ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំប្រកាសថាលោកនឹងចេញបញ្ជាឱ្យកងទ័ពជើងទឹកផ្ដល់ការធានាសន្តិសុខជូនកប៉ាល់ដឹកប្រេងដែលត្រូវបើកឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស (Hormuz)។ ការថ្លែងដូច្នេះនៅពេលដែលកប៉ាល់ដឹកប្រេង និងដឹកទំនិញនានាត្រូវជាប់គាំងស្ដូក គ្មានកប៉ាន់ណាហ៊ានបើកកាត់តំបន់ក្រហមនោះទេ។ លោកត្រាំថានៅក្នុងករណីចាំបាច់ កងទ័ពជើងទឹកអាមេរិកនឹងបើកអមដំណើរកប៉ាល់ដឹកប្រេងទាំងនោះដោយផ្ទាល់តែម្ដងដើម្បីទៅដល់គោលដៅចុងក្រោយ។

លោកត្រាំថាទោះបីនៅក្នុងកាលៈទេសៈណាក្ដី អាមេរិកត្រូវតែធានាឱ្យបានថាការដឹកជញ្ជូនថាមពលអាចធ្វើទៅបានដោយរលូនទៅកាន់ទីផ្សារពិភពលោក។ លោកប្រកាសដូចខាងលើនេះនៅពេលជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ និងអាមេរិក និងអ៊ីស្រាអែលកំពុងឡើងកម្ដៅខ្លាំង។ ជាពិសេស នៅច្រកសមុទ្រហ័រម៉ូសដែលមានប្រេងឆៅដឹកតាមច្រកនេះប្រហែល២០%នៃពិភពលោក។ លោកត្រាំបង្ហើបឱ្យដឹងថាលោកបានណែនាំទៅសាជីវកម្មហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍជាអន្តរជាតិ (DFC) ដើម្បីផ្ដល់ការធានារ៉ាប់រងផ្នែកហានិភ័យសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ។ ជាពិសេស ការដឹកជញ្ជូនថាមពលឆ្លងកាត់តំបន់ឈូងសមុទ្រ។

ការថ្លែងរបស់លោកត្រាំជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងរបស់អាមេរិកដើម្បីការពារច្រកផ្លូវដឹកជញ្ជូនថាមពលជាអន្តរជាតិ។ អាមេរិកនឹងចល័តកងទ័ពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងបិទច្រកសមុទ្រហ័រម៉ូសពីសំណាក់ប្រទេសអ៊ីរ៉ង់។ សព្វថ្ងៃនេះ អាមេរិកដាក់ពង្រាយកម្លាំងយោធានៅមជ្ឈិមបូព៌ាច្រើនជាងពេលណាៗទាំងអស់ចាប់តាំងពីក្រោយសង្គ្រាមអ៊ីរ៉ាក់។ ក្នុងនោះ អាមេរិកដាក់ពង្រាយនាវាដឹកយន្តហោះរហូតដល់២គ្រឿង ព្រមទាំងនាវាពិឃាត និងនាវាចម្បាំងជាច្រើនទៀត។

គេមិនទាន់ដឹងច្បាស់ថាតើលោកត្រាំនឹងចាប់ផ្ដើមអនុវត្តផែនការបញ្ជូនកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងកាត់ច្រកសមុទ្រហ័រម៉ូសនៅពេលណាទេព្រោះគេកត់សម្គាល់ពាក្យមួយឃ្លារបស់លោកដែលថា «នៅក្នុងករណីចាំបាច់»។ បើគេបកស្រាយមិនច្រឡំទេ លោកមិនប្រាកដជាធ្វើអន្តរាគមន៍គ្រប់នាវាដឹកប្រេងនោះទេ លុះត្រាតែចាំបាច់ខ្លាំងទើបលោកចាប់ផ្ដើមចុះប្រតិបត្តិការ។ ប្រសិនបើប្រតិបត្តិការសឹករបស់អាមេរិកទៅលើអ៊ីរ៉ង់លើកនេះចេះតែអូសបន្លាយពេលវេលាកាន់តែយូរទៅៗ ហើយធ្វើឱ្យប្រេងឆៅចេះតែឡើងថ្លៃទៅៗជាលំដាប់ ពេលនោះវានឹងក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់លោកត្រាំ។ មានន័យថាគណបក្សរបស់លោកហេងស៊យអាចនឹងធ្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភា។

ប្រទេសអាមេរិកត្រៀមរៀបចំការបោះឆ្នោតសភា (ឬការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតី) នៅខែវិច្ឆិកាខាងមុខនេះ។ សេតវិមាននិយាយដោយមោទកភាពថាចាប់តាំងពីលោកត្រាំឡើងកាន់អំណាច តម្លៃប្រេងឆៅធ្លាក់ចុះជានិច្ច។ នៅក្នុងពេលជួបគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោកត្រាំទទួលស្គាល់ថាតម្លៃប្រេងឆៅអាចហក់ឡើងបន្តិចនៅក្នុងរយៈពេលកំណត់ណាមួយ។ ប៉ុន្តែលោកអះអាងថានៅពេលដោះស្រាយបញ្ហាចប់សព្វគ្រប់ (ចប់សង្គ្រាមអ៊ីរ៉ង់) តម្លៃប្រេងនឹងចុះវិញ៕ ប្រភព៖ ទូរទស្សន៍ប៊្លូមបឺក (Bloomberg) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ