រាជធានីភ្នំពេញ ៖ ដើម្បីកុំឲ្យមានការយល់ច្រឡំ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការបំភ្លឺចំពោះចេញសេចក្តីថ្លែងការណ៍របស់ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ» ។
ប្រភពបានលើកឡើងថា ដោយយល់ឃើញថា សេចក្តីថ្លែងការណ៍នេះ អាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសូមផ្តល់នូវការបំភ្លឺថា របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ ។
កម្ពុជាបានផ្តល់ការបំភ្លឺជាផ្លូវការរួចហើយ តាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ ។ បញ្ហានេះ ត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការ រាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ ។
ក្រសួងការបទេសបានលើកឡើងថា ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះ ស្ថិតនៅក្នុងទឹកដី កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូច្នេះ ការទាមទារណាមួយដែលផ្អែកលើផែនទី L៧០១៧ ដែលគូសជាឯកតោភាគីរបស់ប្រទេសថៃ-គឺមិនអាចអនុវត្តបានតាមផ្លូវច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់ វែងរួមគ្នាដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ។
អ្នកនាំពាក្យក្រសួងការបទេសបានលើកឡើងទៀតថា អនុលោមតាមចំណុចទី៣នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែង ចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ការណ៍នេះ គឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយ ស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេស នៅក្នុងតំបន់អាទិភាព ឬតំបន់រសើប ។
ប្រភពបានអះអាងកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ថ្លែងការណ៍បានបញ្ជាក់ថា៖«កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហ ប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែង» ៕
ចែករំលែកព័តមាននេះ