ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​រដូវរងា​របស់​ជប៉ុន​រង​ផល​ប៉ះពាល់​ខ្លាំង ដោយ​ការ​លុប​ជើងហោះហើរ​ពី​ចិន

2 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន កាលពី​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ជើងហោះហើរ​ប្រហែល ៤០% ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែធ្នូ ត្រូវ​បាន​លុប​ចោល ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​នយោបាយ​កំពុង​កើនឡើង​កម្តៅ​កាន់តែ​ខ្លាំង​។…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន កាលពី​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ជើងហោះហើរ​ប្រហែល ៤០% ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែធ្នូ ត្រូវ​បាន​លុប​ចោល ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​នយោបាយ​កំពុង​កើនឡើង​កម្តៅ​កាន់តែ​ខ្លាំង​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV បានឱ្យ​ដឹង​ថា ដោយ​ស្រង់​ទិន្នន័យ​ពី​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ដែល​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ជើងហោះហើរ​លើស​ពី ១ ៩០០ ជើង​ត្រូវ​បាន​លុប​ចោល​។ ការ​ធ្លាក់​ចុះ​នេះ កំពុង​ត្រូវ​បាន​ជំរុញ​ស្ទើរតែ​ទាំងស្រុង​ដោយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​។ របាយការណ៍​ពី​ក្រុមហ៊ុន​ទិន្នន័យ​កាលវិភាគ​ជើងហោះហើរ AeroRoutes បង្ហាញ​ថា ទីក្រុង​សា​ប៉ូ​រ៉ូ (Sapporo) និង​អូ​សា​កា (Osaka) របស់​ប្រទេស​ជប៉ុន ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នោះ ក៏​បានឃើញ​ការ​ធ្លាក់​ចុះ​យ៉ាងច្រើន​បំផុត​នៃ​សេវាកម្ម​ដែល​បាន​គ្រោងទុក​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg កាលពី​ខែវិច្ឆិកា​កន្លង​ទៅ បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ប្រាប់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន ឱ្យ​កាត់​បន្ថយ​ចំនួន​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​រហូត​ដល់​ខែ មីនា ឆ្នាំ ២០២៦ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ជម្លោះ​រយៈពេល​វែង​ជាមួយនឹង​ប្រទេស​ជប៉ុន​។

ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២​នៅ​អាស៊ី បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែវិច្ឆិកា ដែល​បង្ក​ឡើង​ដោយ​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) ទៅ​កាន់​សភា​ថា ការ​វាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់ ដែល​គំរាមកំហែង​ដល់​ការ​រស់រាន​មានជីវិត​របស់​ជប៉ុន អាច​ជំរុញ​ឱ្យ​មានការ​ឆ្លើយ​តប​ផ្នែក​យោធា​ពី​ជប៉ុន​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឱ្យ​ចិន​ក្តៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង ដោយ​បាន​ចេញ​ការ​ព្រមាន​ស្តី​អំពី​សុវត្ថិភាព​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​លុប​ចោល​ជើងហោះហើរ​រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ​។ ការ​ព្រមាន​បាន​គំរាមកំហែង​ដល់​សន្ទុះ​ទេសចរណ៍​របស់​ប្រទេស​ជប៉ុន ដែល​ជា​ច​លករ​ដ៏​សំខាន់​ក្នុង​ចំណោម​ច​លករ​ដ៏​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ជប៉ុន​ដែល​កំពុង​ធ្លាក់​ចុះ​។ Bloomberg បាន​រាយការណ៍​ពី​មុន​ថា ប្រទេស​ជប៉ុន​អាច​ខាតបង់​ពី​ការ​ចំណាយ​របស់​អ្នកទេសចរ​ជនជាតិ​រហូត​ដល់ ១,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រវាង​ខែវិច្ឆិកា ដល់​ចុងឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ