ខេត្តព្រៃវែង ៖ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ក្រុងស្រុកទាំងអស់ ត្រូវចុះពិនិត្យតាមដាន និងក្តាប់ឲ្យបានគ្រប់ទីកន្លែង នៅក្នុងមូលដ្ឋានរបស់ខ្លួន ទាំងផ្ទះសំណាក់ សណ្ឋាគារ ក៏ដូចជាផ្ទះជួលដែលមានការប្រមូលផ្តុំ ជួបជុំគ្នាច្រើន ឬទីកន្លែង ដែលសង់ស័យនានា ដើម្បីទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កុំឱ្យមាននៅក្នុងទឹកដី នៃខេត្តព្រៃវែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវពន្លឿនការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ផងដែរ ។
នេះគឺជាប្រសាសន៍របស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ មីនា ២០២៦ នៅក្នុងសាលប្រជុំសាលាខេត្តព្រៃវែង ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ។
គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសមត្ថកិច្ចខេត្តព្រៃវែង ទាំងមន្ត្រីនគរបាល និងកងរាជអាវុធហត្ថ តែងតែឧស្សាហ៍ចុះត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗដូចជាផ្ទះសំណាក់ សណ្ឋាគារ និងបណ្ដាកាស៊ីណូនៅតាមព្រំដែនផងដែរ ដើម្បីក្តាប់សភាពការណ៍ឲ្យបានណែន ងាយស្រួលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដែលសកម្មភាពនេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ៕






ចែករំលែកព័តមាននេះ