រាជធានីភ្នំពេញ ៖ អគារសិប្បកម្មផលិតពូក២ខ្នងធំៗសង់ជាប់គ្នាដែលត្រូវគ្រោះមហន្តរាយអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់កាលពីជាង១ខែមុននោះគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះផ្ទៃអគារទាំង២ត្រូវបានក្រុមមន្ត្រីជំនាញបានធ្វើការវាយកម្ទេចធ្លាក់មកក្រោមរាបស្មើរដល់ដីហើយដោយបច្ចុប្បន្ននៅសេសសល់តែការដឹកជញ្ចូនកាកសំណល់កម្ទេចកម្ទីថ្ម និងដែកតែបន្តិចបន្តួចទៀតប៉ុណ្ណោះ ។
មន្ត្រីជំនាញទទួលការវាយកម្ទេចអគារខាងលើបានប្រាប់ កោះសន្តិភាព ឱ្យដឹងថា ផ្ទៃអគារខាងលើនេះបានវាយទម្លាក់ចុះមកក្រោមដល់ដីតាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩មកម្លេះ ។ ក្រោយការវាយកម្ទេចហើយនោះកម្លាំងជំនាញនៅបន្តកាយ និងវាយកម្ទេចជើងសសរខាងក្រោមអគាររួមទាំងធ្វើការកាយយកដែកចេញផងដែរ ។
មន្ត្រីដដែលបន្តថា បច្ចុប្បន្ននេះការងាររបស់ពួកគាត់បានបញ្ចប់១០០ភាគរយហើយនៅឡើយតែការដឹកជញ្ចូនគ្រឿងចក្រចាកចេញប៉ុណ្ណោះ ខណៈគ្រឿងចក្រ និងឧបករណ៍សម្ភារមួយចំនួនធំបានបញ្ចូនចេញអស់ស្ទើរតែ១០០ភាគរយផងដែរ ។
យ៉ាងណាមិញ មន្ត្រីដដែលបន្ថែមថា បើគិតដល់ថ្ងៃទី១៧ ខែតុលា នេះគឺមានរយៈពេល២ខែហើយអំពីដំណើរការនៃការវាយកម្ទេចរហូតដល់ការវាយកម្ទេចត្រូវបានបញ្ចប់ និងការដឹកជញ្ចូនសម្ភារចាកចេញពីទីតាំងខាងលើនេះ ។
បើតាមការអះអាងពីក្រុមមន្ត្រីជំនាញបញ្ជាក់ថា ចំពោះកាកសំណល់ថ្ម និងដែកនៃផ្ទៃអគារ ក៏ដូចជាទីតាំងដែលបានឆាបឆេះគឺក្រោយការវាយកម្ទេចហើយនោះ គឺទុកជូនម្ចាស់ទីតាំងវិញជាអ្នកសម្រេចដឹកជញ្ជូនចេញដោយខ្លួនឯង ឬយកទៅប្រើប្រាស់ទៅលើអ្វីផ្សេងៗនោះ វាជាកម្មសិទ្ធិរបស់ពួកគាត់ដែលជាម្ចាស់ទីតាំង ដោយក្រុមជំនាញមានសិទ្ធិត្រឹមធ្វើការវាយកម្ទេចតែប៉ុណ្ណោះ ។
ប៉ុន្តែយ៉ាងណាមិញបើតាមទិដ្ឋភាពជាក់ស្តែងដែលភ្នាក់ងារ កោះសន្តិភាព បានចុះទៅផ្តិតយករូបភាពនៅវេលារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះឃើញថា កាកសំណល់ដែក និងថ្មជាច្រើនត្រូវបានដឹកជញ្ចូនចេញពីទីតាំងខាងលើស្ទើរតែ១០០ភាគរយទៅហើយ ខណៈនៅសល់តែផ្ទៃដីមើលទៅឃើញល្វឹងល្វើយប៉ុណ្ណោះ ។
គួររំលឹកថា ទីតាំងសិប្បកម្មផលិតពូកដ៏ធំខាងលើនេះស្ថិតក្នុងភូមិចំរើនផលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវបានគ្រោះមហន្តរាយអគ្គីភ័យដ៏កំណាចបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង១២និង៤៥ថ្ងៃត្រង់ ទី២៣ ខែសីហា ឆ្នាំ២០១៩ ។
នៅក្នុងការឆាបឆេះនេះគឺបានឆាបឆេះអស់រយៈពេលជាង២០ម៉ោងដោយបានបំផ្លាញសិប្បកម្មខាងលើទាំងស្រុងដែលមានអគារធំៗចំនួន២ខ្នង មួយខ្នងកម្ពស់៤ជាន់ និងមួយខ្នងទៀតកម្ពស់៦ជាន់ រួមទាំងទីតាំងសង្វាក់ផលិតកម្ម ដោយបានបំផ្លាញឧបករណ៍ និងម៉ាស៊ីនផលិតជាច្រើនគ្រឿង រួមទាំងផលិតផលដែលវានសម្រេចរួចអស់ជាច្រើនផងដែរ ដែលសរុបជាទឹកប្រាក់ គឺអស់ជិត៤លានដុល្លារអាមេរិច ។
ក្នុងករណីទាំងមូលនេះ កម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តអស់សរុបអស់៤៥គ្រឿង ឡើងចុះ៣០៨លើក ពោលគឺប្រើអស់៣០៨គ្រឿងមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើន ហើយចំពោះមូលហេតុសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ