ខេត្តកំពង់ធំ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន បទ.ប៉ុនប៉ងឃាតកម្មគិតទុកជាមុន បទ.ប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទ.កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ជនសង្ស័យជាមេខ្លោងគ្រឿងញៀន និងជនសមគំនិត ប្រឈមជាប់ពន្ធនាគារក្នុងម្នាក់ៗមួយជីវិត ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ១០៨ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន ប៉ុនប៉ងឃាតកម្មគិតទុកជាមុន កាន់កាប់ និងប្រើប្រាសអាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលត្រូវចោទមានចំនួន០៣ នាក់ ៖
១.ឈ្មោះ យ៉ង់ សុវណ្ណ ភេទប្រុស អាយុ៥៧ ឆ្នាំ
២.ឈ្មោះ ថត សៀងហៃ ភេទប្រុស អាយុ២៩ ឆ្នាំ
៣.ឈ្មោះ ថត ឌីណា ភេទប្រុស អាយុ៣៤ ឆ្នាំ ។
ជនត្រូវចោទខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦២២ អ.ក/២០២៥ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានា ដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង០៣នាក់ខាងលើ រួមមាន ៖ ១.ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ ឆ្នាំ (មេខ្លោង) ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ឃាតកម្មគិតទុកជាមុន និងកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត.បទល្មើស ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ ។ ២.ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.សមគំនិតក្នុងអំពើប៉ុនប៉ងឃាកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត.បទល្មើសដែលមាន បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឆ្នាំ២០២៥ ។ និង៣.ឈ្មោះ យ៉ង់ សវណ្ណ ភេទប្រុស អាយុ៥៧ ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.សមគំនិតក្នុងបទ.អំពើប៉ុនប៉ងឃាកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទ.ប្រឆាំងនឹងអ្នករាជការសាធារណៈ ។ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ២៩ មាត្រា ២០០ និងមាត្រា ៥០៣ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឆ្នាំ២០០៥ ប្រព្រឹត្តិនៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ១០ នាទី ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ លើមុខសញ្ញាឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ ឆ្នាំ (មេខ្លោងគ្រឿងញៀន) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ យ៉ង់ សុវណ្ណ ហៅ ខ្វាន់ តែត្រូវបានឈ្មោះ យ៉ង់ សុវណ្ណ ហៅ ខ្វាន់ (ឪពុកមេខ្លោង) កាន់កាំបិតខ្វែវមករារាំងសមត្ថកិច្ចមិនឲ្យចុះឃាត់ខ្លួនឈ្មោះ ថន ឌីណា ដែលត្រូវជាកូនរបស់ខ្លួនឡើយ ហើយស្របពេលនោះឈ្មោះ ថន ឌីណា និងឈ្មោះ ថន សៀងហៃ ក៏បានឆ្លៀតឱកាសយកកាំភ្លើងលបបាញ់ប្រហារសមត្ថកិច្ចពីក្រោយ បណ្តាលឲ្យលោក ទឹម ចាន់នី អធិការរងនគរបាលស្រុកបារាយណ៍ ទទួលរងរបួសធ្ងន់ និងបណ្តាលឲ្យលោក ហួន សាវ័យ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់សមត្តកិច្ចរួចមក ឈ្មោះ ថន សៀងហៃ បានយកម៉ូតូឌុបឈ្មោះ ថន ឌីណា រត់គេចខ្លួនទៅខេត្តត្បូងឃ្មុំ ដើម្បីយកអាវុធលាក់ទុក និងបន្តរត់គេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមកត្រូវបានសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កសាងសំណុំរឿង រួចបញ្ជូនមកតុលាការ ។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី ។ ចំពោះបទល្មើសខាងលើនេះ បានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខសុវត្ថិភាពសង្គម ដែលតុលាការត្រូវអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ៕







 
                        
			         
				
ចែករំលែកព័តមាននេះ