ទីក្រុងប៉េកាំង ៖ បើយោងតាមអ្នកការទូតឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន- ASEAN) និងចិន កំពុងស្ថិតនៅលើផ្លូវនៃកំណើនលើសពី ១ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។
លោក Djauhari Oratmangun ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌូណេស៊ីប្រចាំប្រទេសចិន បានថ្លែងថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មក្នុងតំបន់ធំជាងគេរបស់ប្រទេសចិន ដែលមានទំហំជិត ១ ទ្រីលានដុល្លារអាមេរិក ដោយសង្ឃឹមថា តួលេខនេះ នឹងកើនលើសពី ១ ទ្រីលានដុល្លារ នៅចុងឆ្នាំនេះ។
បើយោងតាមរបាយការណ៍ពីកាសែតឥណ្ឌូណេស៊ី Jakarta Globe សេចក្តីថ្លែងការណ៍របស់លោក Djauhari បានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីអាស៊ានបានធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ កំណែថ្មីនៃតំបន់ពាណិជ្ជកម្មសេរី «អាស៊ាន-ចិន» ផ្តល់នូវការរួមបញ្ចូលគ្នាកាន់តែច្រើន សម្រាប់សហគ្រាសខ្នាតតូច និងជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែអាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់តំបន់។
សកម្មភាពនាំចេញ-នាំចូលរបស់អាស៊ានជាមួយប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង បើតាមទិន្នន័យគយចិនបានបង្ហាញថា នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត ៧ ទ្រីលានដុល្លារយ័ន ( ៩៩០ ពាន់លានដុល្លារ) ដ្បិតតួលេខនេះ មានចំនួនប្រហែល ៨៧០ ពាន់លានយ័ន (១២៣ ពាន់លានដុល្លារ) តែប៉ុណ្ណោះនៅក្នុងឆ្នាំ ២០០៤៕ ប្រភព ៖ Jakarta Globe និង VietnamPlus

ចែករំលែកព័តមាននេះ