ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ កំពូល​មហាសេដ្ឋី​វៀតណាម ឡើងឈរ​ជា​បុគ្គល​មាន​បំផុត​ទី​២​នៅ​អាស៊ី​អាគ្នេយ៍

2 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង​ភ្លាម​ៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ លោក Pham Nhat Vuong ម្ចាស់​ក្រុមហ៊ុន​ធំ​បំផុត​របស់​ប្រទេស​វៀតណាម Vingroup បាន​ឡើង​មក​ឈរ​ជា​បុគ្គល​មាន​បំផុត​ទី…

ប្រទេស​វៀតណាម ៖ ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង​ភ្លាម​ៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ លោក Pham Nhat Vuong ម្ចាស់​ក្រុមហ៊ុន​ធំ​បំផុត​របស់​ប្រទេស​វៀតណាម Vingroup បាន​ឡើង​មក​ឈរ​ជា​បុគ្គល​មាន​បំផុត​ទី ២ នៅ​អាស៊ី​អាគ្នេយ៍ តាម​ពីក្រោយ​មហាសេដ្ឋី​ឥណ្ឌូ​ណេ​ស៊ី លោក Prajogo Pangestu ស្ថាបនិក​ក្រុមហ៊ុន Barito Pacific Group ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

យោង​តាម​ទិន្នន័យ​ជាក់ស្តែង​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ទស្សនារ​ដ្តី Forbes នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ទ្រព្យ​របស់​មហាសេដ្ឋី​វៀតណាម លោក Pham Nhat Vuong ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​ឯកជន Vingroup ដែល​ផ្តោត​ការ​រកស៊ី​លើ​បច្ចេកវិទ្យា ឧស្សាហកម្ម ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​លក់រាយ និង​សេវាកម្ម​ចាប់ពី​ការ​ថែទាំ​សុខភាព រហូត​ដល់​បដិសណ្ឋារកិច្ច​នោះ បាន​កើនឡើង​ដល់ ២៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ១,៤ ពាន់​លាន​ដុល្លារ​រយៈពេល​២៤​ម៉ោង​កន្លង​មក​។ ជាមួយ​ការ​កើនឡើង​នេះ លោក Vuong បាន​ជាប់​ចំណាត់ថ្នាក់​ទី ៩២ បណ្ដោះអាសន្ន​ក្នុង​បញ្ជី​បុគ្គល​មាន​បំផុត​លើ​ពិភពលោក​។

កាលពី​ថ្ងៃ​ទី​២ ធ្នូ កន្លង​ទៅ មហាសេដ្ឋី​វៀតណាម​វ័យ​៥៧​ឆ្នាំ​រូប​នេះ ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​កំពូល​ទាំង ៥ នៅ​លើ​ពិភពលោក ដែល​ទ្រព្យសម្បត្តិ​កើនឡើង​ច្រើន​បំផុត​ត្រឹម​១​ថ្ងៃ ពោល​ចំនួន ១,២ ពាន់​លាន​ដុល្លារ រួម​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nvidia លោក Jensen Huang (​កើន ២,៥ ពាន់​លាន​ដុល្លារ​), ម្ចាស់​ក្រុមហ៊ុន Zara លោក Amancio Ortega (​កើន ២,២ ពាន់​លាន​ដុល្លារ​), នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គេ​ម NetEase លោក William Ding (​កើន ២ ពាន់​លាន​ដុល្លារ​) ព្រមទាំង​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​អា​គុយ​រថយន្ត​អគ្គិសនី Contemporary Amperex Technology លោក Robin Zeng (​កើន ១ ពាន់​លាន​ដុល្លារ​)​។

ជាមួយ​ទ្រព្យ​ចំនួន ២៥ ពាន់​លាន​ដុល្លារ ប្រធាន​ក្រុមហ៊ុន Vingroup បាន​ក្លាយជា​បុគ្គល​មាន​បំផុត​ទី ២ នៅ​អាស៊ី​អាគ្នេយ៍ ដោយ​វ៉ា​ដាច់​មហាសេដ្ឋី​ថៃ​ទាំងអស់ និង​នៅ​ពីក្រោយ​មហាសេដ្ឋី​ឥណ្ឌូ​ណេ​ស៊ី លោក Prajogo Pangestu តែ​ម្នាក់​គត់​។

លោក Prajogo Pangestu គឺជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Barito Pacific Group ជា​ក្រុមហ៊ុនចម្រុះ​ដំណើរការ​ចម្បង​នៅ​ក្នុង​វិស័យ​គីមី​ឥន្ធនៈ ថាមពល ការ​ជីក​យក​រ៉ែ​ធ្យូងថ្ម និង​ថាមពល​កកើត​ឡើង​វិញ​។ មហាសេដ្ឋី​វ័យ​៨១​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​មានទ្រព្យ​ចំនួន ៤១,៦ ពាន់​លាន​ដុល្លារ និង​ជាប់​ចំណាត់ថ្នាក់​ទី ៤៤ នៅ​ក្នុង​បញ្ជី​បុគ្គល​មាន​បំផុត​នៅ​លើ​ពិភពលោក​។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ មហាសេដ្ឋី​អា​មេ​រិ​ក លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla នៅ​តែ​ឈរ​ជា​បុគ្គល​មាន​បំផុត​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន ៤៨២ ពាន់​លាន​ដុល្លារ​។ តាម​ពីក្រោយ​ដោយ មហាសេដ្ឋី​អា​មេ​រិ​ក លោក Larry Page សហ​ស្ថាបនិក និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Alphabet ដែល​មានទ្រព្យ​សម្បត្តិ ២៥៨,៩ ពាន់​លាន​ដុល្លារ​៕ ប្រភព ៖ Forbes និង Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ