រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញការចុះអនុវត្តដីកា សម្រេចរឹបអូសផ្ទះ នៅជ្រោយចង្វារ ស្ត្រី ដែលជាកូន, កូនបំណុលផ្ទុះការតវ៉ា និងបង្កឲ្យមានការរិះគន់នៅក្នុងបណ្ដាញសង្គម ហើយប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្ត ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ ។
តាមសេចក្តីថ្លែងការណ៍បានអោយដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកបានផ្សព្វផ្សាយ និងឡាយផ្ទាល់ពាក់ព័ន្ធនឹងការចុះអនុវត្តដីកា សម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ១០៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងអនុវត្តលេខ២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសម្រេច បង្គាប់ឱ្យឈ្មោះ កៅ ចាន់ធី, ផូរ វីន និង កៅ សុគង់ អាសយដ្ឋាននៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាកូនបំណុល នៃការអនុវត្ត ប្រគល់អចលនវត្ថុ ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ហ៊ី សៀងលី ជាភាគីអ្នកដេញថ្លៃបានតាមផ្លូវតុលាការ ។
 អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលា បានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ដោយយោងតាមសាលក្រមស្ថាពរលេខ ៥៨៣«រ» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ជួរ រីន (កូនប្រសារ) សងប្រាក់ដើមចំនួន ៩៥.២៩៨,៩៤ (ប្រាំបួនម៉ឺនប្រាំពាន់ ពីររយកៅសិបប្រាំបី ក្បៀសកៅសិបបួន) ដុល្លារអាម៉េរិក រួមទាំងការប្រាក់ចំនួន១១% និងប្រាក់ពិន័យ២៤% ឱ្យទៅម្ចាស់ បំណុលជាធនាគារ ។
ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ជួរ រីន (កូន ប្រសារ) បានខ្ចីប្រាក់ពីធនាគារ ដោយយកបណ្ណដី ដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះ អ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តីប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុលជាមួយធនាគារ ។
នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្គំ ក៏ដូចជានៅថ្ងៃដែល អាជ្ញាសាលា បានចុះអនុវត្តនោះ ក៏មានឈ្មោះ កៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះ អ៊ុំ សុវណ្ណ ជាមួយម្តាយឈ្មោះ កៅ សុគង់ ហើយបាន និងកំពុងកាន់កាប់ ដោយបានសង់តូបនៅលើដីមួយចំណែក ដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិមតិកលើដីបន្ត ពីខ្មោចឪពុក ដែលដីនេះ ត្រូវបានម្តាយ និងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង ។
តាមសេចក្តីថ្លែងការណ៍បានអោយដឹងថា ចំពោះការអះអាងជាមតិក, កន្លងមក សាលាដំបូងរាជធានីភ្នំពេញ មិនដែលបានទទួលបណ្តឹងដោះស្រាយ ពីការទាមទារបែងចែកមត៌ក ពីភាគីអ្នកតវ៉ានោះទេ។ បន្ទាប់ពីបានដឹងពីចំណាត់ការអនុវត្តសំណុំរឿងនេះ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ ។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ បានស្នើសុំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដើម្បីចុះអនុវត្តដីការសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី ។ នៅក្នុងការអនុវត្តនោះពុំបានសម្រេចឡើយ ដោយស្ត្រីម្នាក់ឈ្មោះ កៅ សុខណា ដែលជាកូនបង្កើតកូនបំណុល បានផ្ទុះការតវ៉ា ដោយកាន់កាំបិតរារាំងសមត្ថកិច្ច និងស្រែកថា អយុត្តិធម៌ៗ។ បន្ទាប់ពីមានការតវ៉ា ដោយខ្លាច មានបញ្ហា ប៉ះទង្គិចគ្នាបង្កទៅជាគ្រោះថ្នាក់ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ក៏បានសម្រេចផ្អាកការអនុវត្ត ៕



 
                        
			         
				
ចែករំលែកព័តមាននេះ