សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីកាលពីយប់ថ្ងៃទី២៩មក៣០តុលា បន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់អ៊ុយក្រែន នាំឲ្យមានការរិតត្បិតដល់ការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងកម្រិតជាតិ ហើយការវាយប្រហារទាំងនោះបណ្ដាលឲ្យមនុស្សស្លាប់៣នាក់។ ការវាយប្រហារទាំងនេះបណ្ដាលឲ្យដាច់ភ្លើងអគ្គិសនីទ្រង់ទ្រាយធំក្នុងប្រទេស។

កងទ័ពរុស្ស៊ីដែលលុកលុយអ៊ុយក្រែនសល់ពេលតែបន្តិចទៀតអស់ពេល៤ឆ្នាំមកហើយនោះ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានធ្វើយុទ្ធនាការថ្មីវាយប្រហារសំដៅបណ្ដាញថាមពលអ៊ុយក្រែនពេលរដូវរងាជិតមកដល់ ។ តាមបណ្ដាញសង្កមប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីបានបរិហារថា នាពេលយប់សត្រូវបានប្រើដ្រូនដល់ទៅជាង៦៥០គ្រឿង និងមីស៊ីលប្រភេទផ្សេងៗជាង៥០គ្រាប់ វាយប្រហារបណ្ដាទីតាំងថាមពលនិងផ្ទះសម្បែង ក្នុងតំបន់១០របស់អ៊ុយក្រែន។ នៅក្រុងហ្សាប៉ូរីហ្ស៊ីយ៉ាបណ្ដាអគាររស់នៅរងការប៉ះពាល់ ហើយមនុស្ស២នាក់ស្លាប់។ ក្រៅពីនេះរដ្ឋបាលតំបន់វីននីតស៊ីយ៉ាប្រកាសពីការស្លាប់ក្មេងស្រីម្នាក់អាយុ៧ឆ្នាំ នៅមន្ទីរពេត្យក្រោយពីនាងត្រូវរបួសដោយការវាយប្រហារ។
 ចំណែកក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា បានវាយប្រហារយ៉ាងខ្លាំងក្លា ប្រឆាំងបណ្ដាសហគ្រាសយោធា-ឧស្សាហកម្ម និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលដែលធានា ដល់កិច្ចដំណើរការរបស់សហគ្រាសទាំងនោះ ព្រមទាំងបណ្ដាព្រលានយន្តហោះយោធា។ ម្យ៉ាងវិញទៀត រុស្ស៊ីអះអាងពីការវាយដណ្ដើមយកបានមូលដ្ឋាន២ថ្មីទៀតនៅភាគឦសាន និងភាគខាងត្បូងអ៊ុយក្រែន ដែលនៅទីនោះកងទ័ពអ៊ុយក្រែនបាត់បង់ដែនដីបន្តបន្ទាប់ចាប់តាំងពីច្រើនខែមកហើយ ។ មូលដ្ឋានថ្មីដែលទើបវាយយកបាន គឹមូលដ្ឋានសាដូវេក្នុងតំបន់ខាគៀវនិងមូលដ្ឋានក្រាស្នូហ្កៀស្កេក្នុងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា។
ក្រុមហ៊ុនថាមពលឯកជនដ៏ធំមួយរបស់អ៊ុយក្រែនគឺក្រុមហ៊ុនDTEK គូសបញ្ជាក់ថា បណ្ដាមជ្ឈមណ្ឌលអគ្គិសនី រងការខូចខាតធ្ងន់ធ្ងរក្នុងតំបន់ជាច្រើន។ ការវវាយប្រហារទាំងនោះប៉ះពាល់ខ្លាំងក្លាដល់ការខិតខំប្រឹងប្រែងរបស់យើង រក្សាការផ្គត់ផ្គង់ថាមបល នារដូវរងា។ ក្រុមហ៊ុនអ៊ុយក្រែននោះបន្តថា បើពិនិត្យលើទំំហំនៃការវាយប្រហាររយៈពេល២ខែចុងក្រោយនេះ ច្បាស់ណាស់ថា រុស្សុីមានបំណងបំផ្លាញទាំងស្រុងប្រព័ន្ធថាមពលអ៊ុយក្រែន៕
 
                        
			         
				
ចែករំលែកព័តមាននេះ