ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​​សាលារៀន​ក្លាយជា​អង្គភាព​ផ្តល់​សេវា​សា​ធា​រណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ​តាម​រយៈ​ការ​បន្ត​រិះរក​វិធានការ និង​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ក្លាយជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ​តាម​រយៈ​ការ​បន្ត​រិះរក​វិធានការ និង​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ក្លាយជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

យោង​តាម​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៥-២០២៦ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា តាង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​សម្តែង​នូវ មនោសញ្ចេតនា​រីករាយ និង​សូម​ចូលរួម​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ចូល​រៀន​ដំបូង​របស់​ក្មួយ​ៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សា​លារៀន ជា​ពិសេស កុមារ​តូច​អាយុ​ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ នៅ​ម​ត្តេ​យ្យ​សិក្សា និង​កុមារ​អាយុ​៦​ឆ្នាំ ឬ​៧០​ខែ នៅ​បឋម​សិក្សា ព្រមទាំង​ជា​ថ្ងៃ​ឡើង​ថ្នាក់​ថ្មី​របស់​ក្មួយ​ៗ ដែល​បាន​ខិតខំ​រៀនសូត្រ​ក្នុង​ឆ្នាំ​សិក្សា​កន្លង​មក ដើម្បី​បន្ត​ក្រេបជញ្ជក់​នូវ ចំណេះវិជ្ជា​បន្ថែម​ទៀត​ពី​សាលារៀន​សាធារណៈ​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​។

រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ​តាម​រយៈ​ការ​បន្ត​រិះរក​វិធានការ និង​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ក្លាយជា​អង្គភាព​ផ្តល់​សេវា សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ អភិបាលកិច្ច​ល្អ និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាជន និង​សហគមន៍ ដោយ​ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន និង​ការ​លើកកម្ពស់​សកម្មភាព​បង្រៀន និង​រៀន​តម្រង់​ឆ្ពោះទៅ​រក​ការ​កែ​លំអ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​វិន័យ សីលធម៌ គុណធម៌ និង​ឥរិយាបថ​ថ្លៃថ្នូរ សក្តិ​សមជា​កុលបុត្រ កុលធីតា​ខ្មែរ និង​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ ។

សម្តេច​បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​នឹង​បន្ត អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់ មធ្យមសិក្សា តាម​រយៈ​វិធានការ​ចំនួន​៤ រួម​មាន : ទី​១-​ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន ទី​២-​ការ​ពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស ទី​៣-​ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស​តាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលារៀន និង​ទី​៤-​ការ​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការ​អប់រំ ។

ក្នុង​ស្មារតី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​អភិវឌ្ឍ​សាលារៀន​គ្រប់​កម្រិត​ស្រប​តាម «​ស្តង់ដា​សាលារៀន​គំរូ​» ដែល​មាន​៥​ស្តង់ដា ដោយ​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២៤ ក្រសួង​បាន​វាយតម្លៃ និង​ទទួលស្គាល់​សាលារៀន​ចំនួន​២៥០ ជា​សាលារៀន​ជាប់​ស្តង់ដា​សាលារៀន​គំរូ​។
សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២៤-២០២៥ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​គ​.​វ​.​អ​.) បាន ជំរុញ​និង​គាំទ្រ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ទាំង​៤ នៅ​ក្នុង​សាលា​បឋម​សិក្សា​គោលដៅ​ចំនួន​១៦១​សាលា ដោយ​ផ្តោត លើ​ការ​បន្ថែម​ម៉ោង​សិក្សា​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ពង្រឹង​ការ​រៀន​ភាសា​ខ្មែរ ការ​អាន និង​គណិត​វិទ្យា​។

ថ្មី​ៗ​នេះ ក្នុងអំឡុងពេល​ដែល​សាលារៀន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ដំណើរការ ដោយសារ​រង​ផល​ប៉ះពាល់​ពី សង្គ្រាម​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ បាន​ខិតខំ​បន្ត​ផ្តល់​សេវា​បង្រៀន​និង​រៀន​ដល់​សិស្សានុសិស្ស តាម​រយៈ​ការ​រៀប​ចំការ​បង្រៀន និង រៀន​ជា​លក្ខណៈ​ប្រមូលផ្តុំ​នៅ​សាលារៀន​និង​ជំរំ ។ បន្ទាប់​ពី​សង្គ្រាម​បាន​ស្ងប់ស្ងាត់ សាលារៀន​មួយ​ចំនួន​បាន​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​សិស្ស​ដែល​បាន​ត្រឡប់​មក​រៀន​វិញ​នៅ​មាន​ចំនួន​តិចតួច​ដោយសារ​ភាព​ភ័យ​ខ្លាច និង​សិស្ស​មួយ​ចំនួន​ទៀត​បន្ត​ស្នាក់​នៅ​ក្នុង​ជំរំ​ជាមួយ​មាតាបិតា ឬ​អាណាព្យាបាល​។

ជាមួយ​គ្នា​នេះ​ដែរ បងប្អូន ពលករ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចេញ​-​ចូល​ប្រទេស​ថៃ ប្រមាណ​៩៣​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​រួម​ទាំង​កុមារ និង​សិស្សានុសិស្ស​ស្ថិត​ក្នុង​អាយុ​សិក្សា​នៅ​កម្រិត​ការ​អប់រំ​ចំណេះ​ទូទៅ​ផង​ដែរ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ បង្ក​លទ្ធភាព​ឱ្យ​កុមារ​និង សិស្សានុសិស្ស​ទាំងនោះ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​សាលារៀន​នៅ​ជិត​បំផុត ដោយសារ​ពួក​គេ​មួយ​ចំនួន ធ្លាប់​បាន​ចូល​រៀន មិន​ធ្លាប់​ចូល​រៀន ចេះ​ភាសា​ខ្មែរ និង​មិនសូវ​ចេះ​ភាសា​ខ្មែរ​។

សម្តេច​បាន​ក៏​បាន​លើក​ឡើង​ថា ជា​រួម ទោះបី​មាន​បញ្ហា​ប្រឈម​តិចតួច​យ៉ាងណា​ក៏​ដោយ ក៏​ដំណើរការ​នៃ​ការ​អប់រំ​ចំណេះ​ទូទៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​ប្រកបដោយ​ប្រសិទ្ធភាព និង​លទ្ធផល​គួរ​ជាទី​សាទរ ដោយសារ ការ​ខិតខំ​ប្រឹងប្រែង​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលារៀន ព្រមទាំង ការ​ចូលរួម​របស់​សហគមន៍ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​។ រាជរដ្ឋាភិបាល​កម្ពុជា សូម​កោតសរសើរ និង​សង្កេត​ឃើញ​ថា សិក្សា​នុ​សិស្ស​នៅ​គ្រប់​កម្រិត​ទទួល​បាន​ឱកាស​ចូល​រៀន​កាន់តែ​ច្រើន និង​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ ការ​គោរព​វិន័យ​ប្រកប ដោយ​សិ​ល​ធម៌​និង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ