ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍​​ប្រកាស​ពី​ការ​រៀបចំ​​ព្រឹត្តិ​ការណ៍​​ប្រដាល់​អន្តរ​ជាតិ​2​​ ព្រម​​គ្នា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ទោះ​បី​ជា​មាន​ការ​រិះ​គន់​រឿង​យក​កីឡា​ករ​បរ​ទេស​មួ​យចំនួន​មក​ប្រកួត​កាល​ពី​លើក​ទី​១​ ប្រចាំខែ​ដំបូង​ថា យក​កីឡាករ​បរ​ទេស​ទេស​ចរណ៍​មក​ប្រកួត​ ក៏​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​សម្រាប់​ខែ​២​ បាន​ទទួល​ការ​គាំទ្រ​ដែរ​ ។​ បន្ថែម​ពី​លើ​ផ្លែ​ផ្កា​ដែល​ទទួល​បាន​នេះ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ទោះ​បី​ជា​មាន​ការ​រិះ​គន់​រឿង​យក​កីឡា​ករ​បរ​ទេស​មួ​យចំនួន​មក​ប្រកួត​កាល​ពី​លើក​ទី​១​ ប្រចាំខែ​ដំបូង​ថា យក​កីឡាករ​បរ​ទេស​ទេស​ចរណ៍​មក​ប្រកួត​ ក៏​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​សម្រាប់​ខែ​២​ បាន​ទទួល​ការ​គាំទ្រ​ដែរ​ ។​ បន្ថែម​ពី​លើ​ផ្លែ​ផ្កា​ដែល​ទទួល​បាន​នេះ​ ទើបស្ថាប័ន​មួយ​នេះ​រៀបចំ​បើក​ឆាក​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​​ថ្មី​មួយ​ទៀត​នា​ដើម​ខែ​ឧសភា​ខាង​មុខ​ ដែល​មាន​ន័យ​ថា​ ក្នុង​មួយ​ខែ​នឹង​មាន​ព្រឹត្តិ​ការណ៍​បែប​នេះ​ពីរ​ព្រមគ្នា ។​

មន្ត្រីទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ប្រាប​់ថា​ ការ​ប្រកួត​មួយ​ថ្មី​ដែល​នឹង​បើក​ឆាក​នៅ​ដើម​ខែ​ឧសភា​ បុ៉ន្តែ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​នោះ​​ មិនមែន​ជា​ការ​ប្រកួត​មួយ​ខែ​ម្តង​ដូច​មុន​នោះ​ទេ​ គឺ​ជា​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​តែ​ម្តង​ ។ ទោះ​យ៉ាងណា​ នោះ​​មិន​មែន​ជា​ការប្រកួត​បែប​អន្តរ​ជាតិ​នៅ​រៀង​រាល់​សប្តាហ៍​នោះ​ទេ​ ដោយ​ការ​ប្រកួត​បែប​អន្តរ​ជាតិ​មួយ​ថ្មី​នោះ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​កក្រើក​ដូច​គ្នា​​នឹង​ការប្រកួត​បែប​អន្តរ​ជាតិ​ដែល​បាន​ធ្វើ​២​លើក​កន្លង​មក​ហើយ ។​ លោក​ញៀន​ សុធី​ មន្ត្រីអ្នក​​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​បញ្ជាក់​ថា​ ការប្រកួត​មួយ​នេះ​បាន​រៀប​រយ​អស់​ហើយ​ ដ្បិត​តែ​ការ​ប្រកាស​ពីកាលបរិច្ឆេទ​នៅ​មិន​ទាន់​កំណត់ ប៉ុន្តែ​នោះគឺ​បណ្តាល​មក​ពី​សង្វៀនរបស់​លោក​មាន​បំណង​ទុក​ពេល​ឱ្យ​បាន​គ្រប់​គ្រាន់​បន្តិច​ដើម្បី​ជ្រើស​រើស​កីឡាករ​ជើងខ្លាំង​ទាំង​បរ​ទេស​ និង​កម្ពុជា ឱ្យ​មក​ប៉ះគ្នា​នៅ​ក្នុងព្រឹត្តិ​ការណ៍​មួយ​ថ្មី​នោះ​បុ៉ណ្ណោះ ។​

​ជា​ការ​ពិត​ ការ​ប្រដាល់​មួយ​ថ្មី​នេះ​គឺ​ជា​ការ​ប្រកួត​វិល​ជុំ​ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​រវាង​កីឡា​ករ​ខ្មែរ និង​ខ្មែរ​ចំនួន​១២​រូប​នោះ​ទេ​ បុ៉ន្តែ​មក​ពី​ខាង​ស្ពុន​ស័រ​ទាម​ទារ​ឱ្យ​មាន​ការ​ប្រកួត​អន្តរ​ជាតិ​យ៉ាង​ហោច​២​គូ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បើក​ឆាក​ប្រចាំ​សប្តាហ៍​នេះ ទើប​ការ​ប្រកួតដែល​បាន​គ្រោង​ទុក​ត្រូវសម្រេច​ឱ្យ​មាន​ការ​ប៉ះ​គ្នា​រវាង​កីឡា​ករ​កម្ពុជា​ និង​កីឡាករ​បរទេស​តែ​ម្តង ។​ លោក​ញៀន​​ សុធី ប្រាប់​ថា​ ការ​ប្រដាល់​នោះនឹង​បើក​ឆាក​ដោយ​កីឡាករ​កម្ពុជា​ និង​កីឡាករ​មក​ពីថៃ​ ដែល​​សុទ្ធ​តែ​ជា​ជើងខ្លាំង​ បុ៉ន្តែ​ការ​ប្រកួត​បន្ទាប់​នោះ​គ្រាន់​តែ​ជា​ការ​ប្រកួត​រវាង​កីឡាករ​ខ្មែរ​ ​និង​ខ្មែរ​ធម្មតា​បុ៉ណ្ណោះ​ ដោយ​មិន​មានបញ្ចូល​​កីឡា​ករ​​បរ​ទេស​ដូច​ក្នុង​ពេល​បើក​ឆាក​ទៀត​ទេ​ លើក​លែង​តែ​មាន​ការ​ទទូច​សុំ​ពីខាង​ស្ពុន​ស័រ​នៅ​ក្នុង​ជុំ​ណា​មួយ​ដើម្បី​ឱ្យ​មានភាព​ទាក់​ទាញ​នោះ​តែ​បុ៉ណ្ណោះ។​

កាលពី​ដំបូង​ ការប្រកួត​នេះ​គ្រោង​បើក​សន្និ​សីទ​កាសែត​កាល​ពីថ្ងៃ​ទី​២៨​ មេសា និង​គ្រោង​ដំណើរការ​នៅ​ថ្ងៃ​អាទិត្យ​ ទី​៤​ ឧសភា​ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ដោយ​បន្ត​​ធ្វើ​បែប​នោះ​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​តែ​ម្តង ។​ បុ៉ន្តែ​ដោយ​សារ​ការ​ប្រកួត​នោះ​តម្រូវ​ឱ្យ​មាន​ការបើក​ឆាក​ដោយ​កីឡាករ​បរ​ទេស​វិញ ទើប​ពន្យារ​មក​ដល់​ថ្ងៃ​នេះ​ ហើយ​នៅ​មិន​ទាន់​កំណត់​ជា​ថ្មី ។​ លោក​ញៀន​ សុធី ប្រាប់​ថា​ ការ​ប្រកួត​អន្តរ​ជាតិ​ប្រចាំ​សប្តាហ៍​នេះ​នឹង​អាច​បើក​សន្និសីទ​ជា​ថ្មី​នៅ​អំឡុង​សប្តាហ៍​ទី​២​ ខែ​ឧសភា​ ហើយ​ដំណើរ​ការ​ប្រកួត​អាច​ធ្វើ​នៅ​ពាក​់​កណ្តាល​ខែ​ក្រោយ​តែ​ម្តង​ ឬ​អាច​ពន្យារ​ពេល​ដល់​ដើម​ខែ​មិថុនា ។​ បើ​ទោះ​ជា​ផែន​ការ​គ្រោង​ទុក​ហាក់​កៀក​នឹង​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​ដែល​បាន​ធ្វើ​ បុ៉ន្តែ​លោក​បាន​អះ​អាង​ថា​​ មិ​នប៉ះ​ពាល់​គ្នា​នោះ​ទេ​ ហើយ​ក៏​មាន​ជំនឿ​ថា​ នឹង​ទាក់​ទាញ​ខុស​គ្នា​យ៉ាង​ពិត​ប្រាកដ​ ។​ លោក​បញ្ជាក់​ថា​ «បើ​អ្វីៗ​អត់​មាន​ផ្លាស់ប្តូរ​មាន​ន័យថា​ ក្នុងខែ​ឧសភា ក្រោយ​យើង​នឹង​មាន​ការ​ប្រកួត​ប្រដាល់​អន្តរ​ជាតិ​២​លើក​ជាប់​គ្នា បុ៉ន្តែ​ខាងស្ថានីយ​បាន​គិតគូរ​រួច​ហើយ​ថា ការ​ប្រកួត​នោះ​នឹង​មាន​ការ​​ទាក់​ទាញ​ដូច​គ្នា បើ​ទោះ​ជា​​ការ​រៀបចំ​វា​ហាក់​ផ្ទួនៗ​គ្នា​បន្តិច​ក៏​ដោយ»។​

តាម​រយៈ​ការ​ប្រកាស​នេះ​មាន​ន័​យថា​ ក្នុង​ពេល​​ដ៏​ខ្លី​ ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​មាន​ការ​ប្រកួត​អន្តរ​ជាតិ​មួយ​ថ្មី​បន្ថែម​ពី​លើ​ការ​ប្រកួត​អន្តរ​ជាតិ​ក្នុង​មួយ​ខែ​ម្តង​ដែល​មាន​ស្រាប់​ បើ​ទោះ​ជា​ការ​ប្រកួត​នោះ​នឹង​មាន​តែ​មួយ​លើក​​ហើយ​បាត់​ស្រមោល​ទៅ​វិញ ។​ យោង​តាម​ភាព​ជាក់​ស្តែង​ ស្ថាប័ន​ដែល​មាន​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​កំពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំងនា​ពេល​បច្ចុប្បន្ន​ ក្នុង​នោះ​រួម​មាន​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ បុ៉ស្តិ៍ CTN បុ៉ស្តិ៍​បាយ័ន​ បុ៉ស្តិ៍​លេខ​៣ និងបុ៉ស្តិ៍​អប្សរា ។​ តាម​រយៈ​ការ​ប្រកាស​ជា​ថ្មី​នេះ​មាន​ន័យ​ថា​ សម្រាប់​ខែ​ក្រោយ​ទំនង​មាន​តែ​បុ៉ស្តិ៍​អាស៊ី​អាគ្នេយ៍​មួយ​គត់​ដែល​មាន​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​២​ព្រម​គ្នា​ប្រជែង​នឹង​បុ៉ស្តិ៍​បាយ័ន​ ដែលធ្លាប់​ធ្វើ​កន្លង​មក​ ៕