តាមបណ្តាញព័ត៌មានបរទេសផ្សាយថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១៤ នេះបានធ្លាក់ចុះ៥៩% ស្មើនឹងទឹកប្រាក់៤,៨៥ពាន់លានដុល្លារ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកតួលេខដែលបានចេញផ្សាយដោយទីភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងការវិនិយោគ ក៏បានបង្ហាញផងដែរថា បរិមាណសរុបនៃគម្រោងដែលមានអាជ្ញាប័ណ្ណថ្មី៣៩០ មានចំនួនទឹកប្រាក់៣,៣២ពាន់លានដុល្លារ ខណៈគម្រោងដែលមានចំនួន១៤០ បានបន្ថែមទឹកប្រាក់១,៦២ពាន់លានដុល្លារទៅនឹងដើមទុនរបស់ពួកគេ ។
រីឯផ្នែកដំណើរការផលិតកម្មបាននាំមកនូវភាពឈានមុខនៅក្នុងការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹងគម្រោងថ្មីចំនួន២០៤ នូវទឹកប្រាក់៣,៦ពាន់លានដុល្លារ ។ ម្យ៉ាងទៀត ផ្នែកអចលនទ្រព្យដែលស្ថិតក្នុងលំដាប់ទី២ នៃគម្រោងវិនិយោគបរទេសជាមួយនឹងគម្រោងចំនួន៧ ដែលមានទឹកប្រាក់វិនិយោគសរុប៣៩២,៣លានដុល្លារ ។គម្រោងជាបន្ទាប់មកទៀត គឺផ្នែកសំណង់ដែលមានទំហំទឹកប្រាក់២៣៧លានដុល្លារ និងផ្នែកថែទាំសុខភាព និងការគាំទ្រសង្គមមានទឹកប្រាក់២២៥,៩៣លានដុល្លារ ។ នៅក្នុងចំណោម៣៦ប្រទេសដែលបានវិនិយោគលើទឹកដីវៀតណាមនៅអំឡុងពេលនោះ ប្រទេសកូរ៉េខាងត្បូងជាអ្នកវិនិយោគធំជាងគេបំផុតដែលមានទំហំទឹកប្រាក់ប្រមាណជា១,១២ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រទេសជបុ៉ន ៥៣១លានដុល្លារ និងប្រទេសសិង្ហបុរី ៤៧៩,១លានដុល្លារ៕
ចែករំលែកព័តមាននេះ