកញ្ញា ២០២៥ បានធាក់កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕





 
                        
			         
				
ចែករំលែកព័តមាននេះ