ទីក្រុងវ៉ាស៊ីនតោន៖ ប្រទេសអាមេរិកប្រកាសផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសគុយបាដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះមេលីសា (Melissa)។ ក្រៅពីគុយបា ខ្យល់ព្យុះសង្ឃរាដ៏ធំមិនធ្លាប់មាននៅមហាសមុទ្រអាត្លង់ទិចមួយនេះក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់មនុស្សអស់ជាច្រើននៅប្រទេសដទៃទៀតនៃតំបន់អាមេរិកខាងត្បូងផងដែរ។ អ្នកវិភាគវាយតម្លៃថាប្រទេសចាម៉ៃកាខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់២២ពាន់លានដុល្លារ។ មានន័យថាច្រើនជាងទំហំជីឌីភីសរុបរបស់ប្រទេសនេះទៅទៀត។ ចំណែកប្រទេសហៃទីរាយការណ៍ថាមនុស្សយ៉ាងតិច២៥នាក់បានស្លាប់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីអូ (Marco Rubio) ប្រកាសនៅថ្ងៃនេះថារដ្ឋាភិបាលរបស់លោកត្រៀមខ្លួនរួចហើយដើម្បីផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសគុយបា។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាយើងត្រៀមបញ្ជូនជំនួយមនុស្សធម៌ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅចំពោះមុខរបស់ប្រជាជនគុយបាដែលរងគ្រោះដោយសារខ្យល់ព្យុះ។
ការប្រកាសផ្ដល់ជំនួយនេះស្របពេលដែលគេអាចមើលឃើញយ៉ាងច្បាស់នូវទំហំនៃការខូចខាតដ៏ធំធេងនៅបណ្ដាប្រទេសជាប់សមុទ្រការីប៊ីន (Caribbean)។ ខ្យល់ព្យុះដែលមានល្បឿនជិត៣០០គីឡូម៉ែត្រក្នុងមួយម៉ោងនេះបានឆក់យកជីវិតមនុស្សយ៉ាងតិច៣២នាក់នៅប្រទេសចាម៉ៃកា, ហៃទី និងគុយបា។ កាលពីមុននេះ លោករូប៊ីអូអះអាងថារដ្ឋាភិបាលរបស់លោកចង់ជួយប្រទេសមួយចំនួននៅក្នុងតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះ។
លោកសរសេររៀបរាប់នៅលើបណ្ដាញសង្គមថាអាមេរិកកំពុងទាក់ទងទៅរដ្ឋាភិបាលប្រទេសចាម៉ៃកា, ហៃទី, ដូមីនីកាំង (Dominican) និងបាហាម៉ាស់ (Bahamas) ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះមេលីសា។ លោកថា «ក្រុមអ្នកជួយសង្គ្រោះ និងដោះស្រាយបញ្ហា» ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះជាបណ្ដើរៗហើយដោយនាំយកទៅជាមួយនូវជំនួយសំខាន់ៗដើម្បីដោះស្រាយជីវភាពរស់នៅរបស់ជនរងគ្រោះ និងដើម្បីចូលរួមចំណែកនៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ឡើងវិញនៅតំបន់រងគ្រោះ៕
 
                        
  
			         
				
ចែករំលែកព័តមាននេះ