ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន ​វិច្ឆិកា​ ​ប៊ិៈនឹង​ចាញ់​​សន្លប់​ក្រោម​​ផ្លែ​ជង្គង់​រាជ​​សីហ៍​បាបា ​ខណៈ​ទេស​ សំខាន់​ ​ធ្វើ​ឱ្យ​​សារឹម​​ ង៉ា ចាញ់​​ទាំង​​មិន​អស់​​ចិត្ត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ការបាត់​មុខ​យ៉ាង​យូរ​របស់​កីឡា​ករ​ជើង​ចាស់​ ឈាន​​ វិច្ឆិកា​ មក​ពី​ក្លិប​កុសល​កីឡា​ ពេល​មក​ប៉ះ​រាជ​សីហ៍​ បាបា​ មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាបគ្រឿងញៀ.ន​នៅ​​លើ​សង្វៀន​ទូរទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣ កាល​ពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២៧ មេសា​ គេបាន​បង្ហាញ​នូវភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង ។​

រាជ​ធានី​ភ្នំ​ពេញ ៖ ការបាត់​មុខ​យ៉ាង​យូរ​របស់​កីឡា​ករ​ជើង​ចាស់​ ឈាន​​ វិច្ឆិកា​ មក​ពី​ក្លិប​កុសល​កីឡា​ ពេល​មក​ប៉ះ​រាជ​សីហ៍​ បាបា​ មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាបគ្រឿងញៀន​នៅ​​លើ​សង្វៀន​ទូរទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣ កាល​ពី​រសៀល​ថ្ងៃអាទិត្យ​ ទី​២៧ មេសា​ គេបាន​បង្ហាញ​នូវភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង ។​

កីឡា​ករ​រូប​នេះ​ប៊ិៈ​តែ​នឹង​សន្លប់​ក្រោម​ផ្លែ​ជង្គង់​រាជ​សីហ៍​ បាបា​ តាំងពី​នៅ​ក្នុង​ទឹកទី​៣ ម៉្លេះ​ បុ៉ន្តែ​សំណាង​ហើយ​ដែល​គេ​អាច​តស៊ូ​ប្រកួត​ដល់​ទឹក​ទី​៥​ ហើយ​ទទួលលទ្ធ​ផល​ត្រឹម​ចាញ់​ដោយ​ពិន្ទុ ។​ ចំណែក​ ទេស សំខាន់​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ បាន​ធ្វើ​ឱ្យ​កំពូលអ្នក​​លេងស្នៀត​ជើង​ សារឹម​ ង៉ា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ចាញ់​ការប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត​ឡើយ ។​ ឈាន​ វិច្ឆិកា​ គឺ​ជាអ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូបដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិន​ធម្មតា​បុ៉ន្មាន​ឡើយ​ បុ៉ន្តែ​ការ​បាត់​មុខពី​លើ​សង្វៀន​របស់​គេ​មួយ​​រយៈ​មក​នេះ​ទាំង​ល្បិច​ប្រយុទ្ធ ទាំង​កម្លាំង​ហាក់​ដូច​ជា​មាន​ការស្រុត​ចុះ​ជាង​មុ​នឆ្ងាយ​ណាស់​ ។ ជាក់​ស្តែង​ ពេល​មក​ប៉ះ​រាជ​សីហ៍​ បាបា​ លើក​នេះ​រាល់​ការវាយ​ និង​ទាត់​គេ​ធ្វើ​បាន​ល្អ​ត្រឹម​ទឹក​ទី​១​ និងទី​២ បុ៉ណ្ណោះ លុះ​ចូល​​ដល់​ទឹកទី​៣​ គេចាប់​ផ្តើម​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​តាម​រយៈ​ការ​លើក​ដៃ​លើក​ជើង​ស្ទើរ​មិន​ចង់​រួច​ ​ហើយ​បណ្តោយ​ឱ្យ​គូ​ប្រកួត​បុក​ផ្លែ​ជង្គង់​ចូល​ពោះ​ទឹក​ពេញៗ​បណ្តាល​ឱ្យ​ចុក​រមូល​ ត្រូវ​អាជ្ញា​កណ្តាល​លោក​ឡុង​ សាលវ័ន្ត​ រាប់​៨​ រហូត​ដល់​ទៅ​២​លើក​ឯ​ណោះ ។​ ហើយ​បើ​កុំ​តែ​ស្នូរ​ជួង​បញ្ចប់​ទឹកទី​៣​ ជួយ​ទាន់​ កុំ​អី​គេ​មិន​អាច​គេច​ផុត​ពី​សន្លប់​បាន​ឡើយ ។​ រាជ​សីហ៍​ បាបា​ នៅ​តែ​បន្ត​បុក​ជង្គង់​ និង​វាយ​កែង​យ៉ាង​សន្ធាប់​ទៀត​ពេល​ឈាន​ចូល​ដល់​ទឹក​ទី​៤​ ។

បុ៉ន្តែ​រាល់​ការ​ដើរ​ចូល​វាយ​នោះ​​ត្រូវ ឈាន វិច្ឆិកា​ ទាត់​ស្កាត់ និង​ម៉ាត់​បក​សង​វិញ​ដោយ​មិន​ទុក​ឱកាស​ឱ្យ​គូប្រកួត​ចូល​ចាប់​ក្រៀក​ដើម្បី​ឡើង​ជង្គង់​បាន​ស្រេច​តែ​ចិត្ត​ដូច​មុន​ទៀត​ឡើយ ។​ ទោះបី​ជា​យ៉ាង​ណា ស្ថានភាព​ប្រកួត​របស់​ ឈាន វិច្ឆិកា​ នៅ​តែ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ជា​លំដាប់​ និយាយ​រួម​គេ​បាន​​ត្រឹម​តែ​ការ​ពារ​ខ្លួន​ពី​ការ​វាយ​លុក​របស់​គូប្រកួត​បុ៉ណ្ណោះ​ ទើប​លទ្ធ​ផល​ចុង​ក្រោយ​គេត្រូវ​ចាញ់​ពិន្ទុ​រាជ​សីហ៍​ បាបា​ ដែល​គេ​ចាត់​ទុក​ថា​ គឺ​ជា​សំណាង​ហើយ ។​ ការ​ជួបគ្នា​រវាង ទេស សំខាន់​ និង​សារឹម​ ង៉ា ស្តែង​ចេញ​លទ្ធ​ផល​ខុស​ពី​ការ​រំពឹង​ទុក​ដែល​ថា​ ទេស សំខាន់​ មិន​អាចទៅ​រួច​ជាមួយ​សារឹម ង៉ា​ បាន​នោះ​ ។ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​លើ​កម្លាំង ​និង​ល្បិច​ប្រយុទ្ធ​វិញ​នោះ​គឺ សារឹម ង៉ា​ ល្អ​ជាង​ទើប​មាន​ការ​យល់​ឃើញ​បែប​នេះ ។​ បុ៉ន្តែ​ការ​ជួប​គ្នា​លើក​នេះ​តាំងពី​ទឹកទី​១​ រហូត​ដល់​ទឹក​ទី​៥​ រាល់​ការដើរ​ចូល​ម៉ាត់ និង​ទាត់​របស់ សារឹម ង៉ា​ ទៅ​លើ​ ទេស សំខាន់​ គឺ​ត្រូវ​វាយបកសង​វិញ​ភ្លាម​ទាំង​កែង ​និង​ជង្គង់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ សារឹម ង៉ា​ មិន​សូវ​មាន​ឱកាស​វាយ​បាន​ល្អ​​ឡើយ។​ សារឹម ង៉ា​ ស្ទើរ​តែ​លែង​ហ៊ាន​ចូល​កៀក​ផ្តេស​ផ្តាស​​ ខណៈ​ពេល​ដែល​ត្រូវ​ ទេស សំខាន់​ បុក​ចូល​ពោះ​ទឹក​ និង​វាយ​កែង​ផ្ទួន​នៅ​ចុង​ទឹក​ទី​៣​ និងទឹកទី៤​ រួច​មក​នោះ​ ។

ទេស សំខាន់​ ក៏​មិន​ហ៊ាន​សម្រុក​ចូល​ផ្តេស​ផ្តាស​នោះ​ដែរ​ គឺ​គេ​បាន​​ត្រឹម​តែ​វាយ​ជា​ប្រយោល​បុ៉ណ្ណោះ​ ទើប​ការ​យក​ឈ្នះ​ពិន្ទុ​ សារឹម ង៉ា​ លើក​នេះ​បាន​មក​ដោយ​តឹង​តែង​បំផុត ។​ នៅ​លើ​សង្វៀន​ដដែល​ ​កីឡាករ​កន ចន្ថា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារ​ជាតិ​ យក​ឈ្នះ​កីឡាករ​ធី តុង​ហុី​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ដោយ​ពិន្ទុ ។ កីឡាករ​គុណ សំណង​ មក​ពី​​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​​សោម វិឆ័យ​ មក​ពី​ក្លិប​សាល​វ័ន្ត​​កីឡា​ និង​កីឡា​ករ​អឹុម វិបុល​ មក​ពី​ក្លិប​គជសារ​កីឡា​ ក៏​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ម៉ន​ ចន្នី​ មកពី​ក្លិប​ការិ​យា​ល័យ​ទី​៥​ កងទ័ព​ជើង​គោក​ដូចគ្នា​ដែរ​ ៕